បូលិស​ថៃ​ចាប់​ខ្លួន​មេដឹក​នាំ​និស្សិត​ជុំវិញ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល

  • ​Reuters

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលិស​នៅ​ខាង​ក្រៅ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

ប៉ូលិស​ថៃ​មួយ​រូប​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា ប៉ូលិស​ថៃ​បាន​ចាប់​ខ្លូន​មេដឹក​នាំ​និស្សិត​មួយ​រូប​នៅ​ថ្ងៃ​អង្គារ​នេះ​ ជា​ផ្នែកមួយ​នៃការ​បន្ត​ការ​បង្ក្រាប​ប្រឆាំង​សកម្មជន​នយោបាយ​ដែល​បាន​ជួយ​រៀបចំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាល​ពីខែ​កក្កដា។

កញ្ញា Jutatip Sirikhan អាយុ២១ឆ្នាំ ជាប្រធាន​សម្ព័ន្ធ​និស្សិត​ប្រចាំ​ប្រទេស​ថៃ​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល នៅ​ពេល​ដែល​នាង​ធ្វើ​ដំណើរ​តាមរថយន្ត​តាក់ស៊ី​ទៅកាន់​សាកលវិទ្យាល័យ​បាងកក នេះបើ​យោង​តាម​វីដេអូ​ដែល​ថតដោយ​កញ្ញា Jutatip បង្ហោះ​លើ​គណនី​ហ្វេកប៊ុក​ផ្ទាល់​ខ្លួន​របស់​នាង។ ​នៅ​ក្នុង​វីដេអូ​នោះ ប៉ូលិស​ [ដែល​ចាប់​នាង] បាន​ប្រាប់​ថាខ្លួន​ជា​សមាជិក​ប៉ូលិស​ប្រចាំ​ទីក្រុង​បាងកក មុន​ពេលបង្ហាញ​ដីកា​ចាប់​ខ្លួន។

ប៉ូលិស​ម្នាក់​ប្រចាំ​ស្ថានីយ៍​ប៉ូលិស Samranrat ​នៅ​ក្នុង​ទីក្រុង​បាងកក​បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទថា៖ «​យើង​អនុវត្ត​តាម​ដីកា​ចាប់​ខ្លួន​ករណី​បាតុកម្ម​ថ្ងៃទី១៨ ខែកក្កដា»។​

ប៉ូលិស​រូប​នេះ​បាន​ឱ្យ​ដឹងទៀតថា កញ្ញា Jutatip នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង និង​រំលោភ​បទប្បញ្ញត្តិហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ជា​សាធារណៈក្នុង​អំឡុង​ពេល​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៀត។

ក្រុម​និស្សិត​បាន​តវ៉ាទូទាំង​ប្រទេស​ស្ទើតែ​រាល់​ថ្ងៃ​ចាប់​ពី​ថ្ងៃទី១៨ ខែកក្ដដា​មក អំពាវ​នាវ​ឱ្យ​មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី និង​បញ្ចប់ឥទ្ធិពល​យោធា​ទៅ​លើ​នយាបាយថៃ៕