ច្បាប់​បរិហារ​ព្រះកិត្តិនាម​ព្រះមហាក្សត្រ​​ថៃ​ស្ថិត​ក្រោម​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ពីអន្តរជាតិ

  • Ron Corben

លោក Glyn Davies ​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ថៃ​ថ្លែង​ក្នុង​សន្និសីទ​មួយ​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

ច្បាប់​ដ៏​ចម្រូងចម្រាស់​របស់​ថៃ ដែល​មាន​ការ​ដាក់​ពិន័យ​យ៉ាងខ្លាំង​ចំពោះ​ការ​បរិហារ​ព្រះកិត្តិនាម​ក្រុម​ព្រះ​រាជវង្សានុវង្ស​នៃ​ប្រទេស​នេះ​ត្រូវ​បាន​គេ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ឡើង​នៅ​សប្តាហ៍​នេះ ក្នុង​នោះ​ក៏​មាន​ទាំង​ក្រុម​អ្នក​រិះគន់​ច្បាប់​នេះ​ផងដែរ។ ក្រុម​ការពារ​សិទ្ធិ​មនុស្ស​កំពុង​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ដល់​ប្រទេស​នេះ ឲ្យ​ធ្វើ​ការ​កែទម្រង់​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ ឬ Les Majeste Law ហើយ​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​កំពុង​ស្ថិត​នៅ​ក្រោម​ការស៊ើបអង្កេត​ចំពោះ​ការ​អធិប្បាយ​រិះគន់​កាលពី​ពេលថ្មីៗ​នេះ ទៅ​លើ​ការ​ដាក់​ពន្ធនាគារ​ក្នុង​រយៈពេល​ដ៏​យូរ​ដល់​ជនល្មើស​នៅ​ក្រោម​នៅ​ច្បាប់​នេះ។

សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​គួរ​តែ​បញ្ឈប់​ការ​អនុវត្ត​ច្បាប់​បរិហារ​ព្រះកិត្តិនាម​ព្រះមហាក្សត្រ ដែល​ដាក់ទោស​លើ​ការ​អនុវត្ត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដោយ​សារ​តែ​ច្បាប់​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ជាប់​ពន្ធនាគារ​ ឬ​ប្រឈម​នឹង​ការ​កាត់ទោស​ដោយ​តុលាការ​យោធា​ដោយ​គ្មាន​ការ​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី «ការ​រឹតបន្តឹង​ដ៏​ខ្លាំង​ហួសហេតុ​របស់​ប្រទេស​ថៃ​ទៅ​លើ​ការ​អនុវត្ត​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ»។

ច្បាប់​បរិហារ​ព្រះកិត្តិនាម​ព្រះមហាក្សត្រ ឬ​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ Les Majeste Law ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹងរឹង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ក្រោម​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​តាម​បែប​លិទ្ធិ​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ​ត្រូវ​បាន​អនុវត្ត​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត តាំងពី​យោធា​បាន​ចូល​កាន់​អំណាច​នៅ​ខែឧសភា​ឆ្នាំ​មុន។

នៅ​ក្រោម​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​ថៃ ច្បាប់​នេះ​មាន​រួម​បញ្ចូល​ទាំង​ការ​ដាក់​ទោស​ទៅ​លើ​អ្នក​ទាំង​ឡាយ​ណា​ដែល «បរិហារ ជេរប្រមាថ ឬ​គំរាម» ដល់​ព្រះ​មហាក្សត្រ និង​ព្រះ​មហាក្សត្រីយានី និង​ព្រះ​រាជវង្សានុវង្ស​ជិតដិត​របស់​ព្រះមហាក្សត្រ ដោយ​ជាប់​ពន្ធនាគារ​រយៈពេល​រហូត​ដល់​១៥ឆ្នាំ ឬ​យូរ​ជាង​នេះ។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International បាន​ធ្វើ​ឡើង គ្រា​ដែល​ប៉ូលិស​ថៃ​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​មួយ​ទៅ​លើ​ការ​ថ្លែង​សុន្ទរកថា​របស់​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ថៃ លោក Glyn Davies ដែល​បាន​ធ្វើ​ឡើង​កាលពី​ចុង​ខែវិច្ឆិកា​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​លោក​បាន​រិះគន់​ទៅ​លើ​ការ​គ្រប់គ្រង​ផ្នែក​នយោបាយ​ និង​យោធា ដែល​កាន់តែ​មាន​ការ​រឹត​បន្តឹង​ខ្លាំង​ឡើង​នៅ​ប្រទេស​ថៃ។

លោក Davies ក៏​បាន​លើកឡើង​អំពី​ការ​ព្រួយបារម្ភ​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា «ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក» ដែល​បាន​ធ្វើ​ឡើង​ដោយ​តុលាការ​យោធា​ចំពោះ​ប្រជាពលរដ្ឋ។ វា​បាន​បំពាន​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ ឬ​ Les Majeste Law។

ក៏ប៉ុន្តែ លោក Kiat Sittheeamorn ដែល​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ថៃ (Thailand's Democrat Party) ដែល​បាន​ជួប​លោក​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ថៃ​នោះ​ថ្លែង​ថា បស្ចឹម​ប្រទេស​ត្រូវ​មាន​ភាព​ប្រយ័ត្នប្រយែង​ជាង​មុន​ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ។

«ច្បាប់​ដែល​ការពារ​មេដឹកនាំ​ប្រទេស គឺ​ជា​ច្បាប់​មួយ​ដែល​ត្រូវ​អនុវត្ត​ជា​ធម្មតា។ ច្បាប់​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ ទោះបីជា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក៏​មាន​ច្បាប់​ដូច​នោះ​ដែរ (ច្បាប់​ការពារ​ប្រធានាធិបតី)។ ដូច្នេះ ការ​យល់​អំពី​របៀប​ដែល​ច្បាប់​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្នែក​មួយ ដែល​ខ្ញុំ​ជឿ​ថា​មាន​ការ​យល់​ច្រឡំ​ច្រើន»។

ឯក​អគ្គ​រាជ​ទូត​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​ថៃ លោក Mark Kent ក៏​បាន​ចូលរួម​ក្នុង​ការ​ជជែក​វែកញែក​បញ្ហា​នេះ​ដែរ ក្រោយពី​រដ្ឋាភិបាល​យោធា ដែល​ជា​ទូទៅ​បាន​ហាមប្រាម​មិន​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​នយោបាយ​នៅ​ក្នុង​ប្រទេស​នោះ បាន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ព្រះមហាក្សត្រ​ធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​ស្ថានទូត​អាមេរិក ក្រោយពី​ការ​ថ្លែង​របស់​លោក Glyn Davies។

នៅ​សប្តាហ៍​នេះ របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ទប់ស្កាត់​វិបត្តិ​អន្តរជាតិ​ដែល​ហៅ​កាត់​ថា (ICG) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ព្រុចសែល (Brussels) បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​យោធា​ថៃ​បរាជ័យ​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ​និង​ការ​ប្រទាញប្រទង់​គ្នា​នៅ​ក្នុង​សង្គម ក្នុង​ខណៈពេល​ដែល​មាន​ការ​ពិភាក្សា​អំពី «ថា​តើ​នរណា​នឹង​ឡើង​គ្រងរាជ​បន្ត​ពី​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន»​ នេះ។

ក៏ប៉ុន្តែ ការ​វាយតម្លៃ​នៅ​ក្នុង​របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា ក្រោយពី​រយៈពេល​មួយ​ទសវត្សរ៍​នៃ​វិបត្តិ​នយោបាយ ប្រជា​ពលរដ្ឋ​ថៃ​ភាគ​ច្រើន​ «ហាក់ដូច​ជា​សុខចិត្ត​ទទួល​យក​របៀប​គ្រប់គ្រង​របស់​យោធា» ក្នុង​អំឡុងពេល​នៃ​ការ​គ្រងរាជ​រយៈពេល​ជិត​៦៩ឆ្នាំ​នៃ​ព្រះមហាក្សត្រ Bhumipol Adulyadej។

អ្នក​វិភាគ​នយោបាយ​ដទៃ​ទៀត​បាន​ថ្លែង​ថា ពួកគេ​រំពឹង​ថា ភាព​វឹកវរ​ផ្នែក​នយោបាយ​នៅ​ក្នុង​ឆ្នាំ២០១៦ នឹង​មាន​ត​ទៅ​ទៀត រួម​ទាំង​ការ​កើន​ឡើង​នៃ​ការ​បែកបាក់​នៅក្នុង​ជួរ​យោធា​ផងដែរ។

រដ្ឋាភិបាល​យោធា​ថៃ​ដែល​កំពុង​ក្តាប់​អំណាច​យ៉ាងតឹង​ក្នុង​ដៃ​ថ្លែង​ថា នៅ​ពេល​ណា​ដែល​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​កែទម្រង់​នោះ ការ​បោះឆ្នោត​ទូទៅ​ថ្មី​មួយ​នឹង​អាច​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ឆ្នាំ២០១៧៕

ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់