នាយករដ្ឋមន្ត្រី​ថៃ​នឹង​ប្រកាស​នៅ​ខែ​កញ្ញា​ថា​តើ​លោក​នឹង​ចូលរួម​បោះ​ឆ្នោត​ឬ​ក៏​អត់

លោក​នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha ជិះ​លើ​ត្រាក់ទ័រ​នៅ​សាលា​កសិកម្ម​មួយ​នៅ​ក្នុង​ខេត្ត Suphan Buri ប្រទេស​ថៃ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

នាយករដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan Ocha បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​នឹង​ប្រកាស​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​អំពី​ថា​តើ​លោក​នឹង​ចូល​ប្រឡូក​នៅ​ក្នុង​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​នឹង​ចូល​មក​ដល់​នៅ​ឆ្នាំ​ក្រោយ​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

ខែ​ឧសភា​ឆ្នាំ​ក្រោយ​គឺ​ជា​កាល​បរិច្ឆេទ​ថ្មី​ចុង​ក្រោយ​បំផុត​ដែល​របប​យោធា​របស់​លោក Prayuth បាន​កំណត់​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ក្នុង​ប្រទេស​ថៃ។ អ្នក​រិះគន់​សង្ឃឹម​ថា ការ​បោះ​ឆ្នោត​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ថៃ​វិល​ទៅ​រក​របប​ដឹកនាំ​បែប​ស៊ីវិល​វិញ បន្ទាប់ពី​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​យោធា​អស់​រយៈពេល​ជាង ៤ ឆ្នាំ​មក។

ក្នុង​នាម​ជា​មេបញ្ជាការ​យោធា លោក Prayuth វ័យ ៦៤ ឆ្នាំ រូប​នេះ បាន​ដឹកនាំ​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ ២០១៤ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី Yingluck Sinawatra ក្នុង​គោល​បំណង​ដើម្បី​បញ្ចប់​ភាព​ចលាចល​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជា​យូរ។

ប៉ុន្តែ​លោក​បាន​បង្ហាញ​សញ្ញា​ថា លោក​ចង់​កាន់​អំណាច​បន្ត​ទៀត​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ ដោយ​លោក Prayuth និយាយ​ថា៖ «ប្រសិនបើ​ខ្ញុំ​ចង់​កាន់​អំណាច ខ្ញុំ​នឹង​ត្រូវ​មើល​លើ​ច្បាប់»។

នៅ​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ លោក Prayuth មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះ​ឆ្នោត​នោះ​ទេ ដោយសារតែ​លោក​ចាំបាច់​ត្រូវ​លាលែង​ពី​តំណែង​តាំង​ពី​ឆ្នាំ ២០១៧ ម្ល៉េះ ប្រសិន​បើ​លោក​ចង់​ឈរ​ឈ្មោះ​បោះ​ឆ្នោត។

ប៉ុន្តែ លោក​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ម្ដង​ទៀត ប្រសិនបើ​គណបក្ស​នយោបាយ​ណា​មួយ​ជ្រើសរើស​លោក​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាំ​មុខ។

លោក Prayuth ក៏​អាច​ត្រូវ​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា «នាយករដ្ឋមន្ត្រី​ពី​ខាង​ក្រៅ» ផង​ដែរ ប្រសិនបើ​រដ្ឋសភា និង​ព្រឹទ្ធសភា​តែងតាំង​រូប​លោក ក្នុង​ករណី​ដែល​បេក្ខជន​ខាង​គណបក្ស​ឈ្នះ​ឆ្នោត​មិន​បាន​ទទួល​សំឡេង​ឆ្នោត​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បាន៕