ម្ចាស់អាជីវកម្មនានាក្នុងសហគមន៍ជនជាតិថៃនៅក្នុងទីក្រុង Atlanta រដ្ឋ Georgia បាននិយាយថា ពួកគេមានអារម្មណ៍ភ័យតក់ស្លុតដោយសារការបាញ់ប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃអង្គារកន្លងទៅនេះនៅក្នុងទីក្រុង Atlanta ដែលបានសម្លាប់ស្ត្រីជាតិសាសន៍អាស៊ីជាច្រើន។
លោក Ajna Danwong ដែលជាម្ចាស់ភោជនីយដ្ឋាន Curry Curry Thai នៅទីក្រុង Atlanta បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេភាសាថៃថា លោកមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ ដោយសារតែអាជីវកម្មរបស់លោកស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីកន្លែងកើតហេតុ។
លោកនិយាយដូច្នេះថា៖ «យើងបានបិទភោជនីយដ្ឋានដោយហេតុផលជាក់ស្តែង គឺដើម្បីសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា»។
នៅតំបន់ Los Angeles រដ្ឋ California ដែលជាតំបន់ដែលមានហាងម៉ាស្សាថៃច្រើនជាងទីក្រុងនានានៅសហរដ្ឋអាមេរិក អ្នកស្រី Sangthong Sangkaew ប្រធានសមាគម Nuad Thai and Spa បាននិយាយថា៖ «ខ្ញុំខ្វល់ខ្វាយអំពីស្ថានការណ៍នេះ ដោយសារលើកនេះវាបានកើតឡើងចំពោះជាតិសាសន៍អាស៊ីដោយផ្ទាល់»។
អ្នកស្រីក៏បាននិយាយផងដែរថា ម្ចាស់អាជីវកម្មនានានៅតំបន់ Los Angeles បានជួបពិភាក្សាតាមអនឡាញជាមួយមន្រ្តីប៉ូលិសក្រុង Los Angeles អំពីវិធានការសន្តិសុខនានា៕