ប៉ូលិសថៃបានប៉ះទង្គិចជាមួយក្រុមបាតុករនៅថ្ងៃទី២ជាប់ៗគ្នាកាលពីថ្ងៃពុធបន្ទាប់ពីក្រុម បាតុកររាប់រយនាក់ បានធ្វើបាតុកម្មប្រឆាំងតវ៉ានៅជិតគេហដ្ឋាននាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ដើម្បីទាមទារឲ្យលោកចុះចេញពីតំណែងចំពោះការចាត់ចែងទៅលើវិបត្តិជំងឺកូវីដ១៩នៅក្នុងប្រទេសមិនបានល្អ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមបាតុកររាប់រយនាក់ បានគប់ថ្នាំលាបទៅលើប៉ូលិសប្រឆាំងកុបកម្មដែលបានប្រឈមជា មួយពួកគេនៅពេលដែលពួកគេបានព្យាយាមដើរទៅកាន់ផ្ទះលោក Prayuth ហើយប៉ូលិសបានធ្វើការឆ្លើយតបដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកពួកគេ។
ក្រុមអាជ្ញាធរថៃបានប្រើប្រាស់របងលួសបន្លានិងធុងធំៗដើម្បីបិទផ្លូវ។
ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹកនិងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកការតវ៉ាប្រឆាំងស្រដៀងគ្នានេះដែរកាលពីថ្ងៃអង្គារនៅពេលដែលក្រុមបាតុកររាប់ពាន់នាក់បានបើកបររថយន្តជាក្បួនកាត់តាមទីក្រុងបាងកកនោះ។
ប៉ូលិសការពារការប្រើកម្លាំងរបស់ខ្លួន ដោយលើកឡើថានេះជាវិធានការសាធារណៈដ៏សំខាន់មួយ ហើយបាននិយាយថា មនុស្ស៤៨នាក់បានត្រូវចាប់ខ្លួន និងប្រឈមការចោទប្រកាន់នានារាប់ពីការលួចដុតនិងការវាយតប់រហូតដល់ការរំលោភច្បាប់វីរុសជំងឺកូវីដ១៩ដែលហាមឃាត់ការប្រមូលផ្តុំសាធារណៈនោះ។
នាយករដ្ឋមន្ត្រី Prayuth បានស្ថិតនៅក្រោមការរិះគន់ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងច្របូកច្របល់និងការបរាជ័យមិនបានទប់ស្កាត់រលកជំងឺកូវីដ១៩ដ៏អាក្រក់បំផុតនៅក្នុងប្រទេសថៃ ដែលបានធ្វើឲ្យឆ្លងដល់មនុស្សប្រមាណជាង៧៨៨.០០០នាក់និងមានមនុស្សស្លាប់៦.៧០០នាក់។
ចលនាតវ៉ាប្រឆាំងដឹកនាំដោយយុវជនបានស្វះស្វែងទម្លាក់លោក Prayuth ដែលជាអតីតមេដឹកនាំយោធាមួយរូបចេញពីអំណាចនៅក្នុងអំឡុងនៃការតវ៉ាប្រឆាំងដ៏ធំមួយកាលពីឆ្នាំទៅ ដោយបានចោទប្រកាន់លោកថាបានប្រើមធ្យោបាយប្រព័ន្ធនយោបាយថៃមិនសុចរិត ដើម្បីបន្តស្ថិតក្នុងអំណាចប៉ុន្តែលោកបានបានបដិសេធការចោទប្រកាន់នោះ៕