ប្រទេសថៃ សង្ឃឹមថា ឆ្នាំថ្មីនឹងនាំមកនូវភាពធូរស្រាលដល់សេដ្ឋកិច្ចដែលជួបការលំបាករបស់ខ្លួន។ ក៏ប៉ុន្តែ ការផ្ទុះឡើងនូវការឆ្លងរាលដាលវីរុសកូរ៉ូណាលើកទី២ បានធ្វើឲ្យព្រះរាជាណាចក្រថៃជួបប្រទះបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។
ផ្លូវនានាកម្រមានមនុស្សដើរ អាជីវកម្មត្រូវបានគេបោះបង់ចោល ហើយមនុស្សរាប់លាននាក់ប្រឹងប្រែងស្វែងរកប្រាក់ចំណូល។
ថៃដែលជាសង្គមមួយដែលមិនមានភាពស្មើគ្នាយ៉ាងខ្លាំងបំផុតនៅតំបន់អាស៊ី ហាក់ដូចជាបានត្រួតត្រាវីរុសនោះបាន ដោយមានករណីឆ្លងតែបន្តិចបន្តួច បើប្រៀបជាមួយប្រទេសផ្សេងទៀត ដែលរងការប៉ះពាល់យ៉ាងខ្លាំង។
ក៏ប៉ុន្តែ ការផ្ទុះឡើងនូវវីរុសនោះ ត្រូវបានគេស្តីបន្ទោសលើកម្មករចំណាកស្រុកមីយ៉ាន់ម៉ា ដែលត្រូវបានពួកមន្ត្រីថៃរត់ពន្ធឆ្លងកាត់ព្រំដែន និងទីកន្លែងលេងល្បែងស៊ីសងខុសច្បាប់ បាននាំឲ្យមានការរាតត្បាតឡើងវិញ។ ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ មក មានការឆ្លង ១ ម៉ឺន ២ ពាន់ករណី ដែលមានចំនួនច្រើនជាង ៣ ដង លើសកាលពីពេលមុន។
ក្រុមមន្ត្រីសុខាភិបាលថៃ រាយការណ៍ថា មនុស្ស ៧៦ នាក់ បានស្លាប់ ចាប់តាំងវីរុសកូរ៉ូណាបានកើតមានឡើង ដែលនេះជាចំនួនតិចបើប្រៀបធៀបទៅនឹងប្រទេសនានា ដែលរងការប៉ះពាល់ខ្លាំងបំផុត ក៏ប៉ុន្តែល្មមគ្រប់គ្រាន់ក្នុងការបង្ខំឲ្យរដ្ឋាភិបាលថៃបិទរង្គសាលនិងកន្លែងម៉ាស្សា និងដាក់ការកម្រិតម៉ោងបើករបស់ភោជនីយដ្ឋាន ដើម្បីបញ្ឈប់ការរាលដាលនេះ។
ការណ៍នេះបានដាក់បន្ទុកថែមទៀតលើវិស័យទេសចរណ៍ដែលស្ទើតែដួលរលំទាំងស្រុង ដែលបានរួមវិភាគទានជាប្រាក់ចំនួន ៦០ ពាន់លានដុល្លារដល់សេដ្ឋកិច្ចថៃក្នុងឆ្នាំ ២០១៩ ដោយសារការរឹតត្បិតការធ្វើដំណើរ និងការតម្រូវឲ្យធ្វើចត្តាឡឺស័កចំនួន ២ សប្តាហ៍។
មនុស្សរាប់លាននាក់ថែមទៀតបានបាត់ការងាររាប់តាំងពីអ្នកលក់ដូរកំប៉ិកកំប៉ុកទៅដល់អ្នកលក់ចំណីអាហារនៅតាមផ្លូវ ដែលពឹងផ្អែកលើពួកអ្នកទេសចរណ៍៕