ក្រសួងមហាផ្ទៃនៃប្រទេសថៃ បានដាក់ពាក្យបណ្តឹងបទឧក្រឹដ្ឋប្រឆាំងនឹងអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី Yingluck Shinawatra អំពីការជាប់ពាក់ព័ន្ធនៅក្នុងកម្មវិធីផ្តល់ការឧបត្ថម្ភធនស្រូវដែលទទួលបរាជ័យ ដែលបានធ្វើឲ្យប្រទេសថៃបង់ខាតប្រាក់ជាច្រើនពាន់លានដុល្លារ។
ក្រុមព្រះរាជអាជ្ញា បានប្តឹងចោទលោកស្រី Yingluck នៅថ្ងៃព្រហស្បតិ៍នេះ អំពីការធ្វេសប្រហែសក្នុងការគ្រប់គ្រងកម្មវិធីនេះ ដែលបានបង់ប្រាក់ទៅឲ្យក្រុមកសិករ លើសពីតម្លៃនៅក្នុងទីផ្សារ សម្រាប់ស្រូវអង្កររបស់ពួកគេ។
ក្រុមអ្នកប្រឆាំងនឹងលោកស្រីនិយាយថា កម្មវិធីនេះគឺជាកិច្ចប្រឹងប្រែងមួយដើម្បីឲ្យបានទទួលការគាំទ្រនយោបាយពីក្រុមកសិករ។
តុលាការកំពូលត្រូវធ្វើសេចក្តីសម្រេចនៅមុនថ្ងៃទី ១៩ ខែមិនា ថានឹងទទួលយកពាក្យបណ្តឹងនេះឬមិនទទួល។ បើត្រូវកាត់សេចក្តីថាមានកំហុស លោកស្រី Yingluck អាចត្រូវជាប់ពន្ធនាគារដល់់ទៅមួយទសវត្សរ៍។
លោកស្រី Yingluck ត្រូវបានទម្លាក់ពីតំណែងដោយបទបញ្ជាមួយរបស់តុលាការកាលពីខែឧសភាឆ្នាំ ២០១៤ នៅពេលប៉ុន្មានថ្ងៃមុនកងយោធាឡើងកាន់អំណាច។
កងយោធាកំពុងពិចារណាដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងលោកស្រី Yingluck ដែរ។ កាលពីថ្ងៃពុធ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ បានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលទាមទារការបង់ខាតប្រាក់ចំនួន ១៨ ពាន់លានដុល្លារនៅក្នុងកម្មវិធីផ្តល់ឧបត្ថម្ភធនស្រូវនេះ៕