ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​និង​ថៃ ពិភាក្សា​គ្នា​ជា​លើក​ដំបូង​ក្រោយ​រដ្ឋ​ប្រហារ​យោធា​ថៃ


ពលករ​រៀបចំ​ឯកសារ​ដើម្បី​ត្រៀម​ខ្លួន​ចុះ​ឈ្មោះ​ក្នុង​មជ្ឈមណ្ឌលOne Stop Service សម្រាប់​ពលករ​បរទេស ដែល​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ថៃ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត​ដោយ Steve Herman នៃ VOA)
ពលករ​រៀបចំ​ឯកសារ​ដើម្បី​ត្រៀម​ខ្លួន​ចុះ​ឈ្មោះ​ក្នុង​មជ្ឈមណ្ឌលOne Stop Service សម្រាប់​ពលករ​បរទេស ដែល​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ថៃ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត​ដោយ Steve Herman នៃ VOA)

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង​ និង​សមភាគី​របស់​លោក​ គឺលោក ស៊ីហាសាក់​ ផុងគិតថែវ ( ​Sihasak Phuangketheow) ​អគ្គលេខាធិការ​ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ស្តី​ទី​នៃ​ប្រទេស​ថៃ​ បាន​ជួប​ពិភាក្សា​គ្នា​ជា​ផ្លូវ​ការ​ជាលើក​ដំបូង​បន្ទាប់​ពី​យោធា​បាន​ដឹក​នាំ​រដ្ឋប្រហារ​កាល​ពី​ថ្ងៃ​ទី​២២​ខែឧសភា។

នៅ​ក្នុង​ជំនួបជាង​មួយ​ម៉ោង​នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា ប្រទេស​ថៃ​បាន​សន្យា​ថា​ នឹង​ជួយ​សម្រួល​ដល់​ពលករ​កម្ពុជា​ដែល​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​វិញ។

លោក ស៊ីហាសាក់​ ផុងគិតថែវ (Sihasak Phuangketheow) ​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កា​សែត​បន្ទាប់​ពី​ជំនួប​នោះ​ថា​អាជ្ញាធរ​ថៃ​បាន​បង្កើត​មជ្ឈមណ្ឌល​មួយ​នៅ​ខេត្ត​សាមុត​សាខន​ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​ថៃ​ទៅ​ចុះ​ឈ្មោះ​ធ្វើ​ការ​នៅ​ទៅ​នោះ​។

លោក​បាន​បញ្ជាក់​ថា ​ប្រទេស​ថៃ​ក៏​បាន​បង្កើត​មជ្ឃមណ្ឌល​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា ​( One Stop Service ) នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​ឲ្យ​ពលករ​ខ្មែរ​សុំទិដ្ឋាការ​ស្រប​ច្បាប់​។ ហើយ​ការ​ធ្វើ​ទិដ្ឋាការ​បាន​កាត់​បន្ថយ​ពីចំនួន៣ថ្ងៃ​មក​នៅ​ត្រឹម​១​ថ្ងៃ​វិញ។

លោក​បាន​និយាយ​តាម​រយៈអ្នក​បក​ប្រែ​ថា​«​ មួយ​ទៀត​គឺ​ជាដំណឹង​ល្អ​។ លោក​ឯក​អគ្គរាជ​ទូត​ក៏បាន​ជំរាប​ថា​តទៅនេះ​គឺ​ថា​ពលករ​កម្ពុជា​ទៅ​សុំ​វីសារ​គឺថា​បី​ថ្ងៃ​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​មួយ​ថ្ងៃ​វិញ​បាន visaហើយ​»។

ក្រោយពី​យោធា​ថៃ​បាន​ធ្វើ​រដ្ឋប្រហារ​មក ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​ចាប់​បញ្ជូន​ពលករ​កម្ពុជា ភូមា​ និង​លាវ ទៅ​កាន់​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

ពលករ​កម្ពុជា​ប្រមាណ​ជាង​២៥​ម៉ីន​នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​។

លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​មាន​ប្រសាសន៍ថា​មាន​ពលករ​កម្ពុជា​ប្រមាណ​១៣០០០​នាក់​ហើយ​បាន​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​វិញ។​

លោក​មាន​ប្រសាសន៍​នៅ​ក្នុងសន្និសីទកាសែត​ក្រោយ​ពី​ជំនួប​ជាមួយ​ភាគី​របស់​លោក​ថា​កម្ពុជា​បាន​យោគយល់​អំពីការ​បញ្ជូន​ពលករ​កម្ពុជា​មក​វិញ​ដើម្បី​ត្រឡប់​ទៅ​វិញ​អោយ​ស្រប​ច្បាប់។

លោក​និយាយ​ថា៖ «​ ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​បញ្ជួន​កំណត់​ការ​ទូត​ទៅ​ប្រទេស​ថៃ​សុំ​ទិដ្ឋាការ​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​អោយ​ពលករ​កម្ពុជា​ជាង​១ម៉ីន​នាក់​ហើយ»។

ពលករ​កម្ពុជា​ប្រមាណ​ជាង​៤៥​ម៉ឺន​នាក់​បាន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​បុគ្គលិកផ្នែកលក់​ដូរ​ ជាង​សំណង់​ កម្មករ​នេសាទ​ នៅ​នៅ​តាម​បណ្តា​រោង​ចក្រ​ផ្សេង​ៗ។

លោក​ ស៊ីហាសាក់​ ផុងគិតថែវ អគ្គលេខាធិការ​ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការបរទេស​ថៃ​មាន​ប្រសាសន៏​ថា​ការ​ដែល​ប្រទេស​ថៃ​បាន​ចាប់​បញ្ជូន​ពល​ករ​មិន​ថា​មក​ពីកម្ពុជា​ លាវ​និង​ ភូមា​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ​ គឺ​ដោយ​សារ​ប្រទេស​ថៃ​ចង់​រៀប​ចំសណ្តាប់​ធ្នាប់​ឡើង​វិញ​តែ​ប៉ុណ្ណោះ​។

ក្រៅ​ពី​ពិភាក្សា​រឿង​បញ្ជូន​ពល​ករ ថៃ​និង​កម្ពុជា​ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​ការ​សាង់​សង់​ស្ពាន​ផ្លូវ​រថ​ភ្លើង​ពី​ស្រុក​អារញ្ញ​មក​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ការ​បើក​ច្រក​ស្ទឹង​បទ​ដើម្បីឲ្យ​ក្លាយ​ទៅ​ជា​ច្រក​ទ្វារ​អន្តរជាតិ​សម្រាប់ទំនិញ​ឆ្លង​កាត់​ចំណែក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​គឺ​សម្រាប់​តែ​ភ្ញៀវ​ទេស​ចរណ៍​បរទេស​ចេញ​ចូល​តែ​ប៉ុណ្ណោះ​។

ប្រទេស​កម្ពុជា​ ក៏​បាន​ស្នើ​ដល់​ប្រទេស​ថៃ​ថា​ពេល​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ប្រទេស​ថៃ អាជ្ញាធរ​ថៃ​គួរ​តែ​ចាប់​ខ្លួន​យក​ទៅ​កាត់​ទោស​តាម​ច្បាប់​ ជាជាង​បាញ់​សម្លាប់។

ក្រសួង​ការ​បរទេស​កម្ពុជា​និង​ថៃ​បាន​សន្យា​ថា​នឹង​បង្កើត​លេខាធិការ​ដ្ឋាន​ជាតិ​កម្ពុជា​និង​ប្រទេស​ថៃ​ដើម្បី​ជួប​ជុំ​គ្នា​ត្រួត​ពិនិត្យ​នៅ​តាម​តំបន់​ព្រំដែន​កុំ​ឲ្យ​មាន​ការ​កាប់​ឈើខុស​ច្បាប់៕​

XS
SM
MD
LG