ក្រុមហ៊ុន​ផលិត​ស្ករ​ថៃ​ពីរ​រង​ការ​ចោទ​ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

អ្នកស្រី ​ហ៊ុយ​​ ម៉ៃ​ គឺ​​ជា​តំណាង​​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដំណាំ​អំពៅ​​ប្រទេស​ថៃ​មីត្រ​​ផល​​ (Mitr ​Phol)​​​ ក្នុង​ខេត្ត​​ឧត្តរមានជ័យ។​ អ្នក​ស្រី​​ថ្លែង​ថា​​​ នៅ​ឆ្នាំ​២០០៨ ​ក្រុម​ហ៊ុន​​បាន​ឈូស​ឆាយ​និង​ដុត​កម្ទេទ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ។

គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្សរបស់​ប្រទេសថៃ​បាន​បរិហារ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ក្រុមហ៊ុន​ដ៏​ធំ​ចំនួន​ពីរ​របស់​ប្រទេស​ថៃ​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ដាំ​ដំណាំ​អំពៅនៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​កោះកុងបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

​ថ្លែង​ក្នុង​សន្និសីទ​កាសែតធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់​ គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​ដែល​ជា​ស្ថា​បន័​សិទ្ធិ​មនុស្ស​ឯករាជ្យ​បង្កើត​ឡើង​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ថៃ​បាននិយាយ​ថា​ ក្រុមហ៊ុន​មីត្រផល (Mitr Phol Suger Cooperation) ទទួល​បាន​ដី​សម្បទាន​ប្រហែល​ជិត​២​ម៉ឺន​ហិកតាកាល​ពី​ឆ្នាំ​២០០៨​សម្រាប់​ដាំ​អំពៅ​ក្នុង​ខេត្តបន្ទាយមានជ័យ។

ក៏​ប៉ុន្តែមាន​បណ្តឹង​ជា​ច្រើន​ពី​ក្រុម​ប្រជាពលរដ្ឋ​ដែល​ទទួល​រងផល​ប៉ះពាល់​ពី​ការ​វិនិយោគ​នេះ។

​ក្នុង​នោះ​ប្រជា​ពលរដ្ឋសរុប​ប្រហែល​ជាង​៦០០​គ្រួសារនិង​ផ្ទៃ​ដី​ដំាដុះ​របស់​ប្រជាពលរដ្ឋជាង​១​ម៉ឺន​ហិកតា​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​ឈូសឆាយ​ដើម្បី​ដាំ​អំពៅ​របស់​ក្រុមហ៊ុន​ខាង​លើ​នេះ។

ហើយកាល​ពី​ពីរ​ឆ្នាំ​មុន​នេះ​ ក្រុមហ៊ុន​របស់​ប្រទេស​ថៃ​មួយ​ទៀត​ឈ្មោះ​ថា ក្រុមហ៊ុន​ខនគែន​ស៊ូហ្គើរ​ ហៅ​កាត់​ថា​ ​ខេអេសអ៊ិល (Khon Kaen Suger Industry Public Company Limited) ​ដែល​បាន​បោះ​ទុន​វិនិយោគ​ក្នុងស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុងសម្រាប់​ដាំ​អំពៅ​ ក៏​ត្រូវ​បាន​រកឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដូច​គ្នា​នេះ​ដែរ។

ប្រជាពលរដ្ឋជាង​២០០​គ្រួសារ​បាន​បាត់បង់​ដីធ្លី​និង​ផ្ទះ​សម្បែង​ដោយសារ​ការ​ពង្រីក​យក​ដី​របស់​ក្រុមហ៊ុន​ ហើយ​មិន​មាន​សំណង​ត្រឹមត្រូវ​នោះ​ទេ។

គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ថៃ​ដដែល​រិះគន់​បន្ថែម​ថា ​ក្រុមហ៊ុន​មីត្រផល​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​និងគតិយុត្តិ​នានា​ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​មីត្រផល (Mitr Phol Suger Cooperation)​ គឺ​ជា​ក្រុមហ៊ុន​មេ​នៃ​ក្រុមហ៊ុន​៣​ផ្សេង​ទៀតដូច​ជា​ Angkor Sugar Company, Tonle Sugar Cane Company និង Cane Suger Valley Company ដែល​កំពុង​ដំា​អំពៅនៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ។ ​

ថ្លែង​ក្នុង​សន្និសីទ​កាសែតធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់​ លោក​នីរ៉ាន់​ ពីតាកវាត់ឆារា​ (Niran Pitakwatchara)​ ប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​ប្រទេស​ថៃថ្លែង​ថា ការ​វាយ​តម្លៃ​ខាង​លើ​ធ្វើ​ឡើង​ក្រោយ​ពេលដែល​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្សរបស់​ថៃ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​រួច​រាល់​កាល​ពី​ពេល​ថ្មី​នេះ។

​ដោយ​ឡែក​ក្រុមហ៊ុន​របស់​ថៃ​នៅ​ក្នុង​ខេត្ត​កោះកុង​វិញ​ គណៈកម្មការ​របស់​លោក​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ។​

លោក ​នីរ៉ាន់ ​ពីតាកវាត់ឆារា ​បញ្ជាក់​ថា ​គណៈកម្មាធិការ​របស់​លោក​នឹង​ចងក្រង​ជារបាយការណ៍​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្សនេះ​ដើម្បី​ដាក់​ជូន​ដល់​រដ្ឋាភិបាល​ប្រទេស​ថៃ អង្គការ​សហប្រជាតិ និង​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​ថៃ។

«ពីព្រោះ​ថៃ​គឺ​ជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​គោលការណ៍គោរព​សិទ្ធិ​មនុស្ស​របស់​អាស៊ាន ដូច្នេះ​ហើយ​វា​ជាការ​សំខាន់​របស់​ក្រុម​អ្នក​រកស៊ី​ដែល​ត្រូវ​គោរព​តាម​គោលការណ៍​សិទ្ធិ​មនុស្ស»។

​អ្នកស្រី ​ហ៊ុយ ម៉ៃ​ គឺជា​តំណាងប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដំណាំ​អំពៅប្រទេស​ថៃ​មីត្រផល (Mitr ​Phol)​ ក្នុង​ខេត្តឧត្តរមានជ័យ។​ អ្នក​ស្រីថ្លែង​ថា​ នៅ​ឆ្នាំ​២០០៨ ​ក្រុម​ហ៊ុនបាន​ឈូស​ឆាយ​និង​ដុត​កម្ទេទ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ។ ​

អ្នកស្រី​ថ្លែង​ថា៖ «បើ​ប្រជាជន​គាត់​ចេញ​មុខ​តវ៉ា​ ​ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អាជ្ញាធរ​ថ្នាក់​ខេត្តហ្នឹង​ ពួក​អាជ្ញាធរ​ហ្នឹង​បំបាត់ភស្តុតាង​ មិន​មាន​ការ​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ឡើយ។​ ប្រជាពលរដ្ឋ​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​បើ​សិន​តែមាន​នរណា​ហ៊ាន​ដាក់​ពាក្យ​បណ្តឹង​នៅ​កន្លែង​ណា​ គឺ​មាន​ប្រព័ន្ធ​តុលាការ​ដេញ​ចាប់​ខ្លួន​ជានិច្ច។»

​រី​ឯ​លោក​តេង​ កែវ​ ​គឺ​ជាតំណាង​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង។​ លោក​ថ្លែង​ថា​ ​ក្រុមហ៊ុនរបស់​ថៃ​គឺ​ខនគែន​ស៊ូហ្គើរ​បាន​ចាប់​ផ្តើម​ដុត​បំផ្លាញ​និងឈូសឆាយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់លោក​នៅ​ឆ្នាំ​២០០៦​មក​ម៉្លេះ។
​ហើយ​ក្រុមប្រជាពលរដ្ឋ​បាន​ស្វែង​រក​អន្តរាគមន៍​ពី​មន្ត្រី​អាជ្ញាធរថ្នាក់​ខេត្ត​រហូត​ដល់​ឡើង​មកទី​ក្រុង​ភ្នំពេញ​ ​ប៉ុន្តែគ្មាន​អ្នក​អើពើ​រក​ដំណោះ​ស្រាយដល់​ពួក​គាត់​ឡើយ។

«ខ្ញុំ​សូម​សំណូមពរ​ទៅ​ដល់​រដ្ឋាភិបាល​ពីព្រោះ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុនសម្រាប់​ធ្វើវិនិយោគ​ ធ្វើ​កសិឧស្សាហកម្ម ថា​ឲ្យ​ប្រជាពលរដ្ឋ​រីក​ចម្រើន​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ប្រជាពលរដ្ឋ​យើង​ខ្ញុំហិនហោច​កាន់​តែ​ខ្លាំង​ដោយសារ​ការ​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន។»

លោក​ យ៉េង​ វីរៈ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍​សម្តែង​សុទិដ្ឋិនិយម​ថា ​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​របស់​ថៃ​ដែល​នឹង​ចេញ​នៅ​ពេល​ខាង​មុខនឹង​ជួយ​ដាក់​សម្ពាធ​បន្ថែម​លើ​ក្រុមហ៊ុន​ឲ្យ​គោរព​តាម​គោលការណ៍​សិទ្ធិ​មនុស្ស។

វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​មិន​អាច​ស្នើ​សុំ​សេចក្តី​អធិប្បាយ​ពី​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​និងតំណាង​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ឡើយ​ រហូត​មក​ទល់​ល្ងាច​ថ្ងៃពុធ​នេះ។

យោង​តាម​របាយការណ៍​ចេញ​ផ្សាយរបស់​អង្គការ​សមធម៌​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ការ​នាំ​ស្ករ​អំពៅ​ពីកម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​បាន​កើន​ឡើង​ពី​៥១.០០០​ដុល្លារ​នៅ​ឆ្នាំ​ ២០០៩​ រហូត​ដល់​ជាង​១៣,៩​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១៕