ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ធម្មនុញ្ញថ្មី​បញ្ជាក់ថា​កងទ័ពថៃ​នៅតែជា​តួអង្គសំខាន់​បន្ទាប់​ពីការ​បោះឆ្នោត


អង្គ​នីតិបញ្ញត្តិ​ប្រទេសថៃ​ ដែល​ត្រូវបាន​គេស្គាល់​ឈ្មោះថា​ ក្រុម​ប្រឹក្សាកំណែ​ទម្រង់ជាតិ​ កំពុង​ឈរបោះ​ឆ្នោត​ដែលមាន​១៣៥​សំឡេង​ប្រឆាំង​ ១០៥​សំឡេង​គាំទ្រ​ និង​៧សំឡេង​អនុប្បវាទ​ លើសេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី។ រូបថត​ថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០១៥​ ទីក្រុងបាងកក​ ប្រទេស​ថៃ។
អង្គ​នីតិបញ្ញត្តិ​ប្រទេសថៃ​ ដែល​ត្រូវបាន​គេស្គាល់​ឈ្មោះថា​ ក្រុម​ប្រឹក្សាកំណែ​ទម្រង់ជាតិ​ កំពុង​ឈរបោះ​ឆ្នោត​ដែលមាន​១៣៥​សំឡេង​ប្រឆាំង​ ១០៥​សំឡេង​គាំទ្រ​ និង​៧សំឡេង​អនុប្បវាទ​ លើសេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី។ រូបថត​ថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០១៥​ ទីក្រុងបាងកក​ ប្រទេស​ថៃ។

រដ្ឋធម្មនុញ្ញ​ថ្មី​ចុងក្រោយ​បង្អស់​របស់​ប្រទេសថៃ​ ដែល​ត្រូវ​បាន​ឡាយ​ព្រះហត្ថលេខា​ដោយ​ព្រះ​មហាក្សត្រ​ Maha Vajiralongkorn បាន​បើកទ្វារ​ឲ្យមាន​ការបោះឆ្នោត​សាជាថ្មី​នៅចុងឆ្នាំ​២០១៨នេះ។

ព្រះរាជ​ពីធី​ឡាយ​ព្រះ​ហត្ថលេខា​ដែល​ត្រូវ​បាន​ត្រៀម​ និង​រៀប​ចំ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ធ្វើឡើង​កាល​ពី​ថ្ងៃទី០៦​ ខែ​មេសា​ ជា​សញ្ញា​បង្ហាញ​ពី​ការ​ប៉ុនប៉ង​ថ្មី​មួយ​ដើម្បី​បញ្ជាក់​ថា​ រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ​អាច​នឹង​មាន​ស្ថិរភាព​វិញ។

រដ្ឋធម្មនុញ្ញ​លើក​នេះ​ គឺជា​ច្បាប់​លើក​ទី២០​ចាប់តាំង​ពី​ប្រទេស​ថៃ​ប្រកាន់​យក​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ក្នុងឆ្នាំ១៩៣២ ដែល​រដ្ឋធម្មនុញ្ញ​មុន​ត្រូវ​បាន​បោះបង់​ចោល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដោយសារ​ការប្រែប្រួល​នយោបាយ​ និង​រដ្ឋប្រហារ​យោធា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ជំនាញ​លើ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​ថៃ​ជា​ច្រើន​រូប​ មាន​ភាព​មន្ទិល​សង្ស័យ​លើ​ភាព​ជោគជ័យ​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ។

រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​អាច​លេច​ចេញ​ជារូបរាង​បាន​បន្ទាប់ពី​រយៈពេល៣ឆ្នាំ​ដែល​ក្រុម​យោធា​បាន​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី Yingluck Shinawatra ក្នុង​ខែ​ឧសភា​ ឆ្នាំ២០១៤។

ប្រទេស​ថៃ​ បាន​ឆ្លងកាត់​រដ្ឋប្រហារ​ ឬ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ចំនួន២១ដង​ រាប់​ចាប់តាំង​ពីឆ្នាំ១៩៣២​មក។ រដ្ឋប្រហារ​ឆ្នាំ២០០៦​ទម្លាក់​លោក​នាយក​រដ្ឋ​មន្ត្រី​ Thaksin Shinawatra ដែល​ជា​បងប្រុស​លោកស្រី​នាយក​រដ្ឋ​មន្ត្រី​ Yingluck បាន​នាំ​ឲ្យ​កើត​មាន​ភាពតាន​តឹង​នយោបាយ​ជាង​មួយ​ទសវត្សរ៍​ក្នុង​ប្រទេស​មួយ​នេះ។

រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​ត្រូវ​បាន​ការ​ឯកភាព​យល់ព្រម​ដោយ​ការ​បោះឆ្នោត​ប្រជាមតិ​កាលពីឆ្នាំមុន​ ហើយ​បន្ទាប់មក​ត្រូវ​បាន​គេ​ធ្វើ​វិសោធនកម្ម​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​លើ​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ។

ក្រុម​សមាជិក​ព្រឹទ្ធសភា​យោធា​ក៏បាន​ឯកភាព​យល់​ព្រម​

ក្រុម​សមាជិក​ព្រឹទ្ធសភា​ចំនួន២៥០រូប​ ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​របប​យោធា​ និង​សមាជិក​ព្រឹទ្ធសភា​ចំនួន៥០០រូប​ទៀត​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ការ​បោះ​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ ក៏បាន​ឯកភាព​យល់ព្រម​ច្បាប់រដ្ឋធម្មនុញ្ញ​នេះ​ដែរ។ សភា​ទាំង​ពីរ មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ជ្រើសរើស​នាយក​រដ្ឋ​មន្ត្រី។

ស្រប​ពេល​ដែល​ក្រុម​អ្នក​វិភាគ​នយោបាយ​ជាច្រើន​ក្នុង​ប្រទេស​ថៃ​មើល​ឃើញ​ថា រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ ពួកគេ​ក៏បាន​ព្រមាន​ថា​ ការណ៍​ដែល​ក្រុម​យោធា​នៅ​តែ​ត្រួតត្រា​ព្រឹទ្ធសភា​នោះ ភាព​ចលាចល​ខាងនយោបាយ​អាច​នៅ​តែ​កើតមាន​ជា​បន្ត។

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​មួយ​រូប​ឈ្មោះ Titipol Pakdeewanich មក​ពី​សាកល​វិទ្យាល័យ​ Ubon Ratchathani បាន​និយាយ​ថា ​ក្រុម​យោធា​កំពុង​សម្លឹងទុក​ការ​បោះឆ្នោត​ជា​ជំហាន​បន្ទាប់។

«សម្រាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ របប​យោធា​នៅ​តែ​អាច​មានលទ្ធភាព​រក្សា​អំណាច​របស់​គេ​បាន។ ប៉ុន្តែ​ការ​រក្សា​អំណាច​របស់​ពួក​គេ​តាម​រយៈ​រដ្ឋធម្មនុញ្ញ​ គឺ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ក្នុង​ប្រទេស​ថៃ»។

Titipol បាន​បន្ថែម​ថា​៖ «សម្រាប់​ក្រុម​យោធា​ ការណ៍​ដែល​មាន​ការបោះឆ្នោត​គឺ​ជា​រឿង​មួយ​ផ្សេងទៀត​ដែល​គេ​ចង់​បាន​ ដូច្នេះ​ពួក​គេ​អាច​និយាយ​ជាមួយ​ប្រទេស​លោក​ខាងលិច​ឡើងវិញ​ និង​មានការ​ទទួលស្គាល់​កាន់​តែ​ច្រើន​ឡើង»។

តួនាទី​របស់​គណបក្ស​នយោបាយ​នៅ​មិន​ទាន់​ច្បាស់លាស់​

លោក​ Thitinan Pongsudhirak ដែល​ជា​អ្នក​វិទ្យា​សាស្ត្រ​នយោបាយ​មួយ​រូប​ ដែល​បាន​សរសេរ​បទ​អត្ថាធិប្បាយ​ខ្លួន​ក្នុង​ទំព័រ​សារព័ត៌មាន​មួយ​ បាន​សរសេរ​ថា​៖ «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នេះ​ជា​ដំណឹង​ដ៏​អាក្រក់​ វា​ដូចជា​ភាព​តានតឹង​រវាង​ក្រុម​យោធា​ និង​ក្រុម​ស៊ីវិល​ក្រោយ​ការបោះឆ្នោត​កើតឡើង​សាជាថ្មី​ និង​បង្ក​ឲ្យ​មាន​ជម្លោះ​ ពីព្រោះ​ក្រុម​យោធា​បាន​ភ្ជាប់​ឥទ្ធិពល​ និង​ការត្រួតត្រា​របស់​ខ្លួន​លើ​នយោបាយ​ប្រទេស​ថៃ​»។

លោក​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​ ប្រទេស​ថៃ​អាច​នឹង​ចំណាយ​ពេល​មួយ​ទសវត្សរ៍​ទៀត​លើ​ជម្លោះ​ និង​ការ​ប្រឈម​មុខ​ដាក់គ្នា​បន្ទាប់ពី​ការ​បាក់​បែកគ្នា​ និង​ភាព​អសកម្ម​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​មាន​រយៈ​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​នេះ។

រដ្ឋាភិបាល​យោធា​ បាន​បញ្ជា​ឲ្យ​មានការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​លើ​គណបក្ស​នយោបាយ​ដោយ​គ្មាន​កាល​កំណត់​ ឬ​រចនាសម្ព័ន្ធ​ច្បាស់លាស់​សម្រាប់​ពេលវេលា​ ដែល​គណបក្ស​នយោបាយ​ទាំងនោះ​អាច​ចូល​រួម​យ៉ាង​សកម្ម​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

លោក​ Pandit Chanrochanakit អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ Chulalongkorn បាន​និយាយ​ថា​ ឧបសគ្គ​របស់​ក្រុម​យោធា​គឺ​ ការណ៍​ដែល​ពួកគេ​ត្រូវ​ចុះ​ចេញ​ពី​តំណែង​ជា​ថ្នាក់​ដឹក​នាំ​ក្នុង​ជួរ​រដ្ឋាភិបាល​ចាប់​តាំង​ពី​ចូល​កាន់​កាប់​អំណាច​ក្នុង​ឆ្នាំ​២០១៤។

លោក​ Pandit បាន​ប្រាប់​ វីអូអេ​ថា​៖ «បញ្ហា​ដ៏​លំបាក​បំផុត​សម្រាប់​របប​យោធា​ គឺ​ការ​ចុះចេញ​ពី​អំណាច​គឺ​របៀប​ដែល​របប​នេះ​អាច​ធ្វើ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិភាព​ដោយ​មិន​បញ្ហា​អ្វី​ទាំង​អស់»។

លោក​បាន​និយាយ​ថា​ គណបក្ស​នយោបាយ​នាំមុខ តួយ៉ាង​គណបក្ស Pheu Thai ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​លោកស្រី​ Yingluck Shinawatra និង​គណបក្ស​អ្នក​ប្រជាធិបតេយ្យ​ ដែល​គណបក្ស​ទាំងពីរ​នេះ​កំពុងតែ​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​លើ​ភាព​បែក​បាក់​ផ្ទៃក្នុង​របស់​ថ្នាក់​ដឹកនាំ​គណបក្ស។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ មាន​ក្រុម​ថ្នាក់ដឹកនាំ​យោធា​មួយ​ចំនួន​រួច​ជា​ស្រេច​ក្នុង​ជួរ​រដ្ឋាភិបាល​កំពុង​សម្លឹងមើល​គណបក្ស​នយោបាយ​ ដើម្បី​ខ្លួន​អាច​ឈរ​នៅ​ពី​ក្រោយ​មុន​ពេល​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខិតចូល​មកដល់​ ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​គេ​ជ្រើស​តាំង​ជា​អ្នក​តំណាង​គណបក្ស​នោះ​ ការណ៍​នេះ​នឹងធ្វើ​ឲ្យ​ក្រុម​យោធា​រឹត​តែ​អាច​គ្រប់គ្រង​កាន់​តែ​ខ្លាំង​ថែម​ទៀត។

អ្នកវិភាគ​មួយ​ចំនួន​បាន​និយាយ​ថា រដ្ឋធម្មនុញ្ញ​ថ្មី គឺ​មាន​លក្ខណៈ​មើលស្រាល​អ្នក​បោះ​ឆ្នោត។

លោក ​Titipol បាន​និយាយ​ថា៖ «ការណ៍​ដែល​រដ្ឋធម្មនុញ្ញ​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ខ្លាំង​នោះ​ គឺជា​រឿង​ព្រួយ​បារម្ភ​មួយ។ វា​ពិបាក​នឹង​ជឿ​ថា រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ អាច​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ថៃ​បាន​នោះ​ទេ​ ពី​ព្រោះ​តាម​គំនិត​ខ្ញុំ​ វា​មាន​លក្ខណៈ​មើលស្រាល​ (គោល​ការណ៍) មនុស្ស​ម្នាក់​ សន្លឹកឆ្នោត​មួយ​សន្លឹក​»។

លោក​បាន​បន្ថែម​ថា​៖ «រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​ មិនបាន​បញ្ចូល​ការ​ឲ្យ​តម្លៃ​មនុស្ស​ស្មើ​ភាព​គ្នា​ឡើយ​។ ដូច្នេះ​នៅ​ពេល​ដែល​រដ្ឋធម្មនុញ្ញ​មិន​មាន​លក្ខណៈ​ប្រជាធិតេយ្យ​ផង​នោះ​ ថា​តើ​អ្នក​អាច​រំពឹង​ថា ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ហ្នឹង​យ៉ាង​ដូច​ម្តេច?​»។

ក្រុម​អ្នកវិភាគ​បាន​កត់​សម្គាល់​ថា​ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ បាន​អនុញ្ញាត​ឲ្យ​រដ្ឋសភា​ជ្រើសតាំង​នាយក​រដ្ឋ​មន្រ្តី​ដែល​មិន​ទាន់​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

លោក​ Pandit នៃ​សាកល​វិទ្យាល័យ​ Chulalongkorn បាន​និយាយ​ថា​ ការណ៍​នេះ​នឹង​បង្កើត​ឲ្យ​មាន​ការភ័យខ្លាច​នានា​នៃ​បាតុកម្ម​នយោបាយ​ប្រឆាំង​តវ៉ា​សាជាថ្មី​ដូចឆ្នាំ១៩៩២​ ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ Suchinda Kraprayoon ដែល​ត្រូវ​ក្រុម​យោធា​លើក​បន្តុប។

លោក​ Suchinda ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​៣ថ្ងៃ​ បន្ទាប់ពី​មាន​ការ​បង្ហូរ​ឈាម​ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់៥០​នាក់​ស្លាប់​ និង​រាប់​រយ​នាក់​ទៀត​រង​របួស។

លោក​ Pandit បាន​និយាយ​ថា​៖ «ចលនា​ងើប​ប្រឆាំង​ឆ្នាំ១៩៩២​ (ដែល​បាន​កើតឡើង​) នោះ​ ពីព្រោះ​តែ​យើង​មិន​ចង់​បាន​អ្នក​ដែល​មិន​មែន​ជា​តំណាង​យើង​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី។ ដូច្នេះ​ ការណ៍​នេះ​ អាច​នឹងជា​បញ្ហា​មួយ​ផ្សេងទៀត​សម្រាប់​រដ្ឋាភិបាល​យោធា»។

បាតុកម្ម​ប្រឆាំង​តវ៉ា​នានា​ ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​នៅ​ពេល​ដែល​អតីត​ព្រះមហាក្សត្រ​ Bhumibol Adulyadej ចូល​ធ្វើ​ព្រះរាជ​អន្តរាគមន៍ ដោយ​បង្ខំឲ្យ​មានការ​បញ្ចប់​ការ​គ្រប់គ្រង​ដោយ​ក្រុម​យោធា​ និង​បើកឲ្យ​មាន​រយៈ​កាល​ដ៏​វែង​នៃ​ការ​វិវត្ត​លទ្ធិ​ប្រជាធិបតេយ្យ៕

ប្រែសម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG