ប៉ូលិសនៅក្នុងប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ បានចាប់ខ្លួនអ្នកចម្រៀង rap និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន៧នាក់នៅក្នុងការបង្ក្រាបលើក្រុមបាតុករ ដែលបានក្លាយជាចលនាគំរាមកំហែងខ្លាំងជាងគេចំពោះរដ្ឋាភិបាលថៃដែលដឹកនាំដោយអតីតមេបញ្ជាកងទ័ពលោក Prayuth Chan-ocha។
ក្រុមបាតុករដែលជាច្រើនជាសិស្សនិស្សិតបានចោទប្រកាន់រដ្ឋាភិបាលលោកថាមិនមានសមត្ថភាពនិងប្រព្រឹត្តអំពើពុករលួយ។
ក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួនមានលោក Dechathorn Bamrungmuang សមាជិកសំខាន់ម្នាក់នៃក្រុមតន្រី Rap ប្រឆាំងនឹងរបបផ្តាច់ការ។ លោកបានបង្ហោះរូបតាមហ្វេសប៊ុកដែលបង្ហាញទិដ្ឋភាពប៉ូលិសនាំខ្លួនលោកទៅការិយាល័យប៉ូលិសដើម្បីសាកសួរ។
ក្រុមអ្នកតវ៉ាដែលកំពុងប្រឈមនឹងទោសបះបោរបានទាមទារឲ្យរដ្ឋាភិបាលលោក Prayuth លាលែងពីតំណែង។ ដោយសារតួនាទីសំខាន់ៗក្នុងគណៈរដ្ឋមន្ត្រីថៃត្រូវកាន់កាប់ដោយអតីតឧត្តមសេនីយ៍នៅឡើយ ចលនាប្រឆាំងនឹងការក្តោបក្តាប់អំណាចយោធានៅក្នុងនយោបាយថៃ និងការដឹកនាំរបស់លោក Prayuth កាន់តែមានការកើនឡើង៕