អាជ្ញាធរថៃចាប់ខ្លួនមនុស្ស៧នាក់ពីបទជួញដូរជនចំណាកស្រុកឲ្យទៅធ្វើការលើនាវានេសាទ

បុរសម្នាក់ក្នុងចំណោម៧នាក់ដែលត្រូវបានចាប់ខ្លួនពីបទជួញដូរមនុស្សនៅក្នុងប្រទេសថៃអង្គុយលើគ្រែជាមួយនឹងកាំភ្លើងជាច្រើនដើម។ (រូបផ្តល់ដោយ DSI)

ប៉ូលិស​ថៃ​បាន​ចាប់​ខ្លួន​អ្នក​នយោបាយ​ថ្នាក់​មូលដ្ឋាន​ម្នាក់ និង​មនុស្ស ៦ នាក់​ផ្សេង​ទៀត ដែល​ជាប់​បទ​សង្ស័យ​ថា​បាន​ជួញដូរ​ជន​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​លើ​នាវា​នេសាទ និង​បាន​បង្ខំ​ពួកគេ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល។

ការ​ចាប់​ខ្លួន​ដែល​បាន​ធ្វើ​ឡើង​ដោយ​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស​របស់​រដ្ឋាភិបាល​ថៃ​នេះ បាន​កើត​ឡើង ស្រប​ពេល​ដែល​ប្រទេស​ថៃ​កំពុង​ព្យាយាម​បោស​សម្អាត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដ៏​ស្មុគស្មាញ​នៅ​ក្នុង​វិស័យ​គ្រឿង​សមុទ្រ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ព្រលឹម​ស្រាងៗ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ទូទាំង​កំពង់ផែ Si Chon នៅ​ក្នុង​ខេត្ត Nakhon Si Thammarat នៃ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ ប៉ូលិស​បាន​ឃាត់​ខ្លួន​មនុស្ស ៧ នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អភិបាល​រង​ក្រុង​ម្នាក់ អ្នក​គ្រប់គ្រង​នាវា​ម្នាក់ និង​ឈ្មួញ​កណ្ដាល​ម្នាក់​ផងដែរ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ទាំង​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជួញដូរ​ពលរដ្ឋ​មីយ៉ាន់ម៉ា ៥ នាក់ បន្ទាប់ពី​ពួកគេ​បាន​បង្ខំ​អ្នក​ទាំង ៥ នាក់​នោះ​ឲ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល តាម​រយ:​ការ​បញ្ចុះ​បញ្ចូល​ជន​រងគ្រោះ​ឲ្យ​ធ្វើ​ការ​នៅ​លើ​នាវា​នេសាទ​ដោយ​ការ​បង់​ប្រាក់​ឲ្យ​ជាមុន បន្ទាប់​មក ទឹក​ប្រាក់​នោះ​ត្រូវ​បាន​កែប្រែ​ទៅជា​បំណុល ដែល​តម្រូវ​ឲ្យ​ជន​រងគ្រោះ​ត្រូវ​ធ្វើការ​នៅ​លើ​នាវា​នេសាទ​ដើម្បី​ដោះ​បំណុល​នោះ៕