អតីត​អ្នក​នាំ​ពាក្យ​ថៃ​ម្នាក់​ថ្លែង​ថា​ចលនា​«អាវ​ក្រហម»​មិន​ស្ថិត​នៅ​កម្ពុជា​ទេ

ក្រុម​អាវ​ក្រហម​ធ្វើ​បាតុកម្ម​នៅ​ជាង​ក្រុង​បាងកក​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤។ (រូបថត​ឯកសារ)

អតីត​មេដឹក​នាំ​អាវ​ក្រហម​ម្នាក់​ដែល​រដ្ឋាភិបាល​យោធា​ថៃ​កំពុង​ស្វែង​រក​ចាប់​ខ្លួន​បាន​ប្រកាស​ថា​លោក​មិន​យក​ទឹក​ដី​ប្រទេស​កម្ពុជា​ដើម្បី​បង្កើតក្រុម​សកម្ម​ប្រយុទ្ធ​ជាមួយ​និង​រដ្ឋាភិបាល​ថៃ​ទេ។

លោក ចក្រប៉ុប ផេនកៃរ (Jakrapob Penkair) អតីត​អ្នក​នាំពាក្យ​របស់​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត់ នាយក​រដ្ឋ​មន្ត្រី​ត្រូវ​បាន​បណ្តេញ​ចេញ​និង​ជា​ស្ថាបនិក​ម្នាក់ ​នៃ​ចលនា​ក្រុម​អាវ​ក្រហមនៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​ក្នុង​ពេល​ថ្មីៗ​នេះ​ថា មាន​សកម្មជន​នយោបាយ អ្នក​នយោបាយ សាស្ដ្រាចារ្យ សរុប​ចំនួន​ជាង​១០​នាក់បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ​ក្រោយ​ពី​រដ្ឋ​ប្រហារ​យោធា កាល​ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា។

លោក ចក្រប៉ុប​ ផេនកៃរ ត្រូវ​បាន​ស្រង់​សម្តី​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​កាល​ពី​ដើម​ខែ​មិថុនា​ថា លោក​បាន​ថ្លែងនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ក្រុម​នេះ​នឹង​បង្កើត​ចលនា​រដ្ឋាភិបាល​និរទេស​មួយ​នៅ​ក្រៅ​ប្រទេស​ដើម្បី​តស៊ូ​ប្រឆាំង​នឹង​រដ្ឋា​ភិបាល ​ដែល​កើត​ចេញ​ពី​រដ្ឋ​ប្រហារ​យោធា ហើយ​ចលនា​នេះ​នឹង​ចេញ​ជា​រូបរាង​ក្នុង​ខែ​មិថុនា​នេះ។

មាន​ប្រសាសន៍​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ តាម​រយៈ​សារ​អេឡិច​ត្រូនិច​ឬ​អ៊ីម៉ែល លោក​ ចក្រប៉ុប​ ផេនកៃរ​ មាន​ប្រសាសន៍​ថា​លោក​មិន​យក​ទីតាំង​ប្រទេស​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​របស់​ខ្លួន​ទេ។កន្លែង​ទាំង​អស់​ស្ថិត​នៅ​ក្រោម​ការ​ចរចា​ ក៏ប៉ុន្តែ​កន្លែង​ទាំង​នោះ​អាច​ស្ថិត​នៅ​ក្នុង​អឌ្ឍគោល​ភាគ​ខាង​លិច​តែ​លោក​មិន​បញ្ជាក់​ថា​និង​ជ្រើស​រើស​យក​ប្រទេស​ណាមួយទេ។

លោក​បាន​និយាយ​ថា៖ «គោលបំណង​នេះ​ទោះបី​ជា​មិន​មែន​ក្នុង​ការ​បង្កើតរដ្ឋាភិបាល​និរទេស​ក៏​ពិត​មែន ប៉ុន្តែ​អង្គការ​មួយ​ដែល​មាន​ឈ្មោះ​ថា ​អង្គការ​សេរី​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ ​(FT-HD) ដើម្បី​ទប់ទល់​នឹង​ការ​ត្រួតត្រា​របស់​ពួក​យោធា»។

លោក​ ចក្រប៉ុប ផេនកៃរ​ បាន​ប្រសាសន៍​ថា​សព្វថ្ងៃ​នេះ​សភា​នីតិ​បញ្ញត្តិ​ថៃ​ដក​លិខិត​ឆ្លងដែន​របស់​លោក ហើយ​ចោទប្រកាន់​លោកបន្ថែម​ទៀត​ជាមួយ​និង​ការ​ចូលរួម​ការ​តស៊ូ​ប្រដាប់​អាវុធ។ លោក​បាន​បញ្ជាក់​ថា​ការ​ចោទ​ប្រកាន់​ប្រឆាំងនិង​លោក​នេះ​ដោយ​រដ្ឋាភិបាល​យោធា​ថៃ​ដែល​ឡើង​កាន់​អំណាច​ដោយ​មិន​ស្រប​ច្បាប់​វាបង្ហាញ​ម្តង​ទៀត​ថាពី​ការ​អស់​សង្ឃឹម​របស់​មេដឹកនាំ​យោធា​និង​របប​ដែល​ពួកគេ​ជាអ្នក​តំណាង។

ក្រុម​អាវ​ក្រហម​របស់​ថៃ​ជាច្រើន​រាប់​ពាន់​នាក់​ធ្លាប់​បានមក​ទទួល​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្នុង​ខេត្ត​សៀមរាប​ ក្រោយ​ពេល​ដែល​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ​ត្រូវ​ទម្លាក់​ចេញ​ពី​ តំណែង។ នៅ​ពេល​នោះ លោក ថាក់​ស៊ីន បាន​ទទួល​ងារ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​នាយក​ឧត្តម​សេនីយ៍​ ខៀវ សុភ័ក អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសន៍​ថា​ដូច​កម្ពុជា​ធ្លាប់​បាន​ប្រកាស​ជាញឹក​ញាប់​ហើយ​ថា​គឺ​ច្បាប់​របស់​កម្ពុជា​មិន​អនុញ្ញាត្តិ​ឲ្យ​មាន​ជន​ណា​ម្នាក់​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុជា​ប្រឆាំង​និង​ប្រទេស​ណាមួយ​ដែល​មាន​ដាក់​ចំណង​ការ​ទូត​ជាមួយ​កម្ពុជា​ទេ។​

លោក​និយាយ​ថា៖​ «ដូច​យើង​បាន​ប្រកាស​ជាញឹក​ញាប់​ហើយ​ជាពិសេស​ សម្តេច​តេជោ​ លោក​មាន​ប្រសាសន៍​ដែរ​គឺ​ ជំហរ​របស់​កម្ពុជា​ ច្បាប់​របស់​កម្ពុជា​យើង​មិន​អនុញ្ញាត្តិ​ឲ្យ​មាន​ហេតុការណ៍​ហ្នឹង​កើត​ឡើង​ទេ»។

លោក​ កុយ​ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​មាន​ប្រសាសន៍​ថា​មក​ដល់​ពេល នេះ​គ្មាន​សមាជិក​ក្រុម​អាវ​ក្រហម​ណាម្នាក់បាន​មក​ស្នាក់​នៅ​កម្ពុជា​ទេ​ហើយ​ប្រសិន​ណាបើ​ក្រុម​អាវ​ក្រហម​ចង់​បង្កើត​ចលនា​ណាមួយ​នៅ​កម្ពុជា​នោះ​យើង​មិន​អនុញ្ញាត្តិ​ឲ្យ​ជា​ដាច់​ខាត។

លោក​និយាយ​ថា៖​ «មិន​អនុញ្ញាត្តិ​ឲ្យ​បុគ្គល​ណាមួយ​ ក្រុម​ណា​មួយ ​ឬ​ប្រទេស​ណា​មួយបង្កើត​អង្គការ​ណាមួយ​ឬរដ្ឋាភិបាល​និរទ្ទេស​នៅ​លើ​ទឹក​ដី​ខ្មែរ​យើង​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​បរ​ទេស​ណាមួយ​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ពី​ខែឧសភា​បាន​ប្រកាស​ជា​សាធារណៈ​ថា​កម្ពុជា​នឹង​មិន​អនុញ្ញាត ​ឲ្យប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ដើម្បី​ប្រឆាំង​នឹងប្រទេស​ថៃ​នោះ​ទេ៕