លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-o-cha បានជួបជាមួយប្រធានាធិបតី Donald Trump ក្នុងសប្តាហ៍នេះនៅពេលដែលស.រ.អា.និងប្រទេសថៃស្វះស្វែងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមានការលូតលាស់ជាថ្មី។ ការទាក់ទងគ្នារវាងប្រទេសទាំងពីរនេះមានភាពតានតឹងចាប់តាំងពីអតីតឧត្តមសេនីយថៃរូបនេះបានទម្លាក់រដ្ឋាភិបាលមួយជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យពីអំណាចនៅក្នុងរដ្ឋប្រហារយោធាមួយកាលពីឆ្នា២០១៤។
លោក Prayuth ដែលជាអតីតអគ្គមេបញ្ជាការនៃកងទ័ពថៃបានមានប្រសាសន៍ប្រាប់ផ្នែកផ្សាយជាភាសាថៃនៃ VOAនៅក្នុងសេចក្តីសម្ភាសន៍ផ្តាច់មុខមួយថា «កាលពីបីឆ្នាំកន្លងទៅនេះមានការអភិវឌ្ឍន៍ជាវិជ្ជមានពីព្រោះស.រ.អា.ឃើញអ្វីដែលយើងបានធ្វើ។ អាមេរិកឃើញអ្វីដែលយើងបានធ្វើ ទោះណាជាយើងបានឡើងមកកាន់អំណាចបែបណាក៏ដោយ»។
ជំនួបទីមួយរបស់លោក Prayuth ជាមួយ Trump មានឡើងតែប៉ុន្មានថ្ងៃក្រោយពីតុលាការមួយក្នុងប្រទេសថៃបានកាត់ទោសដោយកំបាំងមុខនូវលោកស្រី Yingluck Shinawatra នាយករដ្ឋមន្ត្រីដែលលោក Prayuth បានទម្លាក់ពីតំណែងឱ្យជាប់គុកប្រាំឆ្នាំដោយសារការធ្វេសប្រហែសបែបព្រហ្មទណ្ឌទាក់ទិននឹងកម្មវិធីផ្តល់ប្រាក់ជំនួយបន្ថែមដើម្បីទិញអង្ករដោយមានតម្លៃខ្ពស់ពីក្រុមកសិករដែលគ្មានជោគជ័យក្នុងការបង្កើនប្រាក់ចំណូលរបស់ក្រុមអ្នកស្រែទាំងនេះ។
ក្រុមការពារសិទ្ធិមនុស្សនិងស.រ.អា.បានរិះគន់ដល់ការធ្វើអន្តរាគមន៍នៃក្រុមយោធាថៃដោយនិយាយថាមានការចុះថមថយនៃការគោរពសិទ្ធិមនុស្សនិងស្ថាប័នប្រជាធិបតេយ្យដូចជាសេរីភាពកាសែតជាដើមដូចដែលបានត្រូវបង្ហាញ
ដោយការបំបិទមាត់លោក Pravit Rojanaphruk ដែលជាអ្នកសារព័ត៌មានល្បីឈ្មោះម្នាក់។
លោកនាយករដ្ឋមន្ត្រី Prayuth បានមានប្រសាសន៍បង្ហាញហេតុផលថាសកម្មភាពនោះរបស់ក្រុមយោធាថៃជាការចាំបាច់ដើម្បីធ្វើឱ្យប្រទេសមានស្ថិរភាព៕