នៅក្នុងការប្រឈមមុខដោយបើកចំហប្រឆាំងនឹងរបបរាជានិយមនៃព្រះមហាក្សត្រ Maha Vajiralongkorn ក្រុមបាតុកររាប់ពាន់នាក់បានដង្ហែក្បួននៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ដើម្បីបង្ហាញការទាមទារនានារបស់ពួកគេ រួមមានទាំងការអំពាវនាវឲ្យធ្វើកំណែទម្រង់ដើម្បីកាត់បន្ថយអំណាចរបស់ព្រះអង្គផង។
ក្រុមបាតុករកាន់តែមានភាពក្លាហានជាងមុននៅក្នុងការធ្វើបាតុកម្មរយៈពេល២ខែចុងក្រោយ ប្រឆាំងនឹងព្រះបរមរាជវាំងនៃប្រទេសថៃ ក៏ដូចជារបបដែលគ្រប់គ្រងដោយយោធា។ ទង្វើបែបនេះបានបំបែកនូវបំរាមមិនឲ្យរិះគន់របបរាជានិយម ដែលការរិះគន់គឺជាទង្វើផ្ទុយទៅនឹងច្បាប់ដែលហាមមិនឲ្យប្រមាថព្រះមហាក្សត្រ។
ព្រះបរមរាជវាំងមិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបានទេ កាលពីថ្ងៃអាទិត្យ។ ព្រះមហាក្សត្រ ដែលធ្លាប់បានចំណាយពេលវេលាយ៉ាងយូរនៅអឺរ៉ុប ពេលនេះមិនស្ថិតនៅក្នុងប្រទេសថៃទេ។
ក្រុមបាតុករដង្ហែក្បួនត្រូវបានរារាំងដោយប៉ូលិសរាប់រយនាក់ដែលគ្មានដោយអាវុធនៅក្នុងដៃ តែមានបំពាក់ទៅដោយរបាំងការពារ។
ក្រុមអ្នកដឹកនាំធ្វើបាតុកម្មបានប្រកាសពីជ័យជម្នះ បន្ទាប់ពីពួកគេបានប្រគល់លិខិតមួយទៅឲ្យប៉ូលិសដែលលិខិតនោះរៀបរាប់អំពីការទាមទារនានារបស់ពួកគេ។ លោកPhakphong Phongphetra នាយកស្នងការប៉ូលិសក្រុងបាននិយាយថា លិខិតនោះនឹងត្រូវប្រគល់ជូនទៅស្នងការប៉ូលិសជាតិ ដើម្បីសម្រេចថានឹងត្រូវដោះស្រាយដោយរបៀបណាទៀត។
លោក Parit ឬ Penguin Chiwarak បានស្រែកប្រាប់ទៅក្រុមមនុស្សដែលធ្វើបាតុកម្មមុនពេលពួកគេបំបែកគ្នាថា «ជ័យជម្នះដ៏ធំធេងរបស់យើងក្នុងរយៈពេល ២ ថ្ងៃនេះកំពុងបង្ហាញថា មនុស្សសាមញ្ញដូចពួកយើងក៏អាចផ្ញើលិខិតទៅកាន់ខ្សែរាជវង្សបានដែរ»។
បាតុកម្មទ្រង់ទ្រាយធំបង្អស់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ ក្រុមបាតុកររាប់ម៉ឺននាក់បានស្រែកហ៊ោទាមទារឲ្យមានការធ្វើកំណែទម្រង់របបរាជានិយម ក៏ដូចជាទាមទារឲ្យដកលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែលជាអតីតមេដឹកនាំយោធា ហើយទាមទារឲ្យបង្កើតរដ្ឋធម្មនុញ្ញថ្មីនិងទាមទារឲ្យមានការបោះឆ្នោត។
កាលពីព្រឹកព្រលឹមនៅថ្ងៃអាទិត្យ ក្រុមបាតុករបានចាក់ស៊ីម៉ង់ត៍បិទបន្ទះឆ្លាក់អក្សរមួយ នៅជិតព្រះបរមរាជវាំងនៅរាជធានីបាងកក នៅតំបន់ដែលគេស្គាល់ឈ្មោះថា Sanam Luang។
បន្ទះនោះឆ្លាក់អក្សរដែលមានខ្លឹមសារថា «នៅទីនេះ មនុស្សបានបញ្ចេញឆន្ទៈរបស់ពួកគេថា ប្រទេសនេះគឺជារបស់ប្រជាជន ហើយវាមិនមែនជាទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រដូចដែលពួកគេបានបោកប្រាស់យើងនោះទេ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Burapachaisri បានថ្លែងថា ប៉ូលិសនឹងមិនប្រើប្រាស់អំពើហិង្សាទៅលើក្រុមបាតុករទេ ហើយវាអាស្រ័យលើប៉ូលិសថាតើពួកគេនឹងត្រូវសម្រេចនិងដាក់ទោសទណ្ឌបែបណាដល់ការនិយាយពាក្យដែលខុសច្បាប់។
អាជ្ញាធរថៃបាននិយាយថា ការរិះគន់ព្រះមហាក្សត្រគឺជាទង្វើមិនអាចទទួលបានទេនៅក្នុងប្រទេសមួយដែលព្រះមហាក្សត្របានឡើងគ្រងរាជ្យស្របទៅតាមរដ្ឋធម្មនុញ្ញ «សម្រាប់តំណែងដែលជាទីគោរពសក្ការៈ»៕
ប្រែសម្រួលដោយលោក នៀម ឆេង