លទ្ធផលជាផ្លូវការនៃការបោះឆ្នោតលើកទីមួយក្នុងប្រទេសថៃចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ ធ្វើឲ្យគណបក្សមួយលម្អៀងទៅខាងក្រុមយោធាឱ្យជិតអាចបង្កើតរដ្ឋាភិបាលលើកក្រោយ ហើយនឹងធ្វើឱ្យលោក Prayuth Chan-ocha មេដឹកនាំរដ្ឋប្រហារវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ។
«រណសិរ្សប្រជាធិបតេយ្យ» មួយនៃគណបក្សជាសម្ព័ន្ធមិត្ ត៧ ដែលសង្ឃឹមថានឹងរារាំងការវិលត្រឡប់មកកាន់អំណាចវិញដោយលោក Prayuth មិនបានទទួលអាសនៈភាគច្រើនក្នុងចំណោមកៅអី ៥០០ នៅក្នុងសភាតំណាងរាស្ត្រដែលពួកសមាជិកបានជាប់ឆ្នោតតាមរយៈការបោះឆ្នោតដោយផ្ទាល់ ហើយពួកគេបានសន្យាថានឹងប្តឹងអំពីការរាប់សន្លឹកឆ្នោតនៅក្នុងតុលាការ។
លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា ដែលបានត្រូវចេញផ្សាយក្នុងរយៈពេលពីរថ្ងៃក្នុងសប្តាហ៍នេះ បានផ្តល់ឱ្យគណបក្ស Palang Pracharath លម្អៀងទៅខាងយោធានូវអាសនៈ ១១៥ នៅក្នុងសភាជាន់ទាប។ ជាមួយព្រឹទ្ធសភាមានអាសនៈ ២៥០ ដែលបានត្រូវតែងតាំងដោយក្រុមប្រឹក្សាយោធាទំនងជាបោះឆ្នោតលម្អៀងទៅខាងយោធា នៅពេលនេះគណបក្ស Palang Pracharath មានជិតពាក់កណ្តាលនៃអាសនៈរួមគ្នានៅក្នុងសភាជាន់ខ្ពស់ និងសភាជាន់ទាបដែលគណបក្សនេះត្រូវការដើម្បីធ្វើលោក Prayuth ឱ្យក្លាយទៅជាបេក្ខជនរបស់ខ្លួនសម្រាប់តំណែងនាយករដ្ឋមន្ត្រី។
លទ្ធផលនៃការបោះឆ្នោតនេះបានផ្តល់ឱ្យរណសិរ្សប្រជាធិបតេយ្យនូវអាសនៈរួមគ្នាចំនួន ២៤៥ នៅក្នុងសភាជាន់ទាប ដែលជាចំនួនមិនគ្រប់គ្រាន់សម្រាប់ចាប់កំហុសរដ្ឋាភិបាលណាមួយដែលគណបក្សលម្អៀងទៅខាងយោធានឹងបង្កើតហើយក៏ជាចំនួនតិចជាងចំនួន ៣៧៦ ដែលគេត្រូវការឱ្យមានដើម្បីដាក់ស្នើឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជានាយករដ្ឋមន្ត្រីផងដែរ៕