តុលាការកំពូលថៃកាលពីថ្ងៃពុធ បានសម្រេចឱ្យនាយករដ្ឋមន្ត្រី Prayuth Chan-Ocha គ្មានទោសពៃរ៍ពីបទប្រព្រឹត្តកំហុសឆ្គងដែលទាក់ទងនឹងការស្នាក់នៅយូរហួសកំណត់ក្នុងគេហដ្ឋានរបស់យោធា បន្ទាប់ពីលោកបានចូលនិវត្តន៍ពីកងទ័ព។ សំណុំរឿងនេះសឹងតែអាចដកលោកចេញពីតំណែង និងជាមធ្យោបាយមួយដើម្បីបញ្ចៀសវិបត្តិនយោបាយដែលបានបង្កចលាចលក្នុងរាជាណាចក្រមួយនេះ។
ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលតវ៉ាដល់ទៅរាប់ម៉ឺននាក់ ហើយដាក់សម្ពាធឱ្យលោក Prayuth Chan-Ocha ចុះចេញពីតំណែងនោះ បានប្រមូលផ្តុំគ្នាភ្លាមៗនៅឯផ្លូវប្រសព្វដ៏ធំមួយកន្លែងក្នុងទីក្រុងបាងកក បន្ទាប់ពីតុលាការធម្មនុញ្ញ បានសម្រេចឱ្យលោកនាយករដ្ឋមន្ត្រីឈ្នះក្តី។
ចៅក្រមទាំង៩រូប បានសម្រេចជាឯកច្ឆន្ទឱ្យលោក Prayuth បន្តស្នាក់នៅក្នុងលំនៅដ្ឋានយោធាដែលចេញចំណាយដោយថវិកាពីការបង់ពន្ធរបស់ពលរដ្ឋ បន្ទាប់ពីលោកបានចូលនិវត្តន៍ពីតួនាទីអគ្គមេបញ្ជាការកងទ័ពកាលពីឆ្នាំ២០១៤ ដោយតុលាការបញ្ជាក់ថា នោះមិនមែនជារឿងទំនាស់ផលប្រយោជន៍ ឬក៏រំលោភច្បាប់ណាមួយដែរ ដូច្នេះ «លោកនៅតែបន្តមុខតំណែងជានាយករដ្ឋមន្ត្រី»។
លោក Prayuth អតីតអគ្គមេបញ្ជាការកងទ័ព គឺជាមុខព្រួញនៃក្រុមបាតុករដែលមានកំហឹងនោះ បានចូលកាន់មុខតំណែងក្នុងអំពើរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៤។ លោកបានប្តេជ្ញាការពារព្រះមហាក្សត្រនិងនាំមកនូវសន្តិភាពនិងការរួបរួមដល់ប្រជាជាតិដែលបែកបាក់នេះ៕