លទ្ធផល​​ការ​ធ្វើ​ប្រជាមតិ​រដ្ឋធម្មនុញ្ញ​ថ្មី​នៃ​​ប្រទេស​ថៃ​មាន​ភាព​ស្រពេចស្រពិល

  • VOA Khmer

រូបភាព​ឯកសារ៖ ក្រុម​ទាហាន​ថៃឈរយាមការ​ពា​បាតុកម្ម​ប្រឆាំង​រដ្ឋ​ប្រហារនៅ​វិមាន​ជ័យជម្នះ​ទីក្រុង​បាំងកក ប្រទេស​ថៃ។

ប្រជាពលរដ្ឋ​ថៃ​ជិត ៥០ លាន​នាក់ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ចំពោះ​អនាគត​នៃ​ច្បាប់​ពង្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ប្រទេស​ថៃ ដែល​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​សារៈសំខាន់​ចំពោះ​គម្រោង​របស់​រដ្ឋាភិបាល​យោធា​ក្នុង​ការ​ធ្វើឲ្យ​ការ​បោះ​ឆ្នោត​ជាតិ​មាន​ភាព​ប្រសើរ​ឡើង។

ប៉ុន្តែ​បើ​តាម​ការ​ស្ទង់​មតិ លទ្ធផល​ដែល​បាន​មកពី​ការ​ធ្វើ​ប្រជាមតិ​នេះ​នៅតែ​មាន​ភាព​ស្រពេច​ស្រពិល​ដដែល ហើយ​ក្នុង​នោះ អ្នក​បោះ​ឆ្នោត​ប្រហែល​ជា ៦០ ភាគរយ នៅ​មិន​ទាន់​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់​មុន​ពេល​ការ​បោះ​ឆ្នោត​ធ្វើ​ប្រជាមតិ​នេះ​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៧ ខែ​សីហា ខាង​មុខ​នេះ។

ពួក​យោធា ដែល​បាន​គ្រប់គ្រង​អំណាច​តាំងពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ បាន​ដាក់​កំហិត​យ៉ាង​តឹងរ៉ឹង​មិនឲ្យ​មាន​ការ​ពិភាក្សា​ដេញដោល​ណាមួយ​លើ​រឿង​ពង្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​ទេ ដោយ​បាន​ចាប់​ខ្លួន​អ្នក​ណា​ដែល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​មិន​បោះ​ឆ្នោត​គាំទ្រ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ ជា​រឿយៗ​គឺ​ពួក​និស្សិត ថែម​ទាំង​បាន​សម្រុក​ចូល​បង្ក្រាប​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ផង​ដែរ។

គេ​ឃើញ​មាន​ការ​ចោទ​ប្រកាន់​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី នឹង​តម្រូវឲ្យ​មាន​ការ​កាត់បន្ថយ​នូវ​ចំណាយ​នៅ​ក្នុង​វិស័យ​សេវា​សុខាភិបាល​សាធារណៈ ដែល​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​រដ្ឋាភិបាល។

រដ្ឋាភិបាល​យោធា​បាន​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត ប៉ុន្តែ​អ្នក​វិភាគ​យល់ឃើញ​ថា មាន​អ្នក​បោះ​ឆ្នោត​តិចតួច​ប៉ុណ្ណោះ ដែល​ទំនង​ជា​បាន​អាន​ពង្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ដើម្បី​ធ្វើ​ការ​សម្រេចចិត្ត​ក្នុង​ការ​បោះ​ឆ្នោត​ឯកភាព ឬ​មិន​ឯកភាព។

លោក Gothom Arya អតីត​សមាជិក​មួយ​រួប​នៃ​គណៈកម្មការ​បោះ​ឆ្នោត និង​ជា​សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​មួយ​រូប​ផងដែរ បាន​និយាយ​ថា ប្រជាពលរដ្ឋ​មាន​ព័ត៌មាន​មិន​គ្រប់គ្រាន់​អំពី​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នេះ ដោយហេតុ​ថា​មាន​ការ​ដាក់​កំហិត​ចំពោះ​ការ​ពិភាក្សា​ដេញដោល និង​មាន​ការ​ចាប់​ខ្លួន​អ្នក​ណា​ដែល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​មិន​បោះ​ឆ្នោត​គាំទ្រ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ៕