នាយក​រដ្ឋមន្ត្រីថៃ​បន្ទោស​ការ​ផ្ទុះ​​ការឆ្លង​ជំងឺ​កូវីដ​១៩​ ទៅ​លើ​ជន​ចំណាក​ស្រុក​ខុស​ច្បាប់

  • ​Reuters

ប្រជាជន​ថៃ​នាំ​គ្នា​ឈរ​តម្រង់​ជួរ​រង់ចាំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ក្នុង​ខេត្ត Samut Sakhon ប្រទេស​ថៃ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រី​ថៃ​លោក​ Prayuth Chan-ochaកាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានលើកឡើង​ថា​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​នូវជំងឺ​កូវីដ​១៩​នា​ពេល​ថ្មី​ៗ​ គឺ​បណ្តាល​មកពី​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ ដោយ​លោកលើក​ឡើង​ថា​ វិធាន​ការ​ថ្មីៗ​បន្ថែម​ទៀត​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នេះ​ នឹង​ត្រូវ​ដាក់​ចេញក្នុង​សប្តាហ៍​នេះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

នាយករដ្ឋមន្ត្រីថៃ​រូប​នេះ ក៏​បាន​លើក​ឡើងផង​ដែរថា លោក​នឹង​ជួបជាមួយស្ថាប័នប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​របស់​ថៃ​នៅ​សប្តាហ៍​នេះ ហើយ​អាច​ដាក់​ចេញ​នូវ​វិធានការ​សមស្រប​មួយ​ចំនួន មុន​ដំណាច់​ឆ្នាំ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​លម្អិត ​ពី​គម្រោង​នោះ​នៅ​ឡើយទេ។

លោក Prayuth បាន​គូសបញ្ជាក់​ថា​ ការឆ្លង​ជំងឺ​កូវីដ១៩​ជាង​១០០០ករណី​ដែល​ត្រូវ​បានរក​ឃើញ​ ក្នុង​ចំណោមពល​ករ​ចំណាក​ស្រុក​មក​ពី​ប្រទេស​មីយ៉ាន់​ម៉ា ចាប់​តាំង​ពី​ចុង​សប្តាហ៍កន្លង​មក​ ក្នុង​ខេត្ត​សមុធសាខន​ ដែល​ជា​ខេត្ត​មួយ​ដែល​មាន​កា​រ​ផ្ទុះវីរុស​កូរ៉ូណាខ្លាំង​ជាងគេ​ នៅ​ក្នុង​ប្រទេស​ថៃ​រហូត​មក​ដល់​ពេល​នេះ គឺ​ដោយ​សារ​នៅ​ទី​នោះ​ មាន​បណ្តាញការងារ​ជា​ច្រើន​ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​យក​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ចូល​មក​ក្នុង​ប្រទេសនេះ៕