សាកលវិទ្យាល័យ​នានា​នៅ​​ថៃ​មាន​អារម្មណ៍​រង​សម្ពាធ​​ក្រោម​ច្បាប់​វិន័យ​រដ្ឋាភិបាល​យោធា​

  • Ron Corben

លោក Prayuth Chan–ocha នាយក​រដ្ឋ​មន្រ្តី​ថ្មី​របស់​ថៃ​ទៅ​ចូល​រួម​ខួប​ទី២១​នៃ​ការ​បង្កើត​កងពល​ធំ​នៃ​ទ័ព​ថ្មើរ​ជើង​ ដែល​ជា​ទ័ព​ការពារ​ព្រះ​មហាក្សត្រីយានី​ នៅ​ក្នុង​ខេត្ត Chonburi ប្រទេស​ថៃ កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤។

រដ្ឋាភិបាល​យោធា​ថៃ​បាន​ធ្វើ​ការ​បង្រ្កាប​ទៅ​លើ​ការ​ជំទាស់​ខ្លួន​នៅ​តាម​សាធារណៈ​​ ចាប់​តាំង​ពី​ពេល​ចូល​កាន់​អំណាច​កាលពី​ឆ្នាំ​ទៅ ហើយ​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​​ប្រទេស​​និយាយ​ថា ការណ៍​នេះ​បាន​​ជះ​​ឥទ្ធិពល​មក​លើ​ពួកគេ។

រដ្ឋាភិបាល​យោធា​ថៃ​បាន​ធ្វើ​ការ​បង្រ្កាប​ទៅ​លើ​ការ​ជំទាស់​ខ្លួន​នៅ​តាម​សាធារណៈ ចាប់​តាំង​ពី​ពេល​ចូល​កាន់​អំណាច​កាលពី​ឆ្នាំ​ទៅ ហើយ​សាកលវិទ្យាល័យ​នានា​នៅ​ក្នុងប្រទេសនិយាយ​ថា ការណ៍​នេះ​បានជះឥទ្ធិពល​មក​លើ​ពួកគេ។ បញ្ញវ័ន្ត​ជាច្រើន ជា​ពិសេស​អ្នក​ដែល​បង្រៀន​មុខវិជ្ជា ​សិល្បៈ​សេរី​ ដូចជា​នយោបាយ​ និយាយ​ថា ពួកគេ​ជា​ក្រុម​គោលដៅ​ក្នុង​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​យោធា​លើ​ការ​ជជែក​ដេញ​ដោល​អំពី​បញ្ហា​នយោបាយ និង​បញ្ហា​សិទ្ធិ​មនុស្ស។ បញ្ញវ័ន្ត​ទាំង​នោះ​និយាយ​ថា វា​ជា​ «បរិយាកាស​នៃ​ការ​ភ័យ​ខ្លាច» នៅ​សាកលវិទ្យាល័យ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​និយាយ​ថា ចាប់​តាំង​ពី​កងទ័ព​របស់​ថៃ​បាន​កាន់​អំណាច​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ២០១៤​មក​ មនុស្ស​ជាង​៧៥០នាក់​ត្រូវ​បាន​គេ​កោះ​ហៅ​ឲ្យ​ធ្វើ​ការ​រាយការណ៍​ទៅយោធា​សម្រាប់ «កិច្ចពិភាក្សា​សម្របសម្រួល»​។

អ្នក​នយោបាយ​ជាន់​ខ្ពស់ សកម្មជន​ និង​អ្នក​កាសែត​បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​រិះ​គន់ ឬ​ការ​ប្រឆាំង​នឹង​ច្បាប់​វិន័យ​យោធា។

សាស្រ្តាចារ្យ​ជាច្រើន​នៅ​សាកលវិទ្យាល័យ​ល្បីៗ​របស់​ប្រទេស​នេះ​មិន​ដែល​គេច​ផុត​ពី​ការ​កោះ​ហៅ​នោះ​ទេ។ បណ្តាញ​សកម្មជន​ក្នុង​ស្រុក​ដែល​មាន​ឈ្មោះ​ថា កិច្ចសន្ទនា​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ស្តី​ពី​កំណែ​ទម្រង់​ច្បាប់​ (Internet Dialogue on Law Reform) និយាយ​ថា​ ក្នុង​ចំណោម​មនុស្ស​៧៥០នាក់​ត្រូវ​បាន​ឃុំ​ខ្លួន មាន​យ៉ាង​ហោច​ណាស់​៦៥​នាក់​ជា​គ្រូ​បង្រៀន និង​ជា​សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​ ដែល​ត្រូវ​បាន​គេ​កោះ​ហៅ​ ឲ្យ​ចូល​រួម​ក្នុង​អ្វី​ដែល​ត្រូវ​បាន​ថា «សមាជ​កែ​សម្រួល​ឥរិយាបថ»។

លោក Titipol Phakdeewanich ជា​សាស្រា្តចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យាល័យ Ubon Ratchathaniនៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​ ដែលសាកលវិទ្យាល័យ​នេះជា​មូលដ្ឋានធំ​មួយ​របស់​អ្នក​គាំទ្រ​អតីត​នាយក​រដ្ឋ​មន្រ្តី Yingluck Shinawatra ដែល​រដ្ឋាភិបាលលោកស្រី​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ២០១៤។

លោក Titipol និយាយ​ថា កងទ័ព​មាន​វត្តមាន​ជា​ប្រចាំ​នៅ​ក្នុង​ថ្នាក់​រៀន និង​សិក្ខាសាលា​នានា រួម​ទាំង​ព្រឹត្តិការណ៍​ដែល​ពាក់ព័ន្ធ​នឹង​អង្គការ​អន្តរជាតិ​ផង​ដែរ។

លោក​និយាយ​ថា៖ «វា​ជា​បរិយាកាស​មួយ​នៃ​ការ​ភ័យ​ខ្លាច និង​ការ​គំរាម​កំហែង​ ពីព្រោះ​ចាប់​តាំង​ពី​ពេល​ដំបូង​ដែល​ខ្ញុំ​ដឹងថា ខ្ញុំ​ត្រូវ​បាន​គេ​តាម​ដាន ​ខ្ញុំ​តែងតែ​គិត​ជានិច្ច។ សូម្បី​នៅ​ពេល​ដែល​ខ្ញុំ​បើកបរ​នៅ​ពេល​យប់ ​ខ្ញុំ​ក៏គិត​ថា​តើ​ខ្ញុំ​នឹង​ត្រូវ​ក្រុម​យោធា​បញ្ឈប់​ដែរ​ឬ​ទេ។ នេះ​ជា​ក្តី​បារម្ភ​មួយ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិតជា​ព្រួយ​បារម្ភ​អំពី​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្រៀន»។

នៅ​ក្នុង​ខែ​តុលា លោក Prayuth Chan-ocha នាយក​រដ្ឋ​មន្រ្តី​ថៃ​បាន​រិះ​គន់​សាស្រ្តចារ្យ​នៅ​សាកលវិទ្យាល័យ​ជាច្រើន​ ដោយ​បាន​ចោទ​ប្រកាន់​សាស្រ្តាចារ្យ​ទាំង​នោះពី​ការ​ញុះញង់​ឲ្យ​មាន​គំនិត និង​សកម្មភាព​បះបោរ​ដល់​និស្សិត។​

បន្ទាប់​ពី​ការ​អត្ថាធិប្បាយ​របស់​លោក Prayuth ក្រុម​បញ្ញវ័ន្ត​នៅ ក្រុង​ឈៀងម៉ៃ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​និយាយ​ថា «សាកលវិទ្យាល័យ​មិន​មែន​ជា​ជំរុំ​ទាហាន​នោះ​ទេ» ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ជជែក​ដេញ​ដោល​នៅ​ស្ថាប័ន​អប់រំ​ផ្សេងៗ​។​

មិន​យូរ​ប៉ុន្មានបន្ទាប់​មក ប៉ូលិស​ឈៀងម៉ៃ​បាន​ចេញ​ដីកា​កោះ​ហៅ​បញ្ញវ័ន្ត​ពីរ​រូប ហើយ​ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​អំពី​សេរីភាព​ក្នុង​ការ​សិក្សា​នៅប្រទេស​ថៃ។

Pongkwan Sawasdipakee ជា​សាស្រ្តចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ Thammasat និយាយ​ថា ការ​រឹត​ត្បិត​លើ​ការ​ជជែក​ដេញ​ដោល​ជា​សាធារណៈ​បច្ចុប្បន្ន​ បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្តោត​កាន់​តែ​ខ្លាំង​ទៅ​លើ​ក្រុម​បញ្ញវ័ន្ត​ក្នុង​ការ​ពិភាក្សា​អំពី​នយោបាយ​របស់​ប្រទេស​មួយ​នេះ។

«នៅ​ពេល​យើង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​យោធា យើង​មិន​អាច​បញ្ចេញ​យោបល់​របស់​យើង​បាន​ច្បាស់​លាស់នោះ​ទេ។ យើង​មាន​ទំនោរ​ចង់​ឲ្យ​បញ្ញវ័ន្ត​ទទួល​បាន​ការ​បើក​ចំហរ​ជាង​នេះ​ដើម្បី​បញ្ចេញ​នូវ​អ្វី​ដែល​ពួកគាត់​ចង់​និយាយ​ ហើយ​យើង​នឹងហៅ​វា​ថា​ សេរីភាព​ក្នុង​ការ​សិក្សា ដោយសារ​យើង​ជឿ​ថា បញ្ញវ័ន្ត​គួរ​តែ​ទទួល​បាន​ការ​បើក​ចំហរច្រើន​ជាង​ពលរដ្ឋ​ធម្មតា​ក្នុង​ការ​បញ្ចេញ​មតិ។ ប៉ុន្តែ​ប្រសិន​បើ​យើង​ចង់​ពិភាក្សា​ពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ យើង​មិន​គួរ​និយាយ​តែ​ពី​សេរីភាព​ក្នុង​ការ​សិក្សា​ ដោយ​មិន​គិត​ពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​ទេ»។​

អង្គការ Freedom House ជា​អង្គការ​ឃ្លាំមើល​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​សេរីភាព​នៅ​ក្នុង​ពិភពលោក​។ អង្គការ​នេះ​បាន​បន្ទាប​ចំណាត់ថ្នាក់​សេរីភាព​របស់​ប្រទេស​ថៃរហូត​ដល់​កម្រិត «មិន​មាន​សេរីភាព» រួម​ទាំង​សារព័ត៌មាន និង​បណ្តាញ​សង្គម​របស់​ខ្លួន​ផង​ដែរ។ ​

នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​បង្អស់​របស់​ខ្លួន អង្គការ Freedom House បាន​និយាយ​ថា ក្រុម​ប្រឹក្សា​ជាតិ​សម្រាប់​សន្តិភាព និង​សណ្តាប់ធ្នាប់របស់​រដ្ឋាភិបាល​យោធា​ថៃ​បាន​កោះ​ហៅ​មនុស្ស​ជាង​៤០០នាក់​មក «សួរ​ចម្លើយ»​ ពាក់ព័ន្ធសកម្មភាព​នៅ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​របស់​ជន​ទាំង​នោះ។

លោក Ekachai Chaninuvati ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​ច្បាប់​នៅ​សាកលវិទ្យាល័យ Siam​ និយាយ​ថា បញ្ហា​នយោបាយ​របស់​ប្រទេស​ថៃ​មិន​អាច​ដោះស្រាយ​ដោយ​មធ្យោបាយ​យោធា​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​ដោយ​តាមរយៈ​ការ​បញ្ចប់ភាព​មិន​ជឿទុក​ចិត្ត​ដែល​កំពុង​តែ​កើន​ឡើង​រវាង​យោធា និង​សហគមន៍​ទាំង​មូល។

លោក​បាន​និយាយ​ថា៖ «ហេតុអ្វី​បាន​ជា​ពលរដ្ឋ​ថៃ​មិន​គិត​ថា យើង​ត្រូវ​តែ​រស់​នៅ​ទី​នេះ ហើយ​បញ្ហា​នេះ​ ឬ​បញ្ហា​អ្វី​ក៏​ដោយ ដែល​ពួកគេ​មាន​ នឹង​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ ប្រសិនបើ​យើង​មាន​គំនិត​ខុស​គ្នា​នោះ។ ប្រសិន​បើ​យោធា​នៅ​តែ​គិត​ថា ពួកគេ​ខុស​ពី​ពលរដ្ឋ​ដទៃ ហើយ​ប្រសិន​បើ​ពលរដ្ឋ​គិត​ថា ពួកគេ​ខុស​ពី​យោធា នោះ​វា​នឹង​មិន​មាន​ដំណោះស្រាយ​នោះ​ទេ»។

នៅ​ក្នុង​សុន្ទរកថា​ចុង​ឆ្នាំ​ថា្នក់​ជាតិ​មួយ​របស់​លោកដែល​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ លោក​នាយក​រដ្ឋ​មន្រ្តី Prayuthបាន​រំលឹក​ដល់​ពលរដ្ឋ​ថៃ​ថា ​យោធា​ចូល​កាន់​អំណាច​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រទេស​ជាតិ និង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ថ្មី។ លោកបាននិយាយ​ថា លោក​រំពឹង​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នឹង​វិល​ត្រលប់​មក​វិញនៅ​ក្នុង​ប្រទេស​ បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​ថ្មី ដែល​ត្រូវ​បាន​រំពឹង​ថានឹង​ធ្វើឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៧៕​

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ