មេដឹកនាំ​បាតុកម្ម​ថៃ​ជាច្រើន​រូប​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ

ក្រុម​មេដឹកនាំ​ចលនា​តវ៉ា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​លើក​ម្រាម​ដៃ​បី​ឡើង ខណៈ​ដែល​ពួកគេ​ដើរ​ទៅ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ប៉ូលិស​នៅខេត្ត Northaburi ប្រទេស​ថៃ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

មនុស្ស​ជាង​១០​នាក់​ដែល​ជា​មេដឹកនាំ​នៃ​ចលនា​តវ៉ា​ប្រឆាំងរបស់​ក្រុម​អ្នកគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ប្រទេស​ថៃ​ត្រូវ​បានអាជ្ញាធរ​ចោទ​ប្រកាន់​នៅ​ថ្ងៃអង្គារ​ក្រោម​ច្បាប់ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ​ថៃដ៏​តឹង​រ៉ឹង​របស់​ប្រទេស​នេះ​ជុំវិញ​ការដឹកនាំ​ធ្វើ​បាតុកម្មទាមទារ​ឲ្យ​កែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ។​ ​

ប្រទេស​ថៃ​មាន​ច្បាប់ប្រឆាំង​ការប្រមាថព្រះចេស្តា​ដ៏​តឹងរ៉ឹង​មួយ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ផ្នែក​១១២​នៃ​ច្បាប់​ព្រហ្មទណ្ឌ​របស់​ខ្លួន​ក្នុង​ការការពារព្រះមហាក្សត្រមហាវេជ្ជរ៉ាឡុងកន​ ដែល​ជា​អង្គក្សត្រ​ដែល​មាន​ទ្រព្យធន​ស្តុកស្តម​ពី​ការរិះគន់​របស់សាធារណជន។​

ទោះបីជា​មាន​ច្បាប់​នេះ​ក្តី​ ក៏​មិនបាន​បង្អាក់​ចលនា​ក្រុម​យុវជនមិន​ឲ្យ​ទាមទារ​ធ្វើ​កំណែ​ទម្រង់​ ដែល​ក្នុង​នោះ​រួមមាន​ការលុបចោល​ច្បាប់ប្រឆាំង​ការប្រមាថ​ព្រះចេស្តា​ ដែល​នេះ​គឺជា​ការប្រឈម​មុខ​ដោយ​ផ្ទាល់​នឹង​ស្ថាប័ន​ព្រះមហាក្សត្រ។ ​

អាជ្ញាធរ​ថៃ​នៅ​ថ្ងៃអង្គារ​នេះ​បាន​កោះ​ហៅ​ក្រុម​មេដឹកនាំ​ប្រឆាំង​តវ៉ា​ជាច្រើន​នាក់​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស​នានា​ក្នុង​ក្រុងបាងកក​និង​ខេត្ត​ណន់ថាបូរី​ដែល​នៅ​ជិត​នោះ​ ដើម្បី​ចោទ​ប្រកាន់​ពួកគេ​ក្រោម​ច្បាប់​ព្រហ្មទណ្ឌ​ផ្នែក​១១២។

យុវជន​ចំនួន​១១​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​លើក​ទី​១​ ​ពី​បទ​ព្រហ្មទណ្ឌក្រោម​ច្បាប់​ប្រមាថ​ព្រះ​ចេស្តា​ប៉ុន្តែសម្រាប់​យុវជន​៣​នាក់​ទៀត​ នេះ​ជា​លើក​ទី​២​ហើយ​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ជុំវិញ​បញ្ហា​នេះ​ ដែល​អ្នក​ទាំង​បី​នោះ​មាន​ឈ្មោះ​ Panupong Jadnok​ Parit Chiwarak ​និង​Panusaya Sithijirawattanakul។

ដោយ​ផ្គើន​នឹង​ការចោទ​ប្រកាន់របស់​ប៉ូលិស​ យុវជន​ដែល​រង​ការចោទ​ប្រកាន់​ទាំងនោះ ​ក្រោយ​ចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស​ ពួកគេ​បាន​ពាក់​អាវយឺត​ដែល​មាន​លេខ​១១២​ ដែល​តំណាង​ឲ្យច្បាប់ប្រមាថ​ព្រះចេស្តា​ព្រះ​មហាក្សត្រ​ និង​បាន​គូស​លុប​ពាក្យ​ទាំង​នោះ​នៅ​លើ​អាវចោល​ទៀត​ផង។

អ្នក​ដែល​ត្រូវ​បាន​កាត់ទោស​ក្រោម​ច្បាប់​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ​ថៃ​នេះ អាច​ត្រូវ​ជាប់​ពន្ធនាគារ​ ពី​រយៈពេល​៣​ឆ្នាំ​រហូតដល់​១៥​ឆ្នាំ​ ក្នុង​បទចោទ​មួយ​ករណី។​ ច្បាប់​នេះ​ បាន​រងការរិះគន់​ពី​សកម្មជន​សិទ្ធិមនុស្ស​នានា​ ដែល​និយាយ​ថា​ ច្បាប់​នេះ​គឺ​ជា​ឧបករណ៍​សម្រាប់បង្ក្រាប​អ្នកប្រឆាំង​តវ៉ា​តែ​ប៉ុណ្ណោះ៕