ជារៀងរាល់ឆ្នាំឧស្សាហកម្មគ្រឿងសមុទ្រថៃបាននាំចេញក្នុងទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារមកកាន់ទីផ្សារនៅជុំវិញពិភពលោក។ ពាក់កណ្តាលនៃចំនួននេះគឺជាផលិតផលបង្គាដែលនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន។
ឧស្សាហកម្មផលិតបង្គានេះត្រូវការកម្លាំងពលកម្មយ៉ាងខ្លាំងហើយបានស្រូបយកកម្លាំងពលកម្មពីប្រទេសជិតខាងដែលក្នុងនោះមានមកពីប្រទេសកម្ពុជាផងដែរ។ នេះដោយសារតែពលរដ្ឋថៃមិនចង់ធ្វើការងារនេះទេ។ នេះបើតាមរបាយការណ៍របស់អង្គការយុត្តិធម៌បរិស្ថានដែលបានចេញផ្សាយកាលពីឆ្នាំ២០១៣។
របាយការណ៍ស្រាវជ្រាវនានារបស់បណ្តាញសារព័ត៌មាននិងរដ្ឋាភិបាលសហរដ្ឋអាមេរិកចេញផ្សាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញពីការរំលោភសិទ្ធិមនុស្សក្នុងឧស្សាហកម្មនេះ។
ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំមុននឹងព័ត៌មាននៃការរំលោភបំពាននេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ផាន់ សុភាដែលទើបបានបញ្ចប់ការសិក្សាមធ្យមសិក្សាមើលឃើញថាការងារនៅប្រទេសថៃគឺជាឱកាសមួយក្នុងការជួយឱ្យជីវភាពគ្រួសារបានប្រសើរឡើង។
សុភាបានចាកចេញពីលំនៅដ្ឋានក្នុងខេត្តបាត់ដំបងហើយធ្វើដំណើរចេញក្រៅប្រទេសជាលើកដំបូងក្នុងជីវិតរបស់ខ្លួននៅឆ្នាំ២០១០ជាមួយនឹងពលករដទៃទៀតសំដៅទៅប្រទេសថៃដើម្បីធ្វើការឱ្យក្រុមហ៊ុនគ្រឿងសមុទ្រផាត់ថាណាដែលមានរោងចក្រនៅខេត្តសុងក្លា។
សុភាបានពន្យល់ថា៖
«សម្រេចចិត្តទៅនេះដោយសារជីវភាពផងដោយសារយើងរកអ្វី អត់បានម្ល៉ោះហើយសម្រេចចិត្តថាសុខចិត្តទៅធ្វើការនៅថៃដើម្បីរកប្រាក់កម្រៃដើម្បីនឹងជួយជីវភាពគ្រួសារហើយណាមួយម្តាយគាត់ឈឺផងហើយណាមួយក្នុងបន្ទុកយើងរកអ្វី អត់បានម្ល៉ោះហើយខ្ញុំសុខចិត្តអត់បានរៀនតក៏ទៅធ្វើការនៅថៃតែម្តង»។
អ្នកធ្វើដំណើរមកដល់ដំណាលនឹងផាន់ សុភាដែរគឺសែមកុសលនិងប្រពន្ធឈ្មោះសុភា ប៊ុនដែលសុទ្ធតែជាអ្នកបាត់ដំបងដូចគ្នា។អ្នកទាំងបីត្រូវបានជ្រើសរើសដោយក្រុមហ៊ុនCDMដោយការសន្យាថានឹងទទួលបានប្រាក់ខែរហូតដល់៣០០ដុល្លារក្នុងមួយខែ។
ប៉ុន្តែអ្នកទាំងបីបានរងការបោកបញ្ឆោតដោយត្រូវធ្វើការក្នុងស្ថានភាពមួយលំបាក ខ្វះខាតហូបចុកនិងកន្លែងស្នាក់នៅមិនសមរម្យ។ នេះបើតាមការបញ្ជាក់របស់ជនរងគ្រោះ។
លោកសែម កុសល បានបន្ថែមថា៖
«គេប្រាប់ខ្ញុំពេលដែលខ្ញុំទៅគេឱ្យប្រាក់ខែខ្ញុំពី២២០ទៅ៣០០អីចឹងតែដល់ពេលទៅដល់វាអត់បានដូចគោលការណ៍ទេហើយកន្លែងស្នាក់នៅគេឱ្យកន្លែងដែលខ្ញុំស្នាក់នៅវាមានគ្រែមានពូកហើយថ្លៃទឹកភ្លើងកន្លែងស្នាក់នៅគេអត់គិតលុយទេ។ ប៉ុន្តែដល់ពេលខ្ញុំទៅថ្លៃស្នាក់នៅគេគិតលុយហើយកន្លែងដេកហ្នឹងអត់សមរម្យទៀតគេចាក់សាបក្រាលបន្តិចៗឱ្យខ្ញុំដេកកន្លែងដូចទ្រុងជ្រូក។ ដល់អីចឹងវាខុសពីគេឃោសនាហ្នឹង»។
លោកផាន់ សុភាបានរៀបរាប់ពីស្ថានភាពរស់នៅបន្ថែមថា៖
«ពេលភ្លៀងតាមបន្ទប់វាមានដក់ទឹក។ ពេលយើងសម្រានអីចឹងទៅវាមានសត្វល្អិតចូលមក។ដូចរូបខ្ញុំផ្ទាល់វាធ្លាប់មានសត្វម្រើមព្រះវាមកដេកនៅរង្វង់ភ្នែក។ ខ្ញុំភ្ញាក់ឡើងខ្ញុំភ័យហ្មង។ ខ្ញុំរបៀបដូចជាតក់ស្លុតដែរដែលអីចឹង»។
ពួកគេក៏ត្រូវធ្វើការធ្ងន់ធ្ងរហើយពេលខ្លះត្រូវមេការបង្ខំឱ្យធ្វើការថែមម៉ោងផងដែរ។
ពួកគេបានវិលត្រឡប់មកប្រទេសកំណើតវិញនៅចុងឆ្នាំ២០១២ដោយមានសុខភាពចុះខ្សោយនិងជំពាក់ប្រាក់បំណុលដែលបានខ្ចីសម្រាប់រៀបចំឯកសារធ្វើដំណើរទៅធ្វើការ។
ដោយការមិនទុកចិត្តថានឹងអាចរកយុត្តិធម៌បាននៅក្នុងជម្លោះដែលមានលក្ខណៈអន្តរជាតិនេះ ជនរងគ្រោះដែលគេបោកទៅធ្វើការនៅប្រទេសថៃចំនួន៧នាក់រួមទាំងផាន់សុភា សែមកុសលនិងភរិយាបានងាកមកប្តឹងនៅតុលាការក្នុងរដ្ឋកាលីហ្វញ៉ារបស់សហរដ្ឋអាមេរិកនៅពាក់កណ្តាលខែមិថុនាឆ្នាំ២០១៦ប្រឆាំងនឹងក្រុមហ៊ុនPhatthana Seafood និងក្រុមហ៊ុនS.S. Frozenដោយសារតែផ្គត់ផ្គង់ផលិតផលបង្គារមកសហរដ្ឋអាមេរិកនិងប្តឹងក្រុមហ៊ុនអាមេរិកាំងWales & Co. Universe Ltd. និងក្រុមហ៊ុនRobicon Resources Llc. ដែលជាចំណុចចុងក្រោយនៃសង្វាក់ផ្គត់ផ្គង់អាហារសមុទ្រនេះ។
ការប្តឹងនេះដោយផ្អែកលើច្បាប់ការពារជនរងគ្រោះដោយសារការជួញដូរដែលច្បាប់នេះអនុញ្ញាតឱ្យជនរងគ្រោះដាក់បណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងជនណាក៏ដោយដែលទទួលផលប្រយោជន៍ពីសកម្មភាពនៃការជួញដូរមនុស្ស។
នៅក្នុងពាក្យបណ្តឹងក្រុមមេធាវីក៏បានដកស្រង់របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនិងអង្គការមូលនិធិយុត្តិធម៌បរិស្ថានដែលបានបង្ហាញថាឧស្សាហកម្មបង្គាថៃបានកេងប្រវ័ញ្ចកម្លាំងពលកម្មដែលក្នុងនោះ៩០ភាគរយនៃកម្លាំងពលកម្មគឺមកពីប្រទេសជិតខាងដូចជាកម្ពុជា ឡាវ និងភូមា។
ពាក្យបណ្តឹងនេះត្រូវបានតុលាការទទួលយកនឹងកំពុងចាត់ការ។
នៅក្នុងចម្លើយការពារខ្លួន មេធាវីរបស់ចុងចម្លើយបានបដិសេធថាកូនក្តីរបស់ខ្លួនពុំមានជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងនោះប៉ុន្តែមិនបានបដិសេធចំពោះការរកឃើញក្នុងរបាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងអង្គការការពារសិទ្ធិមនុស្សទាំងនោះទេ។ នេះបើតាមឯកសារចម្លើយរបស់ក្រុមមេធាវីកាលពីថ្ងៃទី១៤ខែធ្នូដែលវីអូអេទទួលបានពីគេហទំព័ររបស់តុលាការ។
ក្រុមហ៊ុន S.S. Frozen, Wales & Co. Universe Ltd’s, Phatthana Seafood Co. Ltd. និងRubicon Resources LLC បានបញ្ជាក់ដូចៗគ្នាថា៖
«រាល់ជម្លោះពាក់ព័ន្ធនឹងប្រាក់ឈ្នួល ស្ថានភាពធ្វើការ លំនៅដ្ឋាន និងបញ្ហាការងារផ្សេងទៀតដែលកើតមានឡើងក្នុងអំឡុងពេលដែលដើមបណ្តឹងធ្វើការនៅការដ្ឋានរបស់ក្រុមហ៊ុនPhatthana Seafood គឺត្រូវបានដោះស្រាយរួចរាល់ក្នុងឆ្នាំ២០១២ដោយមានកិច្ចសហការនិងត្រួតពិនិត្យមើលរវាងរដ្ឋាភិបាលកម្ពុជានិងថៃ»។
ញត្តិការពារខ្លួនរបស់មេធាវីចុងចម្លើយបានបន្តថាការរងរបួសឬការខូចខាតដែលបានចោទនៅក្នុងពាក្យបណ្តឹងគឺពិតជាមិនមែនសកម្មភាពរបស់កូនក្តីខ្លួនឡើយ។
លោកផាន់ សុភា អតីតពលករខ្មែរដែលមកពី ខេត្តបាត់ដំបងបានរំលឹកថាក្នុងអំឡុងពេលដែលលោកធ្វើការនៅប្រទេសថៃមានផ្ទុះនូវបាតុកម្មជាច្រើនលើកដើម្បីទាមទារប្រាក់ឈ្នួលពលកម្មហើយស្ថានទូតកម្ពុជាក៏បានចូលរួមសម្របសម្រួលដែរ។
«គេព្យាយាមសម្របសម្រួលឱ្យយើងនៅធ្វើការនៅទីហ្នឹងទៅកុំឱ្យយើងធ្វើបាតុកម្មអី្វ។ ភាគច្រើនគឺគេសម្របសម្រួលខាងយើងឱ្យសម្រុះសម្រួលដើម្បីបានធ្វើការនៅប្រទេសថៃ»។
ប៉ុន្តែលោកបានបន្ថែមថាលទ្ធផលគឺមិនបានតាមការចង់បានរបស់ពលករទេ៖
«បាតុកម្មចុងក្រោយគឺបាតុកម្មទ្រង់ទ្រាយធំរីឯការងារវាអត់មានឱ្យយើងចូលធ្វើហើយយើងទៅបានតែទៅ ឯការងារប្រាក់ខែប៉ុណ្ណាគឺបានប៉ុណ្ណឹងដូចជា១៩៧បាតក្នុងមួយថ្ងៃអីចឹងទូទាត់ទៅយើងនៅបានតែនៅប្រាក់ខែ មិនបានប៉ុន្មានទេ»។
លោកស្រីមូរ សុខហួរអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាសមត្ថភាពរបស់មន្ត្រីខ្មែរនិងការគាំទ្រមិនទាន់ដល់កម្រិតទេជាពិសេសការផ្តល់សេវាច្បាប់លើជម្លោះអន្តរជាតិ។
«បញ្ហាគឺកង្វះខាតនូវសេវាច្បាប់មេធាវីដែលអាចមានលទ្ធភាពគ្រប់គ្រាន់ជួយទៅដល់កម្មកររបស់យើងជួនណាជាភាសាជួនណាទម្រាំតែរកមេធាវីបានហើយនឹងមន្ត្រីនៅក្នុងស្ថានទូតយើងគឺខ្វះខាតណាស់ តិចតួចណាស់ដើម្បីឱ្យអាចប្រឈមមុខជាមួយនឹងច្បាប់ថៃឬច្បាប់អន្តរជាតិនានានោះ»។
លោកស្រីមូរ សុខហួរ គាំទ្រដល់ការណ៍ដែលពលរដ្ឋខ្មែរហ៊ានតវ៉ាដោយប្រើយន្តការអន្តរជាតិនេះ៖
«ខ្ញុំយល់ឃើញថាជាការអស្ចារ្យហើយយើងត្រូវតែលើកទឹកចិត្តហើយមែនទែនរាជរដ្ឋាភិបាលគួរតែចេញសេវាថ្លៃច្បាប់ឱ្យអស់ពីសមត្ថភាពដើម្បីឱ្យបានយ៉ាងហោចណាស់មានករណីជាគំរូលើកទឹកចិត្តដល់កម្មកររបស់យើងប្តឹងនៅពេលណាដែលទទួលរងគ្រោះនិងការកេងប្រវ័ញ្ចរបៀបនេះ»។
ក្រុមហ៊ុនPhatthana Seafood និងក្រុមហ៊ុនS.S. Frozen បានទទួលស្គាល់ដើមបណ្តឹងចំនួន៦នាក់ដែលមានឈ្មោះ ផាន់សុភា សែមកុសល សុផាប៊ុន កែវរដ្ឋា យែមបាន និង ណុលណាគ្រី ថាធ្លាប់បានធ្វើការនៅទីនោះប៉ុន្តែមិនទទួលស្គាល់ឈ្មោះសុក សងដែលមកពីខេត្តកំពតទេ។
រីឯក្រុមហ៊ុនWales & Co. Universe Ltd. និងក្រុមហ៊ុនRobicon Resources Llc. បដិសេធថាខ្លួនមិនដឹងអ្វីទាំងអស់ពាក់ព័ន្ធនឹងការជួលបុគ្គលិកដោយក្រុមហ៊ុនPhatthana ។
ប៉ុន្តែលោកសុក សងយល់ថាវាគ្រាន់តែជាការដោះសារតែប៉ុណ្ណោះ៖
«អាហ្នឹងអត់អីទេចម្លើយយើងទៅតាមហ្នឹងទៅ។ ធ្វើម៉េចខាងគេគេម៉េចទទួលស្គាល់យើងព្រោះកាលដើមបណ្តឹងខ្ញុំហ្នឹងហើយជាប្រធានទាំងអស់តាមរយៈបងព្រោះកាលហ្នឹងមានតែខ្ញុំទេដែលអាចស្គាល់តាមខ្សែរយៈហ្នឹងព្រោះថាយើងធ្វើការវាគាបសង្កត់មកលើយើងទារលុយកាក់ពេលដែលយើងធ្វើការឱ្យវាចាយលុយតិចមិនស្របតាមកិច្ចសន្យាពលករ»។
លោកសុក សង បញ្ជាក់ថាលោកធ្លាក់ខ្លួនជំពាក់បំណុលរហូតចាប់តាំងពីលោកវិលត្រឡប់ពីប្រទេសថៃមកវិញ៖
«វារកអត់បានតាំងពីយើងទៅមកវាលិចលង់ចឹងមកយើងរកអត់បានរហូតទើសសព្វថ្ងៃ។ វាមានជំពាក់គេរហូតបី បួន ប្រាំពាន់ដុល្លារ»។
លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សដែលមានឈ្មោះកាត់ថា Central បានបញ្ជាក់ថានៅពេលដែលអតីតពលករទាំងនោះមកដាក់ពាក្យប្តឹងគឺលោកពិនិត្យឃើញថាពួកគេមានឯកសារត្រឹមត្រូវហើយតុលាការគួរតែពន្លឿននីតិវិធីក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងនោះ៕