ប្រទេស​ថៃ​សម្រេច​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​​​ចុង​ខែ​មិនា

រូបឯកសារ៖ ទាហាន​ថៃ​ម្នាក់​​បោះ​ឆ្នោត​នៅ​ការិយាល័យ​មួយ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០១៤។

ជិត​ប្រាំ​ឆ្នាំ​ក្រោយ​រដ្ឋ​ប្រហារ​យោធា​ ប្រទេស​ថៃ​នៅ​ទី​បញ្ចប់​បាន​ប្រកាស​ថា​នឹង​មាន​ការ​បោះ​ឆ្នោត​នៅ​ចុង​ខែ​មិនា។

ប្រធាន​គណកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៃ​ប្រទេស​ថៃ ​លោក​ Ittiporn Boonpracong​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​បោះ​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ខែ​មិនា។

ពល​រដ្ឋ​ថៃ​មាន​ការ​មួរ​ម៉ៅ នៅ​ពេល​ដែល​រដ្ឋាភិបាល​ថៃ​បាន​ប្រកាសកាល​ពី​ពេល​ថ្មីៗ​ថា​ ការ​បោះ​ឆ្នោត​នឹង​ត្រូវ​ពន្យា​ពេល​ជាលើក​ទី៦ ពី​ព្រោះ​មាន​ការ​ព្រួយ​បារម្ភ​ថាថ្ងៃ​បោះ​ឆ្នោត​ដែល​បាន​កំណត់​ថា​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៤​ កុម្ភះ​នោះ ​អាច​ប៉ះ​ពាល់​ជាមួយ​ថ្ងៃ​ឡើង​សោយ​រាជ្យ​របស់​ព្រះ​មហាក្សត្រ Maha Vajiralongkorn ​ក្នុង​ខែ​ឧសភា។

ការ​កំណត់​យក​ថ្ងៃ​ទី​២៤មិនា​នេះ​ នាំ​ឲ្យ​ពល​រដ្ឋ​ថៃ​មាន​ការ​ងឿង​ឆ្ងល់ ពី​ព្រោះ​ចុង​ខែ​មិនា​កាន់​តែ​កៀក​នឹង​ថ្ងៃ​ឡើង​សោយរាជ្យ​របស់​ព្រះ​មហាក្សត្រ​ទៅ​ទៀត។

ប្រទេស​ថៃ​បាន​ជួប​ប្រទះ​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ទាំង​អស់​១៩​លើក​ ចាប់​តាំង​ពី​ឆ្នាំ​១៩៣២​ មក ហើយ​ក្នុង​ចំណោម​ការ​ប៉ុន​ប៉ង​ទាំង​នោះ មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​សម្រេច​ជោគជ័យ​ចំនួន​១២​លើក៕