សមាជិករដ្ឋសភានៅក្នុងប្រទេសថៃបានធ្វើការបោះឆ្នោតនៅថ្ងៃពុធនេះ លើជម្រើសនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយពួកគេភាគច្រើនបានបដិសេធនឹងសំណើមួយរបស់ក្រុមបាតុករ ដែលចង់ឲ្យមានការកែប្រែតួនាទីរបស់របបរាជានិយមដ៏មានឥទ្ធិពល។
ការបោះឆ្នោតនេះធ្វើឡើង បន្ទាប់ពីមានអំពើហិង្សាខ្លាំងក្លាបំផុតកាលពីថ្ងៃអង្គារ ចាប់តាំងពីការធ្វើបាតុកម្មដែលដឹកនាំដោយក្រុមយុវជនបានចាប់ផ្ដើមកាលពីខែកក្កដាមក។ ក្រុមបាតុករបានទាមទារឲ្យមានការតាក់តែងរដ្ឋធម្មនុញ្ញឡើងវិញ ដកលោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha ដែលជាអតីតមេដឹកនាំយោធា ចេញតំណែង និងធ្វើកំណែទម្រង់របបរាជានិយមរបស់ព្រះមហាក្សត្រ Maha Vijiralongkorn។
ក្រុមអ្នកគាំទ្ររបស់លោក Prayuth មានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា ហើយសមាជិកព្រឹទ្ធសភាទាំងអស់សុទ្ធតែត្រូវបានតែងតាំងដោយរដ្ឋាភិបាលយោធាដែលលោក Prayuth បានដឹកនាំបន្ទាប់ពីការធ្វើរដ្ឋប្រហារឆ្នាំ ២០១៤។
មានតែសំណើមួយក្នុងចំណោមសំណើចំនួន ៧ សម្រាប់កំណែទម្រង់រដ្ឋធម្មនុញ្ញប៉ុណ្ណោះ ដែលអាចនឹងកែប្រែតួនាទីរបស់របបរាជានិយម ដែលក្រុមបាតុករនិយាយថា បានផ្ដល់អំណាចដល់យោធាអស់រាប់ទសវត្សរ៍មកហើយនៅក្នុងការគ្របដណ្ដប់ឥទ្ធិពលនៅក្នុងប្រទេសថៃ។
រដ្ឋាភិបាលថៃបានឲ្យដឹងថា ខ្លួនត្រៀមរួចរាល់នៅក្នុងការកែប្រែរដ្ឋធម្មនុញ្ញ ប៉ុន្តែនឹងមិនប៉ះពាល់ដល់របបរាជានិយមនោះទេ៕