មេដឹកនាំយោធានៃប្រទេសថៃបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសថៃនឹងធ្វើការបោះឆ្នោតសកលនៅឆ្នាំក្រោយ ៤ឆ្នាំបន្ទាប់ពីពួកយោធាបានរឹបអូសយកអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យចុងក្រោយរបស់ប្រទេសនោះ។
នាយករដ្ឋមន្ត្រី Prayuth Chan-ocha បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅក្រុងបាងកកថា ការបោះឆ្នោតនឹងត្រូវធ្វើនៅខែកញ្ញា ឆ្នាំ២០១៨ ហើយកាលបរិច្ឆេទពិតប្រាកដនឹងត្រូវប្រកាសនៅខែមិថុនាឆ្នាំក្រោយ។
លោក Prayuth បានដឹកនាំរដ្ឋប្រហារយោធាកាលពីខែឧសភា ឆ្នាំ២០១៤ដែលបានបណ្តេញរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី Yingluck Shinawatra ចេញពីតំណែងដោយបានបញ្ចប់អស្ថិរភាពខាងនយោបាយ និងការតវ៉ាប្រឆាំងដោយហិង្សាអស់រយៈពេលជាច្រើនឆ្នាំ។ ពួកយោធាកាន់អំណាចបានប្រកាសកាលពីបរិច្ឆេទសម្រាប់ការបោះឆ្នោតថ្មីជាច្រើនលើកក្នុងអំឡុងនៃការកាន់អំណាចរបស់ខ្លួន ក៏ប៉ុន្តែ បានលុបចោលកាលបរិច្ឆេទនៃការបោះឆ្នោតនោះម្តងហើយម្តងទៀតនៅពេលដែលខ្លួនធ្វើពង្រាងរដ្ឋធម្មនុញ្ញថ្មី។
នាយករដ្ឋមន្ត្រីក៏បាននិយាយដែរថា ពួកយោធាបានពិចារណាថាតើអនុញ្ញាតឲ្យមានសកម្មភាពខាងនយោបាយដែលខ្លួនបានបញ្ឈប់បន្ទាប់ពីចូលកាន់អំណាច បន្តឡើងវិញ ឬទេក្រោយពីពិធីបុណ្យសពរបស់ព្រះមហាក្សត្រ Bhumibol Adulyadej ដែលបានចូលទីវង្គតកាលពីឆ្នាំទៅនោះ។
រដ្ឋប្រហារដែលបានទម្លាក់លោកស្រី Yingluck បានកើតមានឡើងក្រោយពីភាពចលាចលខាងនយោបាយអស់រយៈពេលមួយទសវត្សរ៍បានចាប់ផ្តើមនៅពេលដែលលោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រី និងជាបងប្រុសរបស់លោកស្រី Yingluck បានត្រូវបង្ខំឲ្យចុះចេញពីតំណែងនៅឆ្នាំ២០០៦ ដោយពួកយោធាដែលត្រូវបានគាំទ្រដោយក្រុមគាំទ្ររាជានិយមដែលមានទីតាំងនៅក្នុងទីក្រុងបាងកក៕