សេដ្ឋកិច្ចថៃកំពុងបង្ហាញសញ្ញានៃការរើបឡើងវិញបន្ទាប់ពីមានភាពវឹកវរនយោបាយអស់ជាច្រើនខែរួចមក ដែលបាននាំឱ្យមានរដ្ឋប្រហារយោធា។ រដ្ឋាភិបាលយោធានៃប្រទេសនេះបានធ្វើចំណាត់ការយ៉ាងរហ័សរបស់ក្នុងការអនុវត្តកំណែទម្រង់សេដ្ឋកិច្ចនិងលើកកម្ពស់ការវិនិយោគ។
ធនាគារកណ្ដាលថៃនិយាយថាខ្លួនរំពឹងថានឹងឃើញសញ្ញានៃកំណើនសេដ្ឋកិច្ចត្រឹមពាក់កណ្ដាលឆ្នាំ២០១៤នេះ ខណៈពេលដែលរដ្ឋាភិបាលយោធានៃប្រទេសនេះផ្ដោតលើកំណែទម្រង់និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ ធនាគារកណ្ដាលនេះព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងមានកំណើន៥,៥ភាគរយនៅឆ្នាំ២០១៥។
ក្នុងរយៈពេលបីខែដើមឆ្នាំនេះ នៅពេលដែលការសម្រេចចិត្តរបស់រដ្ឋាភិបាលត្រូវបានញាំញីដោយភាពចលាចលនយោបាយសេដ្ឋកិច្ចបានដាំក្បាលចុះដក២,១ភាគរយ បើធៀបនឹងរយៈពេលបីខែមុននោះ។
ប៉ុន្តែតាំងពីបានទម្លាក់រដ្ឋាភិបាលស៊ីវិលចេញពីអំណាចកាលពីថ្ងៃទី២២ខែឧសភារួចមក ការស្ទង់មតិនានាបានបង្ហាញថាទំនុកចិត្តធុរកិច្ចនិងអ្នកប្រើប្រាស់មានការងើបឡើងវិញ ហើយទីផ្សារមូលប័ត្រក៏ប្រសើរជាងមុនដែរ។
លោក Narongchai Akrasanee ទីប្រឹក្សាម្នាក់របស់គណៈកម្មការជាតិដើម្បីសន្តិភាពនិងសណ្ដាប់ធ្នាប់ (NCPO) ដែលកំពុងដឹកនាំប្រទេស និងជាសមាជិកនៃអាជ្ញាធររូបិយវត្ថុរបស់ធនាគារកណ្ដាលនៃប្រទេសនេះនិយាយថា សេដ្ឋកិច្ចគឺកំពុងតែងើបឡើងវិញ នៅពេលដែលរដ្ឋាភិបាលបានដាក់ចេញនូវផែនការថវិកានិងគម្រោងវិនិយោគថ្មី។
លោក Narongchai Akrasanee ពន្យល់ថា៖ «គោលនយោបាយជាច្រើនដែលបានអនុវត្តដោយរដ្ឋាភិបាលចាស់ គឺមិនអាចអនុវត្តបានឬខ្លះទៀតត្រូវបានអនុវត្តក្នុងវិធីដ៏អាក្រក់។ ដូច្នេះរដ្ឋបាលថ្មីនេះគឺកំពុងព្យាយាមដោះស្រាយបញ្ហាទាំងនោះភាគច្រើន។ យើងកំពុងត្រឡប់មកវិញហើយ។ យើងបានស្ថិតក្នុងស្ថានភាពលំបាកអស់ជាច្រើនឆ្នាំមកហើយ។ ក្នុងក្រសែភ្នែកអ្នកវិនិយោគបរទេសជាច្រើននោះ សារដែលខ្ញុំចង់និយាយគឺថាយើងកំពុងតែត្រឡប់មកវិញហើយ»។
អ្នកវិភាគធុរកិច្ចនានានិយាយថា ពួកយោធាទំនងជាបានរៀនពីមេរៀនរដ្ឋប្រហារកាលពីលើកមុននៅឆ្នាំ២០០៦ ដែលបានធ្វើឱ្យសំណើកំណែទម្រង់របស់ខ្លួននៅជាប់គាំង។ រដ្ឋាភិបាលបច្ចុប្បន្នបានដោះស្រាយបញ្ហាជាច្រើនបានយ៉ាងលឿន រួមមានការទូទាត់សាច់ប្រាក់យ៉ាងច្រើនទៅឱ្យកសិករ និងការចាប់ផ្ដើមគម្រោងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការដឹកជញ្ជូននិងធនធានទឹកថ្មី។»
លោក Angus Kent នាយកគ្រប់គ្រងក្រុមហ៊ុនមូលប័ត្រមួយក្នុងប្រទេសថៃឈ្មោះ Macquarie Securities និយាយថាចំណាត់ការដំបូងរបស់ពួកយោធាត្រូវបានគេមើលឃើញថាមានផលវិជ្ជមានសម្រាប់ធុរកិច្ច រួមទាំងអ្នកវិនិយោគពីបរទេស។
លោកថ្លែងថា៖ «ចំណុចសំខាន់បំផុតគឺកំណែទម្រង់ជាលក្ខណៈរចនាសម្ព័ន្ធ។ ខ្ញុំគិតថា ទំនាក់ទំនងរបស់គណៈកម្មការជាតិដើម្បីសន្តិភាពនិងសណ្ដាប់ធ្នាប់ ជាមួយសភាពាណិជ្ជកម្ម និងទីភ្នាក់ងារផ្សេងៗទៀត គឺមានភាពវិជ្ជមានខ្លាំងមែនទែន។ វាក៏ដូចជាមានស្មារតីបន្ទាន់មួយដែលថាការងារទាំងនោះត្រូវធ្វើឲ្យរួចរាល់យ៉ាងឆាប់ ដែលខ្ញុំគិតថាតាមរយៈបទពិសោធន៍មនុស្សជាច្រើនក្នុងបន្ទប់នេះ យើងមិនធ្លាប់ជួបប្រទះនឹងការធ្វើកិច្ចការយ៉ាងបន្ទាន់បែបនេះទេពីមុនមក»។
ពួកយោធាក៏បានចាត់វិធានការធ្វើកំណែទម្រង់ការិយាធិបតេយ្យនិងកាត់បន្ថយឥទ្ធិពលអតីតមេដឹកនាំ លោក Thaksin Shinawatra ដែលបានរស់នៅបរទេសតាំងពីឆ្នាំ២០០៨មក ដើម្បីគេចខ្លួនពីការកាត់ទោសឱ្យជាប់ពន្ធនាគារពីបទប្រព្រឹត្តអំពើពុករលួយ។
អ្នកស្រី Pavida Pananond សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យពាណិជ្ជកម្មនៃសាកលវិទ្យាល័យThammasat និយាយថាពួកយោធាបានចាត់វិធានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក៏ដូចជារៀបចំរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាលសហគ្រាសនានារបស់រដ្ឋទៀតផង។
អ្នកស្រីនិយាយថា៖ «មួយផ្នែកទៀតគឺឆន្ទៈបោសសម្អាតអំពើពុករលួយ។ វាជាចំណាត់ការដែលគួរឱ្យស្វាគមន៍មួយ។ យើងអាចឃើញថា ឥឡូវនេះមានបញ្ហាជាច្រើនត្រូវបានដោះស្រាយ។ ឧទាហរណ៍ដូចជាក្រុមប្រឹក្សាភិបាលសហគ្រាសរបស់រដ្ឋជាច្រើននាក់ត្រូវបានឱ្យលាលែងពីតំណែង ហើយអ្នកបច្ចេកទេសជាន់ខ្ពស់មួយចំនួនត្រូវបានផ្លាស់ទៅតំណែងមិនសកម្មនៅការិយាល័យនាយករដ្ឋមន្ត្រីជាដើម»។
រដ្ឋាភិបាលនេះបានដាក់ចេញកម្មវិធីចំណាយលើវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន៧៥ពាន់លានដុល្លារ សម្រាប់ការតភ្ជាប់ផ្លូវរថភ្លើងនិងផ្លូវជាតិ ហាយវ៉េ (highways) ថ្មី។ ប៉ុន្តែរដ្ឋាភិបាលនេះក៏បានផ្អាកគម្រោងនានារបស់រដ្ឋាភិបាលមុន ដែលពួកគេបានអះអាងថា ប្រហែលជាមានការជាប់ទាក់ទងនឹងអំពើពុករលួយ៕
ប្រែសម្រួលដោយ ឃួន ធារ៉ា