ខេត្ត​ភាគ​ច្រើន​នៅ​ថៃ​ហាម​លក់​គ្រឿង​ស្រវឹង​មុន​ពេល​ចូល​ឆ្នាំ​មក​ដល់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19

  • ​Reuters

រូបឯកសារ៖ ស្ត្រី​ម្នាក់​ពាក់​ម៉ាស​​ទិញ​គ្រឿង​ស្រវឹង​ក្នុង​​ហាង​មួយ បន្ទាប់​ពី​ទីក្រុង​បាងកក​និង​ខេត្ត​ដទៃ​ទៀត​ បានប្រកាស​ហាមឃាត់​មិនឲ្យ​លក់​គ្រឿង​ស្រវឹង​​ចាប់​ពី​ថ្ងៃ​ទី​១០ ខែមេសា ត​ទៅ ក្នុង​អំឡុងពេល​ដែល​មាន​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ១៩។

ខេត្ត​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ហាម​ឃាត់​ការ​លក់ដូរ​គ្រឿង​ស្រវឹង ដោយ​ធ្វើ​តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល ដែល​ស្នើ​កុំ​ឲ្យ​មាន​ការ​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ COVID-19។

ប្រទេស​ថៃ​ស្ថិត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន ដែល​បាន​លុបចោល ឬ​ក៏​កាត់​បន្ថយ​ការ​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​ដ៏​អធិកអធម ក្នុង​អំឡុងពេល​មាន​ការ​ឆ្លង​រាលត្បាត​នៃ​ជំងឺ COVID-19 នេះ។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ប្រទេស​ថៃ​ជា​ទូទៅ​ធ្វើ​នៅ​ចន្លោះ​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៥ ខែ​មេសា ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ រដ្ឋាភិបាល​បាន​ផ្អាក​ថ្ងៃ​ឈប់​សម្រាក​នេះ។

បម្រាម​លក់​គ្រឿង​ស្រវឹង​រយៈពេល ១០ ថ្ងៃ​នៅ​ក្នុង​ទីក្រុង​បាងកក បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​សុក្រ។ ខេត្ត​ប្រហែល ៤៧ ក្នុង​ចំណោម​ខេត្ត​ទាំង ៧៧ របស់​ប្រទេស​ថៃ បាន​អនុវត្ត​បម្រាម​នេះ​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​មេសា ឬ​រហូត​ដល់​ចុង​ខែ​មេសា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​ថៃ​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន។

ទីក្រុង​បាងកក ដែល​ជា​ធម្មតា​បិទ​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ ដើម្បី​លេង​បាច​ទឹក​ដាក់​គ្នា​តាម​បែប​ប្រពៃណី បាន​ផ្អាក​សកម្មភាព​នេះ និង​បាន​ជំរុញ​ឲ្យ​កន្លែង​អាជីវកម្ម និង​ផ្សារ​ទំនើប​នានា​ធ្វើ​ដូច​គ្នា​នេះ​ដែរ។

រដ្ឋាភិបាល​ថៃ​ក៏​បាន​ជំរុញ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​ដូច​កន្លង​មក​នៅ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​ចំនួន ២.៥៥១ នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​សរុប​ចំនួន ៣៨ នាក់៕ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopikins នៅ​សហរដ្ឋ​អាមេរិក៕