គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថៃ​ថា​ បេក្ខជន​នាំមុខ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​បាន​រំលោភ​ច្បាប់​បោះឆ្នោត

​លោក Pita Limjaroenrat ប្រធាន​គណបក្ស Move Forward ចាកចេញ​ពី​សភា​ក្រោយ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សភា កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២៣។

គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថៃ​និយាយ​ថា ​សមាជិក​សភា​គណបក្ស​ប្រឆាំង​លោក Pita Limjaroenratដែល​ជា​បេក្ខជន​កំពូល​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​គួរ​តែ​គ្មាន​លក្ខណៈ​សម្បត្តិ​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​ពីព្រោះ​លោក​បាន​រំលោភ​ច្បាប់​បោះឆ្នោត។

ករណី​នេះ​បាន​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ធម្មនុញ្ញ​របស់​ថៃ​ដើម្បី​សម្រេច​ចុង​ក្រោយ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ​គឺ​មួយ​ថ្ងៃ​មុន​លោកPitaត្រូវ​គេ​រំពឹង​ថា​នឹង​ឈរ​ឈ្មោះ​នៅ​ក្នុង​សភា​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​និយាយ​ថា​មាន​ភស្តុតាង​ថា​មេដឹកនាំ​របស់​គណបក្ស​ឆ្ពោះ​ទៅមុខ (Move Forward) ​កាន់កាប់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មាន​មួយ​ ដែល​ ការរំលោភ​នេះ​នឹង​រារាំង​លោក​មិន​ឱ្យ​ឈរឈ្មោះ​កាន់តំណែង​សាធារណៈ។

ការសម្រេច​នេះ​កើត​មាន​ឡើង​ជិត២ខែ​បន្ទាប់​ពី​គណបក្ស​ឆ្ពោះ​ទៅមុខ​បាន​ទទួល​ជ័យជម្នះដែល​មិន​នឹក​ស្មាន​ទុក​ជាមុន​នៅ​ក្នុង​ការបោះឆ្នោត​សភា​ដែលបាន​ផ្តល់​អាសនៈ​ចំនួន៣១២​នៃ​ក្រុម​ចម្រុះ​មួយ​ដែល​មាន​គណបក្ស​ចំនួន៨​នៅ​ក្នុង​រដ្ឋសភា​ដែល​មាន​សមាជិក៥០០នាក់​នៅពេល​ដែល​ពួក​អ្នក​បោះឆ្នោត​បាន​បដិសេធ​ពួក​បេក្ខជន​មកពី​គណបក្ស​ដែល​គាំទ្រ​ដោយ​ពួក​យោធា​ដែល​បាន​គ្រប់គ្រង​ប្រទេស​ថៃ​អស់​រយៈ​ពេល៩​ឆ្នាំ។

គណៈកម្មការ​នោះ​ក៏​បាន​និយាយ​ដែរ​ថា ​លោក Pitaត្រូវតែ​បញ្ឈប់​ពី​សភា​ចំពោះ​ការ​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន iTV ​ដែល​លែង​មាន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក Pita​នៅ​ខ្វះ​សំឡេង​ឆ្នោត​ទាំង​អស់​៦៤ទៀត​ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី។ លោក​នឹង​ត្រូវ​ស្វែងរក​សំឡេង​ឆ្នោត​មកពី​គណបក្ស​ផ្សេងៗ​ទៀត​ដែល​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ក្រុម​ចម្រុះ​របស់​លោក​នៅ​ក្នុង​រដ្ឋសភា​ឬ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​គាំទ្រ​ដោយ​ពួក​អភិរក្ស​និយម​ដែលធ្វើ​ឱ្យ​ការតែងតាំង​របស់​លោក​ស្ថិត​ក្នុង​ការ​មន្ទិល​សង្ស័យ។

លោក Pita ក៏​អាច​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​និង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ប្រសិន​បើ លោក​ត្រូវ​បាន​កាត់ទោស​ហើយ​មានទោស​ដូច​ការចោទប្រកាន់​ទាំង​នេះ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង ​Reuters