ពលករចំណាកស្រុករាប់ពាន់នាក់នៅប្រទេសថៃ ដែលលិខិតអនុញ្ញាតឱ្យធ្វើការរបស់ពួកគេត្រូវផុតកំណត់នោះ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសនេះ រយៈពេលពីរឆ្នាំទៀត ប៉ុន្តែក្រុមអ្នកធ្វើយុទ្ធនាការបាននិយាយថា ការចំណាយលើការពន្យារពេលនេះ អាចជំរុញឱ្យមានបំណុលនិងការកេងប្រវ័ញ្ចកម្មករ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ Reuters។
ក្រសួងការងារថៃនៅសប្តាហ៍នេះ បាននិយាយថា ជនចំណាកស្រុកសរុបប្រមាណ ១៣០.០០០ នាក់ មកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ដែលបានចូលប្រទេសនេះ ក្រោមកិច្ចព្រមព្រៀងការងារទ្វេភាគី ហើយដែលលិខិតអនុញ្ញាតរបស់ពួកគេត្រូវផុតកំណត់ចាប់ពីខែនេះរហូតដល់ខែធ្នូ ឆ្នាំ ២០២១នោះ នឹងមានសិទ្ធិពន្យារ។
រដ្ឋមន្រ្តីក្រសួងការងារថៃ លោក Suchat Chomklin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ធ្វើដូច្នេះគឺដើម្បីកាត់បន្ថយការរាលដាលនៃវីរុសកូរ៉ូណា និងដោះស្រាយកង្វះខាតពលកម្ម និងការពារសិទ្ធិពលករចំណាកស្រុក ដែលមកប្រទេសថៃដោយស្របច្បាប់»។
ប្រទេសថៃមានពលករចំណាកស្រុក ដែលបានចុះឈ្មោះប្រហែល ២,៨ លាននាក់ ដែលភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ។ ប៉ុន្តែអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មានពលករចំនួន ២ លានបន្ថែមទៀត ធ្វើការដោយគ្មានការចុះបញ្ជីផ្លូវការនៅទូទាំងប្រទេសថៃ ក្នុងវិស័យជាច្រើនដូចជានេសាទ សំណង់និងកសិកម្ម។
កាលពីខែមីនា យ៉ាងហោចណាស់មានពលករចំណាកស្រុកចំនួន ៩០.០០០ នាក់ បានសម្រុកចេញពីប្រទេសថៃ នៅពេលព្រំដែនគោកត្រូវបានបិទនៅពេលនោះ ដើម្បីទប់ស្កាត់រាតត្បាតនៃជំងឺកូវីដ១៩។រហូតមកដល់ពេលនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ៦០ នាក់ក្នុងចំណោមអ្នកឆ្លងយ៉ាងហោចណាស់ ៣.៨៥០ នាក់។
ជនចំណាកស្រុកដែលចង់ពន្យារការអនុញ្ញាតឱ្យធ្វើការបន្តនេះ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងបង់ថ្លៃសេវាចំនួន ១.៩០០ បាត គឺប្រមាណ ៦៣ ដុល្លារដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកធ្វើយុទ្ធនាការ ដែលថា ការចំណាយនេះអាចត្រូវបានបំប៉ោង ដោយនិយោជកនិងមេខ្យល់ការងារ និងជំរុញឱ្យកម្មករជំពាក់បំណុលកាន់តែច្រើន៕