ក្រុម​យុវជន​ជំនាន់ Gen Z និង​ក្រុម​អាវ​ក្រហម​ថៃ​ក្រោក​ឈរ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី Prayuth សារ​ជា​ថ្មី

រូបឯកសារ៖ ប៉ូលិស​ឈរយាម​ ក្នុង​អំឡុងពេល​ដែល​មាន​ការ​តវ៉ា​​ប្រឆាំង​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​ថៃ​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ចលនា​យុវជន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​ប្រទេស​ថៃ​កំពុង​ភ្ជាប់​បណ្តាញ​ជាមួយ​នឹង​ក្រុម​ទាហាន​ជើង​ចាស់​ «អាវ​ក្រហម» ដែល​ជា​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ធ្វើ​ការ​តស៊ូ​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ។ ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​ ដែលកើត​ចេញ​ពីការ​តវ៉ា​តាម​ដងផ្លូវ ​ប្រឆាំងនឹង​ការ​ក្តោប​ក្តាប់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី Prayuth Chan-ocha ។

ប៉ុន្តែ​អ្នក​ជំនាញ​និយាយ​ថា ដរាប​ណា​អតីត​ឧត្តមសេនីយ៍​រូប​នេះ​នៅ​តែ​រក្សា​ការ​គាំទ្រ​ពី​ក្រុម​ដែល​មាន​ផល​ប្រយោជន៍​ស្នូល​ក្នុង​ប្រទេស​ថៃ​ដែល​រួម​មាន​រាជវង្ស​ យោធា ​និង​អ្នក​ជំនួញ​ធំៗ ​លោក​ទំនង​ជា​មិន​ធ្លាក់​ចេញ​ពី​តំណែង​នោះ​ទេ ទោះ​បី​ជា​មាន​ការ​ជំរុញ​ឱ្យ​ដក​លោក​ចេញ​ពី​តំណែង​ខ្លាំង​ប៉ុន​ណា​ក៏​ដោយ។

ការ​តវ៉ា​ស្ទើរ​តែ​រាល់​ថ្ងៃ ដែល​បញ្ឆេះ​កំហឹង​ដោយ​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ និង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក កំពុង​រីក​កាន់​តែ​ធំ​ឡើងៗ។ នៅ​ពេល​ព្រលប់​ ទីក្រុង​បាងកក​មាន​សុទ្ធ​តែ​ឧស្ម័ន​បង្ហូរទឹក​ភ្នែក ខណៈ​មាន​ការ​ដុត​ភ្លើង​ដោយ​ក្រុម​អ្នក​តវ៉ា​ដ៏អង់អាចប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលិស។

អ្នក​ជំនាញ​ព្រមាន​ថា អំពើ​ហិង្សា​អាច​ធ្វើ​ឱ្យ​យោធា​ចេញ​មក​អន្តរាគមន៍ និង​ធ្វើ​ឱ្យ​វិបត្តិ​នយោបាយ​នេះ​កាន់​តែ​ធ្លាក់​ជ្រៅ​ទៅ​ទៀត​នៅ​ក្នុង​ប្រទេស​ដែល​មាន​ភាព​មិន​ច្បាស់​លាស់​មួយ​នេះ។

មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​ក្នុង​ការ​ហែ​ក្បួន​បាតុកម្ម​ដោយប្រើ​រថយន្ត​ហៅថា ​«car mob» ​នៅ​ទូទាំង​ប្រទេស​ ដោយ​ទាមទារ​ឱ្យ​លោក Prayuth ចុះ​ចេញ​ពី​តំណែង។ ក្បួន​បាតុកម្ម​នេះ​ជិះ​ឆ្លង​កាត់​ទីក្រុង​បាងកក និង​តំបន់​ជនបទ​នៅ​ភាគ​ខាង​ជើង និង​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ ដែល​ជា​ទឹកដី​របស់​ក្រុម​ «អាវ​ក្រហម»។​

អ្នក​ដឹកនាំ​នៅ​ក្នុង​ទីក្រុង​បាងកក​គឺ​លោក Nattawut Saikuar អតីត​វីរជន​ក្រុម​អាវ​ក្រហម ដែល​បាន​យក​អ្នក​ដើរ​តាម​លោក​ពីមុនៗ​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​នៃ «បណ្តាញ​បណ្តេញ​លោក Prayuth» ថ្មី​មួយ ​រួម​ជាមួយ​នឹង​អ្នក​តវ៉ា​វ័យ​ក្មេង​ដែល​គេ​ហៅ​ថា «ក្មេង​ជំនាន់ Gen Z» រាប់​ពាន់​នាក់​ផ្សេង​ទៀត។

លោក Nattawut បាន​ថ្លែង​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា «នេះ​ជា​ការ​រួម​កម្លាំង​គ្នា​រវាង​មនុស្ស​ពីរ​ជំនាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​រួម»។

ចលនា​អាវ​ក្រហម​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ២០០៨​ដោយសារ​ការ​ខឹងសម្បា​ចំពោះ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​តែងតាំង​បន្ទាប់​ពី​មាន​រដ្ឋប្រហារ​ទម្លាក់​លោក​នាយករដ្ឋមន្ត្រី Thaksin Shinawatra។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ ការ​តវ៉ា​របស់​ពួកគេ​ត្រូវ​បាន​បង្ក្រាប​ដោយ​ការ​បង្ហូរ​ឈាម​របស់​យោធា​ដែល​ដឹកនាំ​ដោយ​លោក Prayuth។

នៅ​ក្នុង​ឆ្នាំ២០១៤ ក្នុង​នាម​ជា​អគ្គមេបញ្ជាការ​យោធា​ លោក Prayuth បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​មួយ​ទៀត​ដោយ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​ ដែល​ដឹកនាំ​ដោយ​លោកស្រី Yingluck Shinawatra ដែល​ជា​ប្អូន​របស់​លោក Thaksin។ ក្រុម​អាវ​ក្រហម​ត្រូវ​បង្ខំ​ចិត្ត​ដក​ថយ។

លោក Nattawut បាន​បន្ថែម​ក្នុង​សម្តី​ដើម​ថា «មនុស្ស​វ័យ​ក្មេង​ទាំង​នេះ​កំពុង​គ្រប់គ្រង​ស្ថានការណ៍»។

រូបឯកសារ៖ បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់គ្រវី​ទង់ជាតិ​ថៃ​ឡើង​ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី Prayut Chan-O-Cha លាលែង​ពី​តំណែង ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

គំនិត​នយោបាយ​ថ្មី

ក្រុម​យុវជន​ជំនាន់ Gen Z ក្នុង​ប្រទេស​ថៃដែល​ខឹងសម្បា តវ៉ា​និង​យក​បណ្តាញ​សង្គម​ជា​អាវុធនោះ​ បាន​ប្រឆាំង​នឹង​រចនាសម្ព័ន្ធ​អំណាច​ទាំងបី​សំខាន់ៗ​របស់​ថៃ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​ទាមទារ​ឱ្យ​លោក Prayuth ចុះ​ចេញ​ពី​តំណែង និង​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​ដើម្បី​ដក​យោធា​ចេញ​ពី​នយោបាយ​ជា​រៀង​រហូត និង​ជា​ពិសេស​ធ្វើ​កំណែ​ទម្រង់​របប​រាជានិយម​ដ៏​មាន​អំណាច។

នៅ​ពេល​នាង​កំពុង​បាញ់​ថ្នាំ​ដោយ​សរសេរ​ពាក្យ​ថា «Prayuth ចុះ​ចេញ​ទៅ» នៅ​លើ​ផ្លូវ ​យុវតី​ Pop វ័យ​២៥ឆ្នាំ​ម្នាក់ដែល​ចូលរួម​ការ​តវ៉ាបាន​និយាយ​ថា «និយាយ​ឱ្យ​ស្មោះត្រង់​ទៅ មុន​រដ្ឋប្រហារ​របស់​លោក Prayuth ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​សិស្ស​សាលា​ធម្មតា​ម្នាក់​ប៉ុណ្ណោះ»។

នាង​បន្ថែម​ថា «ប៉ុន្តែ​នៅ​ពេល​វេលា​ដើរ​ទៅ​មុខ អ្នក​ចាប់​ផ្តើម​ដឹង​ថា នយោបាយ​ប៉ះពាល់​ដល់​យើង​គ្រប់​គ្នា។ នោះ​ហើយ​ជា​ពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​ទៅ​តវ៉ា​នៅ​តាម​ដង​ផ្លូវ និង​ចូលរួម​ក្នុង​ចលនា​នេះ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​នេះ​ចុះ​ចេញ»។

អ្នក​ជំនាញ​និយាយ​ថា ក្រុម​រាជានិយម​ថៃ​យល់​ថា លោក Prayuth នៅ​តែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​រចនាសម្ព័ន្ធ​អំណាចដែល​ត្រូវបង្កើត​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​កម្ចាត់​មេដឹកនាំ​ស៊ីវិល​ដែល​មាន​ប្រជាប្រិយភាព​ដូចជា​គ្រួសារ​មហា​សេដ្ឋីរបស់​លោក Shinawatras ចេញ​ពីអំណាច​ និង​មិន​អាច​ឱ្យ​រាជវង្ស​រង​ការ​រិះគន់ ហើយនិងក៏មិនឱ្យ​គ្រួសារ​មហាសេដ្ឋី​គ្រប់​គ្រង​សេដ្ឋកិច្ច​ដែរ។​

លោក Kanokrat Lertchoosakul អ្នក​វិទ្យាសាស្ត្រ​នយោបាយ​បាន​ប្រាប់ VOA ថា «លោក Prayuth ឥឡូវ​នេះ​មិន​ត្រឹម​តែ​ការពារ​តំណែង​របស់​លោក​នោះ​ទេ ប៉ុន្តែ​ក៏​ការពារ​ផលប្រយោជន៍​របស់​ក្រុម​ដែល​ទទួល​ផល​ពី​សកម្មភាព​ប៉ុន្មាន​ឆ្នាំ​មុន​ដែរ»។

នេះ​មាន​ន័យ​ថា លោក Prayuth ទំនង​ជា​មិន​ចុះចាញ់​នោះ​ទេ មិន​ថា​មាន​អ្វី​កើត​ឡើង​នៅ​តាម​ដង​ផ្លូវ​នោះ​ទេ ទោះ​បី​ជា​មានការ​រាតត្បាត​ជំងឺ​កូវីដ១៩​ដែល​សម្លាប់​មនុស្ស​ជាច្រើន​ជារៀងរាល់​ថ្ងៃ អត្រា​ចាក់​វ៉ាក់សាំង​ទាប និង​ការ​ព្យាករណ៍​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ក្តី»។

លោក Nidhi Eoseewong អ្នក​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​មួយ​រូប​បាន​និយាយ​ក្នុង​ពេល​មាន​បាតុកម្ម car mob ថា «ក្រុម​ឥស្សរជន​ត្រូវ​រក្សា​លោក​ (Prayuth)ឱ្យ​កាន់​តំណែង​នេះ»។

លោក Nidhi Eoseewong ថ្លែង​ក្នុង​សម្តី​ដើម​ថា «លោក Prayuth ដឹង​ច្បាស់​ណាស់​ថា វា​មិន​មែន​ជា​បញ្ហា​ថា​តើ​លោក​ចុះ​ពី​តំណែង​ឬ​អត់​ទេ។ វា​អាស្រ័យ​លើ​ក្រុម​មាន​អំណាច​នៅ​ពីក្រោយ​លោក​ដែល​នឹង​សម្រេច​ចិត្ត»។

ដោយ​មិន​មាន​ការ​ខ្លាច​រអា អ្នក​តវ៉ា​វ័យ​ក្មេង​បាន​ទាមទារ​ឱ្យ​លោក​ចុះ​ចេញ​ពី​តំណែង​ជាង​មួយ​ឆ្នាំ​មក​ហើយ។

ពួកគេ​ក៏​ចូលរួម​នៅ​លើ​កម្មវិធី​ទូរសព្ទ​ដែល​មាន​ឈ្មោះ​ថា Clubhouse ដែល​ការ​ពិភាក្សា​ដែល​រៀបចំ​ដោយ​លោក Thaksin វ័យ​៧២ឆ្នាំ ពី​កន្លែង​ដែល​លោក​ភៀស​ខ្លួន​នៅ​បរទេស ទោះបី​ជា​ពួកគេ​ភាគច្រើន​នៅ​ក្មេង​ពេក​មិន​ចាំ​មហាសេដ្ឋី​រូប​នេះ​ក្តី»។

ការ​អំពាវនាវ​របស់​លោក​ដល់​យុវជន​បាន​ធ្វើ​ឱ្យ​មាន​ការ​មក​តវ៉ា​ជាថ្មី​ម្តង​ទៀត​ ជាពិសេស​នៅ​ពេល​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​ក្រោម​កាន់​តែ​ខ្លាំង ហើយ​រដ្ឋាភិបាល​មិន​មាន​សាច់ប្រាក់ និង​គំនិត​អ្វី​ថ្មី។

លោក Kanokrat បាន​ព្រមាន​ថា ប៉ុន្តែ​មិន​ដូច​អ្នក​ស្មោះស្ម័គ្រ​ពី​មុនៗ​ទេ យុវជន​ជំនាន់ «Gen Z» មាន «គំនិត​នយោបាយ​ថ្មី» ដោយ​លោក​បាន​ពន្យល់​ថា ពួកគេ​នឹង​មិន​គាំទ្រ​មេដឹកនាំ​ដែល​លេង​ល្បែង​ចាស់​ដែលខាតបង់ដល់​ការ​ទាមទារ​របស់​ពួកគេ​នោះ​ទេ។

លោកKanokrat ថ្លែង​ក្នុង​សម្តី​ដើម​ថា «ប្រសិនបើ​យើង​មិន​ស្តាប់ និង​ប្រែក្លាយ​ពួកគេ​ទៅ​ជា​ធនធាន​មនុស្ស​ដ៏​មាន​សក្តានុពល​សម្រាប់​អនាគត​ទេ​នោះ យើង​កំពុង​ប្រែក្លាយ​ពួកគេ​ទៅ​ជា​សត្រូវ​របស់​រដ្ឋ»៕