ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រិះគន់​កើន​ឡើង​ពាក់ព័ន្ធ​នឹង​ការ​ពន្យារពេល​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ថៃ


សមាជិក​សភា​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​វិមាន​សភា ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
សមាជិក​សភា​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​វិមាន​សភា ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

រដ្ឋាភិបាល​យោធា​ថៃ​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​នូវ​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​ពន្យារពេល​ជា​ថ្មី​ម្ដង​ទៀត​នូវ​ការ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ដែល​ជា​ការ​បោះ​ឆ្នោត​មួយ​តម្រូវ​ឲ្យ​ប្រទេស​ថៃ​ត្រឡប់​ទៅ​រក​ការ​ដឹកនាំ​បែប​ស៊ីវិល​វិញ​យ៉ាង​ហោច​ណាស់​ទោះ​មានតែ​ឈ្មោះ​ក៏​ដោយ។

រដ្ឋាភិបាល​យោធា​ថៃ ដែល​គេ​ស្គាល់​ថា​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​របៀប​រៀបរយ បាន​កាន់​អំណាច​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០១៤ មក និង​បាន​ដាក់​ចេញ​នូវ «គម្រោង​នយោបាយ» មួយ​សម្រាប់​ការ​បោះ​ឆ្នោត ដែល​ដំបូង​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៦។

ក្រោយ​មក នាយករដ្ឋមន្ត្រី​ថៃ​លោក​ឧត្ដមសេនីយ៍ Prayut Chan-o-Cha បាន​កំណត់​យក​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ នេះ​ជា​កាល​បរិច្ឆេទ​បោះ​ឆ្នោត មុន​ពេល​ដែល​រដ្ឋសភា​ជាតិ​ដែល​តែងតាំង​ដោយ​យោធា​បាន​ពន្យារ​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​នេះ​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ ២០១៩ ខាង​មុខ។

គេ​ឃើញ​មាន​ការ​រិះគន់​កើន​ឡើង​ពាក់ព័ន្ធ​នឹង​ការ​ពន្យារពេល​ការ​បោះ​ឆ្នោត​នេះ ដោយ​មន្ត្រី​ការទូត​បរទេស​បាន​ចូលរួម​តវ៉ា​ចំពោះ​បញ្ហា​នេះ​ជាមួយ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ថៃ និង​ក្រុម​គណបក្ស​ប្រឆាំង។

លោក Chris Baker ដែល​ជា​អ្នក​អត្ថាធិប្បាយ និង​ជា​អ្នក​និពន្ធ​មួយ​រូប​ផ្ដោត​លើ​នយោបាយ​ថៃ បាន​និយាយ​ថា៖ «រដ្ឋាភិបាល​យោធា​ថៃ​បាន​ពន្យារពេល​ការ​បោះ​ឆ្នោត​នេះ​អស់​រយៈពេល​ជា​ច្រើន​ដង​ច្រើន​សារ​មក​ហើយ។ វា​ដូចជា​ជ្រុល​ពេក ហើយ​ប្រជាពលរដ្ឋ​គ្មាន​ការ​អត់ធ្មត់​បន្ត​ទៀត​នោះ​ទេ»។

លោក Chris Baker បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​ទន់ខ្សោយ​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​កំពុង​តែ​ប៉ះពាល់​ដល់​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ចំពោះ​រដ្ឋាភិបាល និង​ជំរុញ​ឲ្យ​មាន​បរិយាកាស​ទោមនស្ស​កាន់តែ​កើន​ឡើង​ថែម​ទៀត។

ជាង​នេះ​ទៅ​ទៀត បញ្ហា​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​ការ​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​មួយ​ទៀត គឺ​រឿង​អាស្រូវ​ដែល​ពាក់ព័ន្ធ​នឹង​ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក Prawit Wongsawon។ លោក Prawit Wongsawon បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​ខ្លាំងក្លា​ពី​សាធារណជន ដោយសារតែ​លោក​ពាក់​នាឡិកា​ប្រណិតៗ ដែល​អាច​មាន​តម្លៃ​ប្រហែល​ជាង ១ លាន ២ សែន​ដុល្លារ​អាមេរិក។

លោក Prayut Chan-o-Cha បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ជៀសវាង​ធ្វើ​ការ​សន្យា​ណា​មួយ​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​យោធា​ចុះចេញ​ពី​តំណែង​ក្រោយ​ការ​បោះ​ឆ្នោត។

មន្ត្រី​រដ្ឋាភិបាល​យោធា​ថៃ​បាន​រិះគន់​ថា ការ​ពន្យារពេល​នេះ​គឺ​បណ្ដាល​មកពី​ឧបសគ្គ​ផ្លូវ​ច្បាប់។

យោធា​ថៃ​បាន​ឡើង​កាន់​អំណាច​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៤ មក បន្ទាប់ពី​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជា​ច្រើន​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជា​ច្រើន​ខែ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី Yingluck Shinawatra។

បាតុកម្ម​ទាំង​នេះ ដំបូង​បាន​កើត​ឡើង​ដោយសារ​រដ្ឋាភិបាល​របស់​លោកស្រី Yingluck ព្យាយាម​អនុម័ត​ច្បាប់​លើកលែង​ទោស​មួយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក Thaksin Shinawatra ដែល​ជា​បង​ប្រុស​របស់​លោកស្រី និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ បាន​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​អំពើ​ពុករលួយ។

លោកស្រី Yingluck Shinawatra ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ស្វាគមន៍​អ្នក​គាំទ្រ នៅ​ពេល​លោកស្រី​ចាកចេញ​ពី​តុលាការ​កំពូល​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​ កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧។
លោកស្រី Yingluck Shinawatra ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ស្វាគមន៍​អ្នក​គាំទ្រ នៅ​ពេល​លោកស្រី​ចាកចេញ​ពី​តុលាការ​កំពូល​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​ កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧។

លោក Thaksin Shinawatra បាន​គេច​ខ្លួន​ពី​ប្រទេស​ថៃ​នៅ​ក្នុង​ឆ្នាំ ២០០៨ នៅ​ពេល​ដែល​លោក​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​អំពើ​ពុករលួយ​នេះ។

លោក Thaksin ដែល​ជា​អ្នក​ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​និយម​ចូលចិត្ត និង​ជា​អ្នក​ដែល​បាន​ជំរុញ​ឲ្យ​មាន​គោល​នយោបាយ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ និង​ប្រជាពលរដ្ឋ​ថ្នាក់​កណ្ដាល​នៅ​ក្នុង​ប្រទេស​ថៃ គឺ​ជា​បុគ្គល​មួយ​រូប​ដែល​បង្ក​ឲ្យ​មាន​ការ​បែកខ្ញែក​គ្នា​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស។ គោល​នយោបាយ​របស់​លោក​ដូច​នេះ បាន​ជួយ​ឲ្យ​លោក និង​អ្នក​គាំទ្រ​របស់​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​ជា​ច្រើន​លើក​ច្រើន​សារ ស្រប​ពេល​ដែល​ចលនា «អាវ​ក្រហម» របស់​លោក​បាន​តតាំង​ជាមួយ​នឹង​ស្ថាប័ន​វរជន​នៅ​ក្នុង​ទីក្រុង​បាងកក។

អ្នក​វិភាគ​នានា​បាន​បញ្ជាក់​ថា ស្រប​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​រិះគន់​ចំពោះ​រដ្ឋាភិបាល​យោធា និង​ទៅ​លើ​អំពើ​ពុករលួយ ប្រជាពលរដ្ឋ​ថ្នាក់​កណ្ដាល​ភាគ​ច្រើន​ខ្លាច​រដ្ឋាភិបាល​ដែល​មាន​ទំនោរ​ទៅ​រក​លោក Thaksin ឡើង​កាន់​អំណាច​ឡើង​វិញ និង​ខ្លាច​ភាព​វឹកវរ​មាន​ការ​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត។

ប៉ុន្តែ លោក Kraisak Choonhavan អតីត​សមាជិក​ព្រឹទ្ធសភា និង​បច្ចុប្បន្ន​ជា​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ថៃ បាន​និយាយ​ថា មាន​ការ​មិន​ពេញ​ចិត្ត​កើត​ឡើង​ចំពោះ​រដ្ឋាភិបាល​យោធា​បច្ចុប្បន្ន សូម្បីតែ​នៅ​ក្នុង​ចំណោម​អតីត​អ្នក​គាំទ្រ​ពួក​យោធា​ដែល​គេ​ស្គាល់​ថា​ក្រុម «អាវ​លឿង» ក៏​ដោយ។

លោក Kraisak Choonhavan បាន​ប្រាប់ VOA ថា៖ «សមាជិក​ក្រុម​អាវ​លឿង​ជា​ច្រើន​មិន​សប្បាយចិត្ត ដោយសារតែ​ពួកគេ​ទទួល​រង​ពិន័យ​ខ្លាំងក្លា​សម្រាប់​សកម្មភាព​នយោបាយ​របស់​ពួកគេ​ក្នុង​ការ​ប្រឆាំង​នឹង​លោក Thaksin»។

អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​បញ្ជាក់​ថា ពួក​យោធា​ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ប្រជាប្រិយ​ភាព ក៏​បាន​បង្កើន​ការ​គាប​សង្កត់​លើ​ការ​រិះគន់ និង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល។ នា​ពេល​បច្ចុប្បន្ន​នេះ ការ​ជួបជុំ​ណា​មួយ​ដែល​មាន​មនុស្ស​ចាប់​ពី ៥ នាក់​ឡើង​ទៅ ត្រូវ​បាន​ហាម​ឃាត់។

ការ​បង្ក្រាប​ទៅ​លើ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ឈាន​ដល់​ការ​ចោទ​ប្រកាន់​លើ​ប្រវត្តិ​វិទូ​ថៃ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​គឺ​លោក Charnvut Kasetsiri និង​សកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ Thammasat លោក Anusorn Unno។ ប៉ូលិស​ថៃ​ក៏​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អ្នក​រៀបចំ​បាតុកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុម​មួយ​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​កាល​កំណត់​ផង​ដែរ។

ប៉ុន្តែ លោក Titipol Phakdeewanich ដែល​ជា​ប្រធាន​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Ubon Ratchathani បាន​និយាយ​ថា ការ​ពន្យារពេល​បោះឆ្នោត​ណា​មួយ​ទំនង​ជា​មិន​មាន​ផល​ប៉ះពាល់​ធំ​ដុំ​ណា​មួយ​ដល់​ប្រជាពលរដ្ឋ​ថៃ​ភាគ​ច្រើន​ដែល​សម្រប​ខ្លួន​ទៅ​នឹង​ការ​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​រួច​ទៅ​ហើយ​នោះ​ទេ។

លោក Titipol Phakdeewanich បាន​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា ការ​ពន្យារពេល​បោះ​ឆ្នោត​នេះ​នឹង​មិន​មាន​ផល​ប៉ះពាល់​ខ្លាំងក្លា​នោះ​ទេ ដោយសារតែ​អំណាច និង​យន្តការ​ផ្លូវ​ច្បាប់​ដែល​រដ្ឋាភិបាល​យោធា​មាន។ រដ្ឋាភិបាល​យោធា​ប្រើ​អំណាច និង​យន្តការ​ផ្លូវ​ច្បាប់​ទាំង​នេះ​ដើម្បី​គាប​សង្កត់​ប្រជាពលរដ្ឋ»។

លោក​បាន​បន្ថែម​ទៀត​ថា ពួក​យោធា​ក៏​បាន​ស្វះស្វែង​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ដោយ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​សេដ្ឋកិច្ច​ផ្ដោត​លើ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ។ គោល​នយោបាយ​នោះ​គឺ​ផ្គត់ផ្គង់​កសិករ​ដោយ​ការ​រួម​ចំណែក​ផ្នែក​ថវិកា និង​ការ​ផ្ដល់​ឲ្យ​ដោយ​ទទេៗ​ជា​ដើម ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​សាមញ្ញ​ចំពោះ​ចលនា​អាវ​ក្រហម​ដែល​មាន​ទំនោរ​ទៅ​រក​លោក Thaksin។

ជំហាន​បន្ទាប់​នៅ​ក្នុង​ដំណើរការ​នយោបាយ​គឺ​គ្រោង​នឹង​ចូល​មក​ដល់​ក្នុង​ខែ​មិនា​ខាង​មុខ​នេះ នៅ​ពេល​ដែល​គណបក្ស​នយោបាយ​ថ្មីៗ​នានា​មាន​ឱកាស​ដើម្បី​ចុះ​ឈ្មោះ​បេក្ខភាព​សមាជិក​របស់​ខ្លួន។ ការ​ចុះ​ឈ្មោះ​នេះ​គឺ​មាន​រយៈពេល​ពេល​មួយ​ខែ មុន​ពេល​គណបក្ស​ធំៗ​ដែល​មាន​ស្រាប់​ដូចជា​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស Pheu Thai ដែល​មាន​ទំនោរ​ទៅ​រក​លោក Thaksin ត្រូវ​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​បេក្ខភាព​សមាជិក​របស់​ខ្លួន។ នេះ​គឺ​ជា​វិធានការ​មួយ​ដែល​អ្នក​វិភាគ​នានា​បាន​និយាយ​ថា មាន​គោល​បំណង​គាំទ្រ​ដល់​ការ​ប្រឹងប្រែង​របស់​លោក Prayut Chan-o-Cha ដើម្បី​ឲ្យ​លោក​អាច​នៅ​កាន់​អំណាច​បាន​ត​ទៅ​មុខ​ទៀត៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG