ប៉ូលិស​បង្រ្កាប​កុបកម្ម​ក្នុង​ប្រទេស​ថៃ​​ប៉ះទង្គិច​ជា​មួយ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​​ក្នុង​ទី​ក្រុង​បាងកក 

បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​បាញ់​កាំជ្រួច​ដាក់​ប៉ូលិស​បង្ក្រាប​កុបកម្ម​នៅ​ក្នុង​ទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១។

ប៉ូលិស​បង្រ្កាប​កុបកម្ម​ក្នុង​ប្រទេស​ថៃ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​ទឹកទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ជាង​១០០​នាក់​ដែល​បានដើរ​ដង្ហែ​ក្បួនឆ្ពោះ​ទៅ​រក​មូលដ្ឋាន​កង​ទ័ពនៅ​ក្នុង​រាជធានី​បាងកក​ដែល​មាន​លំនៅ​ដ្ឋាននាយក​រដ្ឋមន្ត្រី​ថៃ​លោក​ Prayuth Chan-ocha។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ AP។​

ក្រុម​បាតុករ​ដែល​ភាគ​ច្រើន​ជាយុវជនបាន​គប់​ដុំថ្ម​ បាញ់​កាំជ្រួច​និង​គ្រាប់​ប៉េងប៉ុង​ផ្ទុះ​ទៅលើ​ប៉ូលិស​ដែល​កំពុង​ឈរ​តម្រង់​ជួរ​រារាំង​ពួក​គេ។​

រូប​ភាព​តាម​កញ្ចក់​ទូរទស្សន៍​បង្ហាញ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចរាចរណ៍​របស់​ប៉ូលិស​មួយ​កន្លែង​ត្រូវ​បាន​ដុត​ឆេះ។​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ជា​លើក​ទី៤​ហើយក្នុង​រយៈ​ពេល​៧​ថ្ងៃ​ដែល​ក្រុម​បាតុករ​និង​ប៉ូលិស​បាន​ប៉ះ​ទង្គិច​គ្នា​នៅក្នុង​តំបន់ ​Din Daeng ​នៃ​ក្រុង​បាងកក។​

ក្រុម​បាតុករ​បាន​អំពាវនាវ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ Prayuth ​ចុះ​ចេញ​ពី​តំណែង​ដោយ​សារតែ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​ប្រទេស​ថៃ។ប្រទេស​ថៃ​មានអត្រា​អ្នក​ឆ្លង​ជំងឺកូវីដ​ហក់​ឡើង​យ៉ាង​ខ្លាំងនៅ​ក្នុងរយៈ​ពេល​២បី​សប្តាហ៍​កន្លង​ទៅ​នេះ ខណៈ​អត្រាចាក់​វ៉ាក់សាំង​នៅ​ទាប។​

គេ​ក៏​ឃើញ​មាន​ការតវ៉ា​ប្រឆាំង​នៅ​ទី​កន្លែង​ផ្សេងៗ​ទៀត​ផង​ដែរ​កាល​ពី​ថ្ងៃ​អាទិត្យដោយ​មាន​អ្នក​ចូល​រួម​ប្រមាណរាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ដោយ​ជិះ​រថយន្ត​និង​ម៉ូតូ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ពួក​គេ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីកន្លែង​ចំនួន​៣​ផ្សេងៗ​គ្នា​ដើម្បី​ស្តាប់​ការ​ថ្លែង​សារ​មួយ​ចំនួន​មុន​បើក​ដង្ហែ​យឺតៗ​នៅ​ក្នុង​ទី​ក្រុង។​ ការ​តវ៉ា​តាម​ក្បួន​រថយន្ត​នេះ​គឺ​ដើម្បី​ជួយកាត់​បន្ថយ​ការរាល​ដាល​នៃ​ជំងឺកូវីដ១៩៕​