មេដឹកនាំនៃបាតុកម្មក្នុងទីក្រុងបាងកកបានគំរាមថា ពួកគេនឹងបង្កើនសម្ពាធលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha ប្រសិនបើលោកខកខានមិនធ្វើតាមការទាមទារឲ្យមានការផ្លាស់ប្តូរទាំងនេះ។
បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថៃ បានកក្រើកឡើងវិញភាគច្រើននៅតាមសាលារៀននិងសាកលវិទ្យាល័យនានា ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជាង៥ឆ្នាំបន្ទាប់ពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤។ បាតុករនៅពេលនេះភាគច្រើនជាយុវជន ដែលមិនពេញចិត្តនឹងរដ្ឋាភិបាលបច្ចុប្បន្ន។
បាតុករកាលពីថ្ងៃសុក្របានជួបប្រជុំគ្នានៅមុខវិមានប្រជាធិបតេយ្យក្នុងទីក្រុងបាងកក ដោយមានការចូលរួមរួមពីមេដឹកនាំ៨រូបនៃចលនាពលរដ្ឋសេរី ដែលធ្លាប់មានឈ្មោះថាយុវជនសេរី ហើយពួកគេបានប្រកាសពីគម្រោងបាតុកម្មធំមួយទៀតនៅក្នុងថ្ងៃទី ១៦ ខែសីហាខាងមុខ។
បាតុករបានកាន់បដា ដែលសរសេរថា «ប្រជាធិបតេយ្យត្រូវចេញពីប្រជាពលរដ្ឋ» និងបដា «យើងមិនស្អប់ប្រទេសជាតិទេ ប៉ុន្តែស្អប់របបផ្តាច់ការនិងរដ្ឋប្រហារ»។
លោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha ថ្លែងកាលពីដើមសប្តាហ៍នេះថា លោកនឹងយកការទាមទាររបស់បាតុករមកពិចារណា ប៉ុន្តែមេដឹកនាំបាតុករម្នាក់ថាការថ្លែងរបស់របស់លោកប្រយុទ្ធនេះ គ្រាន់តែជាយុទ្ធសាស្ត្រពន្យារពេលមិនធ្វើការរំលាយសភាឬជំរុញឲ្យមានការបោះឆ្នោតថ្មីទេ។
លោក Prayuth ជាអតីតមេទ័ពថៃដែលបានឡើងកាន់អំណាចដំបូងតាមរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ដោយគ្រប់គ្រងតឹងតែងមុននឹងលោកជាប់ឆ្នោតនៅឆ្នាំ២០១៩ ដែលជាការបោះឆ្នោតមួយមនុស្សជាច្រើនមើលឃើញថា លោកមានប្រៀបយ៉ាងខ្លាំង៕