សមាជិករដ្ឋសភាថៃ នឹងត្រូវកោះហៅពីការឈប់សម្រាក ដើម្បីបើកសម័យប្រជុំពិភាក្សាអំពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលកំពុងកើតឡើងនៅក្នុងប្រទេស។ នេះ បើយោងតាមការប្រកាសរបស់គណ:រដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារម្សិលមិញ។
ក្រុមតំណាងរាស្ត្រ តម្រូវឲ្យជួបប្រជុំគ្នានៅក្នុងសម័យប្រជុំមួយដែលគ្មានការបោះឆ្នោត នៅថ្ងៃទី ២៦ និងទី ២៧ ខែតុលាខាងមុខ ដែលនេះ ជាវិធានការមួយដែលលោកនាយករដ្ឋមន្ត្រី Prayuth Chan-o-Cha បាននិយាយថា លោកបានអនុម័តរួចហើយ។
បាតុកម្មដែលភាគច្រើនដឹកនាំដោយក្រុមនិស្សិត បានទាមទារឲ្យលោក Prayuth ចុះចេញពីតំណែង និងទាមទារឲ្យមានការកែប្រែមួយចំនួនលើរដ្ឋធម្មនុញ្ញ។
មេដឹកនាំបាតុកម្មបានអំពាវនាវឲ្យឈប់សម្រាកថ្ងៃអង្គារម្សិលមិញមួយថ្ងៃ បន្ទាប់ពីការធ្វើបាតុកម្ម ៦ ថ្ងៃជាប់ៗគ្នាមក ទោះបីជាមានបម្រាមហាមមិនឲ្យមានការប្រមូលផ្ដុំគ្នាលើសពី ៤ នាក់ក៏ដោយ។
កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋាភិបាលថៃ ក៏បានបញ្ជាផងដែរឲ្យបិទទូរទស្សន៍ Voice TV ដែលជាស្ថានីយទូរទស្សន៍ដែលមានភាគហ៊ុនខ្លះជារបស់ក្រុមគ្រួសារលោកអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ដែលកំពុងនិរទេសខ្លួន។ Voice TV ជាទូរទស្សន៍មួយក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយ ៤ ដែលស្ថិតក្រោមការស៊ើបអង្កេតរបស់រដ្ឋាភិបាលថៃ ទាក់ទិននឹងការផ្សាយព័ត៌មានអំពីចលនាបាតុកម្មនេះ។
FCC Thai ដែលជាក្លឹបអ្នកកាសែតជាតិ និងបរទេសនៅក្នុងប្រទេសថៃ បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃអាទិត្យថា ខ្លួន «ព្រួយបារម្ភជាខ្លាំង» ចំពោះការស៊ើបអង្កេត [របស់រដ្ឋាភិបាល] លើស្ថាប័នសារព័ត៌មានពាក់ព័ន្ធនឹងរឿងបាតុកម្មនេះ៕