ប៉ូលិស​ថៃ​និយាយ​ថា ​គេបាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ទាក់ទង​នឹង​ការ​ដាក់​គ្រាប់បែក

ប៉ូលិស​ថៃ​ឈរ​នៅ​ផ្លូវ​ដើរ​ខាង​ក្រៅ​អាគារ​មួយ​នៅ​តំបន់​ Nong Jok ជាយក្រុងបាងកកនា​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ២០១៥។ ប៉ូលិស​ថៃ​និយាយ​ថា ​គេបាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ទាក់ទង​នឹង​ការ​ដាក់​គ្រាប់បែក។

ប៉ូលិស​ថៃ​និយាយ​ថា ​គេបាន​ចាប់​ខ្លួនជន​សង្ស័យ​ម្នាក់​ទាក់ទង​នឹង​ការ​ដាក់គ្រាប់បែក​កាល​ពីថ្ងៃទី១៧​ខែ​សីហានេះ ​នៅ​ទីក្រុងបាងកក ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​២០​នាក់។ ​អ្នក​នាំពាក្យ​ប៉ូលិសថៃ​និយាយ​ថា​ ជនសង្ស័យ​នោះ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅថ្ងៃសៅរ៍​នេះ​នៅ​ជាយក្រុង​បាងកក​ បន្ទាប់​ពី​ប៉ូលិស​បានរក​ឃើញសម្ភារៈ​ ដែល​អាច​ច្នៃធ្វើ​គ្រាប់បែក​ នៅក្នុង​អគារមួយ​ដែលជន​នេះ​បាន​ជួល​ស្នាក់នៅ។ ​

លោក ​Steve Herman ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​វីអូអេ​ ប្រចាំ​នៅ​ទីក្រុងបាងកក​ និយាយ​ថា​ មន្ត្រីប៉ូលិស​បានស្គាល់​អត្តសញ្ញាណ​ជន​សង្ស័យ​នេះ​ដែល​មាន​អាយុ​២៨​ឆ្នាំ ​ជា​ជន​ជាតិតួក​គី ​ឈ្មោះ Adem Karadag។​ មិនទាន់​មានក្រុមណា​មួយ​ប្រកាស​ទទួលខុសត្រូវ​ការដាក់​គ្រាប់បែក​នេះនៅ​ឡើយទេ។​ គ្រាប់បែក​នេះ​បានផ្ទុះ​នៅ​កន្លែង​សក្ការៈ ​Erawan ​ដ៏​មាន​ប្រជាប្រិយ​នៅ​កណ្តាល​ទីក្រុង​បាងកក។ ​

អាជ្ញាធរ​និយាយ​ថា អ្នក​ទេសចរ​មួយ​ចំនួន​នៅក្នុង​ចំណោម​ជនរង​គ្រោះទាំង​នោះ។ ​ក្រៅពីជន​រងគ្រោះ​បាត់បង់​ជីវិត​ នៅមាន​មនុស្ស​រាប់​សិប​នាក់​ទៀត​បាន​រងរបួស។ ​ប៉ូលិស​បាន​ផ្សព្វផ្សាយ​រូបគំនូរ​ព្រាង​របស់​ជន​សង្ស័យ​ដែល​ជាជន​បរទេស​ ស្លៀក​ពាក់​របៀប​ស្ទាវ ​ ហើយសក់​សិត​បះៗ​ផ្នែក​ខាងក្រោយ​ ពាក់​វ៉ែនតា​រាង​មូល​ ហើយ​ដែល​ប៉ូលិស​និយាយ​ថា​ ជន​នេះ​ជាជន​សង្ស័យ​ចម្បង។ ជន​សង្ស័យ​នេះ​ត្រូវ​កាំមេរ៉ា​សន្តិសុខថត​បាន​ នៅពេល​ជន​នេះ​ទុក​សំពាយ​នៅលើ​កៅអីវែង​នៅក្រៅ​ទី​សក្ការៈ​តាម​សាសនា​ហិណ្ឌូ​នោះ​ ហើយ​បានដើរ​ចោល​សំពាយ​។ ​បន្តិច​ក្រោយមក ​គ្រាប់បែក​បាន​ផ្ទុះ។​ ប៉ូលិស​ជឿថា​ ជននេះ​បាន​ជួយ​ក្នុង​ផែន​ការវាយ​ប្រហារ​នោះ ​ប៉ុន្តែប៉ូលិស​បាន​បង្ហាញ​ការ​សង្ស័យ​ថា​ ការវាយ​ប្រហារ​នេះ​ប្រហែល​មិន​ទាក់ទង​នឹង​ក្រុមភេរវកម្ម​អន្តរជាតិ​ទេ។​

ប៉ូលិសបាន​ពិចារណា​ថា ​ការវាយ​ប្រហារ​នេះ​អាច​មាន​មូលហេតុ​ច្រើនយ៉ាង ដូចជា​ ទំនាស់ផ្ទៃ​ក្នុង​ប្រទេស​ដ៏យូរ ​ ការបះបោរ​របស់​ពួក​ម៉ូស្លីម​នៅភាគ​ខាងត្បូង​ ការខឹង​សម្បារ​សង​សឹក​ពីជនជាតិ ​Uighurs ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ថៃ​បញ្ជូនជន​ជាតិ​ Uighurs​ជាង​១០០​នាក់​ទៅប្រទេស​ចិនវិញ​កាលពីខែមុន៕