នាយករដ្ឋមន្ត្រី​ថៃ​អំពាវនាវ​ឲ្យ​មាន​ឯកភាព​ជាតិ ខណៈ​បាតុកម្ម​បន្ត​មាន​ស្ទើរ​រាល់​ថ្ងៃ

នាយករដ្ឋ​មន្ត្រី​ថៃលោក ប្រាយុទ្ធ ចាន់អូចា ថ្លែង​នៅ​ក្នុង​សន្និសីទ​សាព័ត៌មានមួយ។

នាយករដ្ឋមន្ត្រីថៃ​លោក ប្រាយុទ្ធ ចាន់​អូចា បាន​ធ្វើ​ការ​អំពាវនាវ​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ឲ្យ​មាន​ឯកភាព​ជាតិ នៅ​ចំពេល​ដែលមាន​បាតុកម្ម​ដឹកនាំ​ដោយ​និស្សិត​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្ទើរ​រាល់ថ្ងៃ តាំង​ពី​ពាក់កណ្តាល​ខែ​កក្កដា​មក។

លោក ប្រាយុទ្ធ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ថៃ​គ្រប់​រូប​ប្រឆាំង​នឹង​នយោបាយ​នៃ​ការ​ស្អប់​ខ្ពើម​និង​បំបែក​បំបាក់​ខាង​ជំនឿ​ឬ​ជំនាន់​ដោយ​លោក​បញ្ជាក់​ថា៖ «អនាគត​គឺ​ជា​របស់​យុវជន​ជំនាន់​ក្រោយ។ សូម​ទុក​ឲ្យ​យុវជន​ជាអ្នក​នាំ​ផ្លូវ និង​ផ្តល់​នូវ​ភាព​ជា​អ្នក​ដឹកនាំ​ខាង​សីលធម៌ ដើម្បី​បង្ហាញ​យើង​ទាំង​អស់​គ្នា​ពី​របៀប​នៃ​ការ​ដើរ​លើ​មាគ៌ា​ដ៏​លំបាក​នៃ​ការ​សហការ​គ្នា​ជាមួយ​អ្នក​ណា​ដែល​អាច​មិន​យល់ស្រប​ជាមួយ​នឹង​យើង​ក្នុង​អំឡុងពេល​ដែល​ជាតិ​កំពុង​ប្រឈម​នឹង​ការ​លំបាក​នេះ»។

ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​លោក ប្រាយុទ្ធ ចុះ​ចេញ​ពី​តំណែង និង​ឲ្យ​មាន​ការ​បញ្ចប់​ការ​ក្តោបក្តាប់​អំណាច​របស់​ពួក​យោធា​នៅ​ក្នុង​នយោបាយ​ថៃ។ លោក ប្រាយុទ្ធ បាន​ឡើង​កាន់​អំណាច​តាម​រយៈ​រដ្ឋប្រហារ​យោធា​មួយ​កាល​ពី​ឆ្នាំ ២០១៤។

លោក ប្រាយុទ្ធ ធ្លាប់​បាន​ថ្លែង​កាល​ពី​ពេល​មុន​ថា បាតុកម្ម​ដែល​ដឹកនាំ​ដោយ​និស្សិត​នៅ​ក្នុង​ការ​ប្រឆាំង​រដ្ឋាភិបាល​នេះ​អាច​ប្រឈម​នឹង​វិធានការ​ច្បាប់ ហើយ​ថា​អាជ្ញាធរ​គួរ​ស៊ើប​អង្កេត​អ្នក​នៅ​ពី​ក្រោយ​បាតុកម្ម​ទាំង​នេះ។

មក​ទល់​នឹង​ពេល​នេះមាន​អ្នក​ដឹកនាំ​បាតុកម្ម​ពីរ​រូប​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា​បាន​រំលោភ​លើ​បម្រាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​ទ្រង់​ទ្រាយ​ធំ​ក្នុង​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ អ្នក​ទាំង​ពីរ​នាក់​នោះ​គឺ​មេធាវី​ខាង​សិទ្ធិ​មនុស្ស​លោក Anon Nampa អាយុ ៣៥ ឆ្នាំ និង​សកម្មជន​និស្សិត​លោក Panupong Jadno អាយុ ២៣ ឆ្នាំ ដែល​អ្នក​ទាំង​ពីរ​នៅ​ពេល​នេះត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​ប្រាក់​ធានា។

នៅ​ក្នុង​ការ​តវ៉ា​កន្លង​មក បាតុករ​ខ្លះ​ថែម​ទាំង​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​របប​រាជានិយម​ថៃ ដែល​ជា​ប្រធានបទ​រសើប​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ថៃ។ នៅ​ក្រោម​ច្បាប់​ថៃ ការ​ប្រមាថ​ព្រះមហាក្សត្រ​អាច​នឹង​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ៕