សេដ្ឋកិច្ចប្រទេសថៃ ដែលបង្ហាញពីការងើបឡើងខ្លះនៅក្នុងឆ្នាំ ២០១៦ នេះ នៅតែជាចំណាប់ខ្មាំងនៃភាពចលាចលផ្នែកនយោបាយដដែល ខណៈពេលដែលប្រជាពលរដ្ឋត្រៀមរៀបចំទៅបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញថ្មីមួយ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៧ ខែសីហា ខាងមុខនេះ។
ការធ្វើប្រជាមតិនេះនឹងសម្រេចថាតើអ្នកបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញថ្មីមួយដែលជំរុញឲ្យពួកយោធាកាន់តែមានឥទ្ធិពលខ្លាំងក្លាថែមទៀតនៅក្នុងវិស័យនយោបាយបន្ទាប់ពីការបោះឆ្នោត ដែលរំពឹងថានឹងត្រូវធ្វើឡើងនាឆ្នាំក្រោយនេះ ឬក៏យ៉ាងណានោះ។
រដ្ឋធម្មនុញ្ញថ្មីនេះ នឹងបង្កើតព្រឹទ្ធសភាមួយ ដែលមានសមាជិកតែងតាំងជ្រើសចេញពីពួកយោធាចំនួន ២៥០ នាក់ និងរដ្ឋសភាមួយដែលមានតំណាងរាស្ត្រ ៥០០ រូប។
ភាពស្រពេចស្រពិលនៅតែទាក់ទិននឹងការគាំទ្រពីប្រជាពលរដ្ឋថៃទូទៅចំពោះរដ្ឋធម្មនុញ្ញថ្មីនេះ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលផ្សេងៗនៅតែទិតៀនចំពោះការគាំទ្រឲ្យមាននាយករដ្ឋមន្ត្រីថ្មី ដែលមានពួកយោធានៅគាំទ្រពីក្រោយ តាមរយៈកិច្ចប្រជុំនៃសភាទាំងពីរ ជាជាងតាមរយៈគណបក្សដែលជាប់ឆ្នោត ឬក៏ការបង្កើតរដ្ឋាភិបាលរួមគ្នាមួយជាមួយនឹងគណបក្សណាដែលមានសំឡេងឆ្នោតច្រើនជាងគេនោះទេ។
អ្នកស្រី Krystal Tan សេដ្ឋវិទូមកពីវិទ្យាស្ថាន Capital Economics ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បាននិយាយថា អ្នកវិនិយោគទុននៅតែមានការព្រួយបារម្ភដោយសារតែភាពស្រពេចស្រពិលមិនច្បាស់ថាតើការធ្វើប្រជាមតិនេះនឹងត្រូវបានគេអនុម័ត ឬក៏យ៉ាងណានោះ។
អ្នកស្រី Tan បានប្រាប់ VOA ថា៖ «មនុស្សម្នាក់ៗកំពុងតែតាមដានមើលថានឹងមានអ្វីកើតឡើងចំពោះការធ្វើប្រជាមតិនេះ ហើយបញ្ហាគឺយើងមិនច្បាស់ថានឹងមានអ្វីកើតឡើងនោះទេ ប្រសិនបើការធ្វើប្រជាមតិនេះមិនត្រូវបានគេអនុម័តនោះ។ ហើយករណីនេះ នឹងជំរុញឲ្យមានការពន្យាពេលនៃការបោះឆ្នោត ដែលគ្រោងធ្វើនៅឆ្នាំក្រោយនេះ ហើយនៅក្នុងចន្លោះពេលនោះ ពួកយោធានឹងនៅតែគ្រប់គ្រងប្រទេសដដែល»។
ចាប់តាំងពីពួកយោធាបានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំ ២០១៤ មក សេដ្ឋកិច្ចរបស់ប្រទេសថៃជួបបញ្ហាជាច្រើន ហើយស្ថិតនៅក្រោមកម្រិតនៃការរីកចម្រើនធម្មតាប្រហែល ៣.៥ ភាគរយ។ មន្ត្រីធនាគារថៃបានទស្សន៍ទាយថា សេដ្ឋកិច្ចប្រទេសថៃនឹងកើនឡើងនៅពាក់កណ្តាលឆ្នាំ ២០១៦ នេះ៕