ខណៈមេដឹកនាំកម្ពុជាកំពុងត្រៀមបំពេញទស្សនកិច្ចទៅប្រទេសថៃនាពេលខាងមុខ សមាជិកសភាថៃម្នាក់បានស្នើឱ្យនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ជជែកជាមួយភាគីកម្ពុជាអំពីការបើកច្រកចូលទស្សនាប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ ដែលកម្ពុជា និងថៃធ្លាប់មានជម្លោះជាមួយគ្នា កាលពីឆ្នាំ ២០០៨។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ កាលពីពេលថ្មីៗនេះ។
ច្រកចូលទស្សនាប្រាសាទព្រះវិហារត្រូវបានបិទកាលពីឆ្នាំ ២០០៨ ក្រោយពីមានជម្លោះប្រដាប់អាវុធរវាងភាគីកម្ពុជានិងថៃលើដីនៅតំបន់ប្រាសាទព្រះវិហារ រហូតឡើងដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
បើតាមកាសែតបាងកកប៉ុស្តិ៍ សមាជិកសភាបក្សភឿថៃមកពីមណ្ឌលទី ៤ នៃខេត្តស៊ីសាកេត លោក ភូមីន លីធីរ៉ាប្រាសឺត (Phumin Leethiraprasert) នឹងជួបជាមួយនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃពុធខាងមុខ ដើម្បីធ្វើបច្ចុប្បន្នភាពនៃបញ្ហាកម្ពុជា និងថៃ នៅមុនពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែកុម្ភៈខាងមុខ។
បើតាមកាសែតបាងកកប៉ុស្តិ៍ដែលស្រង់សម្តីសមាជិកសភាថៃម្នាក់ សមាជិកសភាគណបក្សភឿថៃនឹងឆ្លៀតឱកាសនេះដើម្បីស្នើសុំនាយករដ្ឋមន្រ្តីថៃឱ្យជជែកពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាអំពីលទ្ធភាពនៃការបើកផ្លូវទេសចរណ៍ឡើងវិញ នៅតំបន់ប្រាសាទព្រះវិហារ។
សមាជិកសភាថៃរូបនោះត្រូវបានដកស្រង់សម្តីថា៖ «ការបើកឡើងវិញ ឬអត់នោះគឺអាស្រ័យលើការពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ។ ខ្ញុំមានសុទិដ្ឋិនិយមថា ការបើកទេសចរណ៍ឡើងវិញនៅជិតប្រាសាទនឹងបង្ហាញពីទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងពីរ ដូច្នេះហើយការបើកឡើងវិញគឺទំនងជានឹងអាចទៅរួច»។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយឱ្យទាក់ទងទៅអ្នកនាំពាក្យសាលាខេត្តព្រះវិហារវិញ។
អ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក ណុប វុទ្ធី ប្រាប់វីអូអេថា ការសម្រេចបើកច្រកព្រំដែនជាសិទ្ធិរបស់រដ្ឋាភិបាល។ ប៉ុន្តែលោកថា សព្វថ្ងៃនេះក៏មានការជំរុញដើម្បីបើកច្រកទ្វារអន្តរជាតិដែលនៅជិតហ្នឹងផងដែរ។
លោកបញ្ជាក់ថា៖ «យើងកំពុងតែជំរុញភាគីទាំងពីរ ដើម្បីបើកច្រកហ្នឹងឱ្យទៅជាច្រកអន្តរជាតិ ដើម្បីបម្រើឱ្យភ្ញៀវទេសចរណ៍ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មអ៊ីចឹងណា៎»។
អ្នកតាមដាននយោបាយអន្តរជាតិ លោក សេង វណ្ណលី យល់ថា ទំនាក់ទំនងកម្ពុជានិងថៃគឺមានភាពល្អប្រសើរ ដោយសារតែគណបក្សដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ លោកបន្ថែមថា ជំនួបរវាងប្រមុខរដ្ឋាភិបាលទាំងពីរនាពេលខាងមុខនេះនឹងនាំមកនូវផលវិជ្ជមានច្រើន។
លោកថ្លែងថា៖ «អ៊ីចឹងជំនួបទ្វេភាគីនៅក្នុងខែកុម្ភៈនេះ ខ្ញុំគិតថា បញ្ហាក្រៅតែអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ ក៏ដូចជាទំនាក់ទំនងរវាងគណបក្សប្រជាជន និងគណបក្សភឿថៃ ខ្ញុំគិតថា បញ្ហាផ្សេងទៀតក៏ជាប្រធានបទលើកមកដោះស្រាយ។ បញ្ហាមួយក្រៅតែអំពីការចរចាការអភិវឌ្ឍតំបន់ត្រួតស៊ីគ្នានៅដែនសមុទ្រ ដែលកម្ពុជា និងថៃជាប់គ្នាហ្នឹង ខ្ញុំគិតថា បញ្ហាការបើកព្រំដែននៅប្រាសាទព្រះវិហារ ក៏ជាប្រធានបទមួយសំខាន់ដែរ»។
បើតាមអ្នកវិភាគរូបនេះ បញ្ហាការបើកព្រំដែននឹងត្រូវបានរដ្ឋាភិបាលកម្ពុជាពិចារណាបើកឡើងវិញ ដែលលោកថា ការបើកឡើងវិញក៏នឹងផ្តល់ប្រយោជន៍ដល់កម្ពុជាផងដែរ។
កម្ពុជាគឺជាប្រទេសទី ១ ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន ដែលនាយករដ្ឋមន្ត្រីថៃថ្មីបានធ្វើដំណើរមកបំពេញទស្សនកិច្ច ក្រោយលោកក្លាយជានាយករដ្ឋមន្ត្រី កាលពីខែសីហា ឆ្នាំ ២០២៣។ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីខែកញ្ញា ឆ្នាំ ២០២៣ ភាគីទាំងពីរបានព្រមព្រៀងគ្នាជាឯកច្ឆន្ទទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច សន្តិសុខ និងទំនាក់ទំនងប្រជាជន លើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសនោះការបង្ក្រាបបទល្មើសតាមអនឡាញ ឬហៅថា Scam និងបន្តការបោសសម្អាតមីននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។
ខណៈនឹងមានការជជែកគ្នារវាងនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា នាពេលខាងមុខ អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យមានការធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងប្រទេសថៃពីសំណាក់ភាគីថៃ ជាពិសេសធានាសន្តិសុខរបស់ពលករ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងប្រាប់វីអូអេថា រដ្ឋាភិបាលថៃក៏ត្រូវគោរពតាមគោលការណ៍របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិរបស់ជនភៀសខ្លួនផងដែរ ខណៈសកម្មជននយោបាយមួយចំនួនកំពុងជ្រកកោនក្នុងប្រទេសថៃ គេចពីការចាប់ខ្លួនក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «អ៊ីចឹងថៃត្រូវតែធានា និងគោរពតាមគោលការណ៍នៃជនភៀសខ្លួនឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហើយត្រូវធានាអំពីសន្តិសុខ និងសុវត្ថិភាពចំពោះជនភៀសខ្លួនទាំងឡាយណា ដែលត្រូវបានទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រជាជាតិ»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មិនបានឆ្លើយតបនឹងសំណួររបស់វីអូអេពាក់ព័ន្ធនឹងសំណើរបស់សមាជិកសភាថៃលើការបើកច្រកចូលប្រាសាទព្រះវិហារឡើយ។ ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ដើម្បីការពារប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេស និងថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើបញ្ហារបស់ពួកគេ។
លោកថ្លែងថា៖ «ហើយសូម្បីតែបងប្អូនដែលប្រព្រឹត្តខុសច្បាប់ប្រទេសគេក៏ដោយ រាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ការពារ ដូចជាជាក់ស្តែងនៅសហរដ្ឋអាមេរិកនៅពេលដែលបងប្អូនខ្មែរនៅទីនោះប្រព្រឹត្តខុសច្បាប់សហរដ្ឋអាមេរិក ហើយត្រូវបានអាជ្ញាធរគេចាប់ផ្តន្ទាទោស។ អ៊ីចឹងគេបញ្ជូនមកប្រទេសកម្ពុជាវិញ ក៏រាជរដ្ឋាភិបាលយើងទទួលយក»។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ សកម្មជននយោបាយនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនដែលបានរត់ភៀសខ្លួនទៅប្រទេសថៃ ដោយព្រួយបារម្ភអំពីការធ្វើទុក្ខបុកម្នេញក្រោមរូបភាពផ្សេងៗ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា ដើម្បីផ្តន្ទាទោស និងដាក់ពន្ធនាគារ៕