ប្រទេស​ថៃ​និង​ចិន​ឈាន​ដល់​ការ​សហការ​ប្រតិបត្តិការ​យោធា

លោក Prawit Wongsuwan ​ឧបនាយក​រដ្ឋ​មន្រ្តី និង​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​របស់​ថៃ (រូប​ឆ្វេង) និង​លោក Chang Wanquan រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​របស់​ចិន​ពិនិត្យ​មើល​ទាហាន​កិត្តិយស​នៅ​ក្រសួង​ការពារ​ជាតិ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥។

កិច្ចព្រមព្រៀង​យោធា​កាល​ពី​ពេល​ថ្មីៗ​នេះ​រវាង​ប្រទេស​ថៃ​ និង​ចិន ​កំពុង​បណ្តាល​ឲ្យ​មាន​ការ​ប៉ាន់ស្មាន​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ស៊ី​ជម្រៅ​របស់​ប្រទេស​ទាំង២។

លោក Chang Wanquan រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ និងប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន​ហើយ​នឹង​លោក Prawit Wongsuwan ​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ថៃ ​បាន​ធ្វើ​ការ​ចរចា​នៅ​សប្តាហ៍​នេះ​នៅ​ខាង​ក្រៅ​ជំនួប​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​របស់​អាស៊ាន​នៅ​ក្នុង​ប្រទេស​ឡាវ។

ពួក​អ្នក​វិភាគ​ និយាយ​ថា ​ជំនួប​នេះ បញ្ជាក់​ថា ​កិច្ចព្រមព្រៀង​នៅពេល​ថ្មីៗ​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​ក៏ប៉ុន្តែ ​ពួកគេ ​បាន​ព្រមាន​ថា ​ថៃ ទំនង​មិន​ពឹងផ្អែក​ទាំង​ស្រុង​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចំពោះ​តម្រូវការ​ខាង​យោធា​របស់​ខ្លួន​ទេ។

កិច្ចព្រមព្រៀង ​ដែល​បាន​ចចារ​រវាង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចិន បាន​គ្រប​ដណ្តប់​ការ​ពង្រឹង​ការ​ទាក់ទង​ខាង​យោ​ធា ​ការ​សិក្សា​អប់រំ ​បច្ចេកវិទ្យា​ និង​ការ​អភិវឌ្ឍ​ហើយ​និងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​ខំ​ប្រឹងប្រែង​រួម​របស់​ក្រុម​ការងារ​ជំនាញប្រឆាំង​ភេរវកម្ម។

លោក Panita Wattanayagorn អ្នក​វិទ្យាសាស្រ្ត​នយោបាយ​និង​ជា​ទីប្រឹក្សា​របស់​ឧត្តម​សេនីយ៍ Prawit ​បាន​និយាយ​ថា ​ការ​ចរចា​បាន​សង្កត់​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ធំ​ទូលាយ​របស់​ថៃ​ជាមួយ​មហាអំណាច​សំខាន់ៗ។

លោកPanitan បាន​និយាយ​ថា «ជំនួប​នេះ​បាន​បញ្ជាក់​ឡើង​វិញ​ហើយ​និង​កំណត់​សកម្មភាព​ដ៏​ជាក់លាក់​ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​ទាំង​នោះ​នៅពេល៣​ទៅ​៤​ខែ​ថ្មីៗ​នេះ។ ជំនួប​នោះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កិច្ច​សហប្រតិបត្តិការ​របស់​ថៃ​ជាមួយ​មហា​អំណាច​សំខានៗ បាន​កែ​ប្រែឲ្យ​ទាន់​សភាពការណ៍​ហើយ​និង​បាន​ធ្វើ​ទៅ​កាន់​សករាជ​ថ្មី​មួយ‍»។

លោក Panitan បាន​និយាយ​បន្ត​ទៀត​ថា «នេះ​ជា​ការ​សំខាន់​នៅ​ពេល​ថៃ​បង្កើន​ការ​ពេញ​ចិត្ត​និង​សកម្មភាព​កាន់​តែ​ច្រើន​ឡើង​ជាមួយ​ប្រទេស​សំខាន់ៗ ​រួម​ទាំង​សហរដ្ឋ​អាមេរិក ​ជប៉ុន ​ឥណ្ឌា រុស្ស៊ី​ហើយ​ជា​ការ​ពិត​ជាមួយ​ប្រទេស​ចិន‍»។

ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១៤​មក ​យោធា​ថៃ ​បាន​ងាក​ទៅ​ប្រទេស​ចិន​ជា​ប្រភព​មួយ​ទៀត​ដើម្បី​បំពេញ​តម្រូវការ​ខាង​យោ​ធា​និង​សន្តិសុខ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ដែល​ជាសម្ព័ន្ធ​មិត្ត​ប្រពៃណី​របស់​ខ្លួន ​បាន​កាត់​បន្ថយ​កិច្ច​សហប្រតិបត្តិការ​ខាង​យោ​ធា​បន្ទាប់​ពី​រដ្ឋ​ប្រហារ​កាល​ពី​ខែ​ឧសភា។​ លោក Prawitដែល​ជា​ឧបនាយក​រដ្ឋ​មន្រ្តី​ដែរ​នោះ ​បាន​ធ្វើ​ការ​ច្រើន​លើក​ជាមួយ​ជា​ឥស្សរជន​យោធា​ជាន់​ខ្ពស់​របស់​ចិន​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​នេះ។

​ទោះ​ជាយ៉ាង​ណាក៏​ដោយ ​ពួក​អ្នក​វិភាគ​និយាយ​ថា ​ថៃ ​ក៏​បាន​ឈោង​ដល់ប្រ​ទេស​រុស្ស៊ី​និង​អឺរ៉ុប​ដើម្បី​ពង្រឹង​ចំណង​ទាក់​ទង​ខាង​សន្តិសុខ។​ នាយក​រដ្ឋ​មន្រ្តី Prayut Chan-o-Cha ​បាន​ធ្វើ​ការចរចា​កម្រិត​ខ្ពស់​ទាំង​ជាមួយ​ចិន​និង​រុស្ស៊ី​ដើម្បី​ពង្រឹង​ចំណង​ទាក់​ទង​ខាង​សន្តិសុខ​ហើយ​និង​ការ​ទិញ​អាវុធ។

​កងនាវា​ថៃ​ កំពុង​រក​ទិញ​នាវាមុជទឹក​ប្រភេទ S26 T Yuan ​របស់​ចិន ​ខណៈ​ដែល​កង​ទ័ព​ថៃ​បាន​ទិញ​រថក្រោះ​ធុន VT4 ​ចំនួន​២៨​គ្រឿង​ពី​ប្រទេស​ចិន ​ដោយ​មាន​ជម្រើស​ទិញ​រថយន្ត​ចំនួន​១៥៣​គ្រឿង​ថែម​ទៀត។

ក្នុង​ខណៈ​នោះ​ដែរ ​យោ​ធា​ថៃ ​កំពុង​រក​ទិញ​ឧទ្ធម្ភាគ​ចក្រ​ប្រភេទ MI-17 ​ចំនួន​១២​គ្រឿង​ធ្វើ​នៅ​ប្រទេស​រុស្ស៊ី​ដើម្បី​ជំនួស​ឧទ្ធម្ភាគចក្រ​ធុន Black Hawks ធ្វើ​នៅ​សហរដ្ឋ​អាមេរិកដែល​យោ​ធា​ថៃ​ និយាយ​ថា ​ថ្លៃ​ណាស់៕