គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃបានអំពាវនាវឲ្យរំលាយគណបក្សនយោបាយ ដែលតែងតាំងសមាជិការនៃព្រះរាជ្យវង្សថៃឲ្យធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី។ គណៈកម្មការនេះបានបញ្ជូនសំណើរទៅកាន់តុលាការរដ្ឋធម្មនុញ្ញកាលពីថ្ងៃពុធ ដើម្បីសុំឲ្យរំលាយគណបក្ស Thai Raksa Chart ដោយសារតែគណបក្សនេះបានបំពានលើប្រព័ន្ធរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេស ជាមួយនឹងរដ្ឋាភិបាលមួយដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន គណបក្ស Thai Raksa Chart បានតែងតាំងព្រះអង្គម្ចាស់ក្សត្រីយ៍អ៊ូប៊ុលរតនា ម៉ាហ៊ីឌុលឲ្យឈរឈ្មោះធ្វើជានាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតជាតិដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមិនាខាងមុខនេះ។ ព្រះអង្គម្ចាស់ក្សត្រីយ៍អ៊ូប៊ុលរតនា ដែលមានព្រះជន្ម៦៧ព្រះវស្សា បានលះបង់បរមងារជាសែរាជវង្ស បន្ទាប់ពីព្រះនាងបានរៀបការជាមួយជនជាតិអាមេរិកាំងម្នាក់កាលពីឆ្នាំ១៩៧២ហើយបន្ទាប់មកបានលែងលះគ្នា។ ក៏ប៉ុន្តែព្រះចៅមហាវេជ្ជរាឡុងកនបានបដិសេធលើចំណាត់ការនេះថាមិនសមរម្យ និងមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ដោយទ្រង់បានមានព្រះបន្ទូលថា ព្រះអង្គម្ចាស់ក្សត្រីយ៍អ៊ូប៊ុលរតនានៅជាខ្សែររាជវង្សថៃនៅឡើយ។
កាលពីថ្ងៃចន្ទគណៈកម្មការរៀបចំការបោះឆ្នោតបានសម្រេចជាផ្លូវការមិនអនុញ្ញាតឲ្យព្រះនាងឈរឈ្មោះបោះឆ្នោត។តាមរយៈសារដែលបានបង្ហោះនៅលើគណនីបណ្តាញសង្គមរបស់ព្រះនាង ព្រះអង្គម្ចាស់ក្សត្រីយ៍អ៊ូប៊ុលរតនាបានបង្ហាញការសោកស្តាយថា បំណងប្រាថ្នាពិតប្រាកដរបស់ព្រះនាងដើម្បីជួយដល់ប្រទេស និងប្រជារាស្រ្តថៃបានបង្កើតជាបញ្ហា ដែលមិនគួរកើតឡើងនៅថ្ងៃនេះ និងក្នុងយុគសម័យនេះទេ៕