រដ្ឋាភិបាល​យោធា​ថៃ​​នឹង​បន្ថយ​ការ​រឹត​បន្តឹង​ច្បាប់​សម្រាប់​ពលករ​​ខ្មែរ​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​​

រូប​ឯកសារ៖​​ ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០១៤។

រដ្ឋាភិបាល​យោធា​ថៃ​បាន​កំណត់​យក​ថ្ងៃទី​៣១​ ​ខែ​មីនា​ ឆ្នាំ​២០១៨​ ​ជា​ឱសាន​វាទ​សម្រាប់​ពលករ​ខ្មែរ​ចុះ​ឈ្មោះ​បន្ត​សុពល​ភាព​ប័ណ្ណ​ស្នាក់​នៅ ​និង​ធ្វើការ​បណ្តោះ​អាសន្ន​នៅ​ប្រទេស​នេះ​ មុន​ពេល​អាជ្ញាធរ​ថៃ​ចាត់​វិធាន​ការ​ខាង​ច្បាប់​«យ៉ាង​តឹងរឹង»។​ ​

រដ្ឋាភិបាល​យោធា​ថៃ​បាន​ផ្តល់​ការ​សម្រួល​ដល់​ពលករ​ខ្មែរ​ ដែល​កំពុង​ធើ្វ​ការ​បណ្តោះ​អាសន្ន​នៅ​ប្រទេស​ថៃ​ ​ដោយ​ឲ្យ​ពួកគេ​មាន​លទ្ធភាព​ធ្វើដំណើរ​ចេញ​ចូល​ប្រទេស​ថៃ​ នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីខ្មែរ រហូត​ដល់ដំណាច់​ខែ​មេសា។​ នេះ​បើ​យោង​តាម​លិខិត​ជូន​ដំណឹង​របស់​គណៈ​កម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ។​

លិខិត​របស់​គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃដែល ​VOA ​បាន​ទទួល​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ​ ភាគី​កម្ពុជា​ និង​ថៃ​នឹង​សហការ​គ្នា​ដើម្បី​សម្រួល​ដល់​ពលករ​ ដែល​កាន់​ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ​ (ប័ណ្ណ​ពណ៌​ស៊ីជម្ពូ)​ នៅ​មាន​សុពល​ភាព​ និង​ពលករ​ដែល​កាន់​លិខិត​ឆ្លង​ដែន​/លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ (TD) ​ដែល​មាន​ទិដ្ឋាការ​ស្នាក់​នៅ​ និង​ប័ណ្ណ​អនុញ្ញាត​ការងារ​នៅ​មាន​សុពលភាព​ ព្រមទាំង​អ្នក​នៅ​ក្នុង​បន្ទុក​ អាច​ធ្វើ​ដំណើរ​ចេញ-ចូល​ប្រទេស​ថៃ-កម្ពុជា​បាន​ចាប់​ពីថ្ងៃ​ទី​៥​រហូតដល់​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ​ ២០១៨»។​

លិខិត​ដដែល​បាន​សរសេរ​បន្ត​ថា៖​

«ចំពោះ​បង​ប្អូន​ពលករ​ កាន់​ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ​ (ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ)​ ដែល​មាន​បំណង​ធ្វើដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​អំឡុង​ពេល​នេះ​ ត្រូវ​ទៅ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ពី​មន្ទីរ​ការងារ​ថៃ​ក្នុង​ខេត្ត​ ដែល​ខ្លួន​ធ្វើការ។ ​ដោយ​ឡែក​ ចំពោះ​បងប្អូន​ពលករ​ ដែល​កាន់​លិខិត​ឆ្លងដែន​/លិខិត​ធ្វើ​ដំណើរ​ (TD)​ ត្រូវ​ទៅ​ស្នើ​សុំ​ទិដ្ឋាការ​ចេញ-ចូល (Re-Entry Visa)​ នៅ​ការិយាល័យ​អន្តោប្រវេសន៍​ក្នុង​ខេត្ត ដែល​ខ្លួន​ធ្វើការ​ ឬនៅ​ច្រក​ព្រំដែន​អន្តរជាតិ​ ដោយ​ពុំមាន​បង់​កម្រៃ​សេវា​ឡើយ»។​

លិខិត​របស់​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅប្រទេស​ថៃ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ពលករ​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​តាម​ព្រំដែន​អន្តរជាតិ​ ហើយ​ប្រសិន​ជា​ត្រឡប់​មក​កម្ពុជា​តាម​ច្រក​ណាត្រូវ​ត្រឡប់​ទៅ​ថៃ​វិញ​តាម​ច្រក​នោះ។ ​លិខិត​បាន​បន្ថែម​ថា​ ពលករ​កម្ពុជា​កាន់​ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ​ (ប័ណ្ណ​ពណ៌​ស៊ីជម្ពូ)​ មិន​តម្រូវ​ឲ្យ​សុំ​លិខិត​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ (Laissez Passer) ​ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​ឡើយ​ ក្នុង​អំឡុង​ពេល​ភាគី​ថៃ​ និង​កម្ពុជា​បាន​ឯកភាពគ្នា​នេះ។​

កាលពី​ពាក់​កណ្តាល​ខែ​មីនា​ រដ្ឋាភិបាល​យោធា​ថៃ​បាន​ជូន​ដំណឹង​ដល់​ពលករ​កម្ពុជា​តាម​ស្ថានទូត​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ អំពី​ការកំណត់​យក​ថ្ងៃទី​ ​៣១​ ​ខែ​មីនា​ ឆ្នាំ​២០១៨​ ​ជា​ឱសានវាទ​សម្រាប់​ពលករ​ខ្មែរ​ ដើម្បី​ចុះ​ឈ្មោះ​បន្ត​សុពល​ភាព​ប័ណ្ណ​ស្នាក់​នៅ ​និង​ធ្វើការ​បណ្តោះ​អាសន្ន​នៅ​ប្រទេស​នេះ ​មុន​ពេល​អាជ្ញាធរ​ថៃ​ចាត់​វិធាន​ការ​ខាង​ច្បាប់​ «យ៉ាង​តឹងរឹង»។​

យោង​តាម​លិខិត​របស់​គណៈ​កម្មការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ​ ​ ពលករ​ខ្មែរ​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស​ថៃ​បាន តែ​លិខិត​នោះ​មិន​បាន​បញ្ជាក់​ថា​ ពលករ​ខ្មែរ​អាច​បន្ត​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​មិន​ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់​នោះ​ឡើយ។​

រដ្ឋាភិបាល​យោធា​ថៃ​បាន​បង្កើន​ការ​រឹតបន្តឹង​លើ​ភាព​ស្រប​ច្បាប់​របស់​ពលករ​បរទេស​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ខ្លួន​ ក្រោយ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ការងារ​ថៃ​កាល​ពី​ឆ្នាំ​២០១៧។​

លោក​ ឌី ថេហូយ៉ា​ ​មន្ត្រី​កម្មវិធី​នៃ​អង្គការ​ការពារ​សិទ្ធិ​ពលករ​ ហៅ​កាត់​ថា​សង់ត្រាល បាន​ប្រាប់​ ​VOA ​កាលពី​ពេល​កន្លង​មកថា​ ​រដ្ឋាភិបាល​ថៃ​តែងតែ​ធ្វើ​ការ​ពន្យារ​ពេល​ដល់​ពលករ​កម្ពុជា​សម្រាប់​ឲ្យ​ពួក​គេ​បាន​ទទួល​នូវ​ភាព​ស្រប​ច្បាប់​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ។​

លោក​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ភាគី​ថៃ​អនុវត្ត​ទៅតាម​ច្បាប់​ការងារ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​កាល​ពី​ឆ្នាំ​២០១៧ ​ឬ​ហៅ​ថា​ ច្បាប់​ការងារ​ថៃ​ថ្មី​នោះ​ ​ នោះ​កម្មករ​ដែល​ធ្វើការ​មិន​តាម​ប្រភេទ​ការងារ​ដែល​ត្រូវ​បាន​អនុញ្ញាត​ ឬ​ក៏​ពុំ​មាន​ឯកសារ​ត្រឹម​ត្រូវ ​អាច​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ ផាក​ពិន័យ ​និង​ជាប់​ពន្ធនាគារ​មិន​ក្រោម​ពី​ប្រាំ​ឆ្នាំ​ទេ។​

ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​ថៃ​លើ​ពលករ​ខ្មែរ​ធ្លាប់​បាន​ធ្វើ​ឡើង​ជា​ទ្រង់ទ្រាយ​ធំ​ ​កាល​ពី​បួន​ឆ្នាំ​មុន​ ពោល​គឺ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៤​ដែល​ ​ពលករ​ខ្មែរ​ជាង​១៧​ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​ថៃ ​ក្រោយ​ពី​របប​យោធា​ថៃ​បង្ក្រាប​លើ​ពលករ​ខុស​ច្បាប់​ក្នុង​ប្រទេស​ខ្លួន។​ ​របាយ​ការណ៍​មួយ​របស់​អង្គការ​ការពារ​សិទ្ធិ​ពលករ​បង្ហាញ​ថា​ ​យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ​១​លាន​នាក់​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ ​ទាំង​ស្រប​ច្បាប់​ ​និង​ខុស​ច្បាប់៕