មាន​តម្រុត​ថ្មី​តិចតួច​ក្នុង​ការ​ស្វែង​រក​អ្នកដាក់​គ្រាប់​បែក​នៅ​ថៃ

ទាហាន​ថៃ​ដើរ​នៅ​ជិត​ទីសក្ការបូជា​ Erawan នៅ​ជិត​ផ្លូវ​ Rajprasong ជា​កន្លែង​ដែល​មាន​ការ​ផ្ទុះ​គ្រាប់​បែក​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ (រូបថតកាលពីថ្ងៃទី២៤ ខែ​សីហា)។

មន្ត្រី​ប៉ូលិសជាន់ខ្ពស់​នៃ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ បាន​និយាយ​ថា ​អាជ្ញាធរ​«មានការ​ប្រាកដ​ប្រជា»​ថា​ ពួក​ទេសចរ​ចិន​មិន​ត្រូវ​បានយកធ្វើជា​ទីដៅជា​ពិសេស​នៅ​ក្នុង​ការបំផ្ទុះ​គ្រាប់បែក​ដ៏​ប្រល័យនៅ​ឯ​ទីសក្ការបូជា​មួយ​ក្នុង​ទី​ក្រុងបាងកក​កាលពី​មួយ​សប្តាហ៍មុន​នេះ​ទេ។

នៅ​ក្នុង​ការ​ឆ្លើយតប​ដល់​សំណួរ​មួយ​របស់​វីអូអេ​ លោក​ឧត្តមសេនីយឯក​ប៉ូលិស Prawut Thavornsiri ​បាន​មាន​ប្រសាសន៍​ថា​ ទីសក្ការបូជា​ Erawan ​ដែល​ជា​កន្លែង​មួយ​ដែល​ពួក​ភ្ញៀវ​អាស៊ី​ចូលចិត្ត​ទៅ​ទស្សនា​ក្នុង​ក្រុងបាងកក​ទំនង​ជា​ត្រូវ​បានជ្រើសរើស​យក​ជា​កន្លែង​វាយ​ប្រហារ​ ពីព្រោះ​ជា​ធម្មតា​ ទីនោះ​គឺ​ជា​កន្លែង​មាន​មនុស្ស​កុះករ។

នៅ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​ពួក​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ លោកឧត្តមសេនីយ​ប៉ូលិស​ថៃ​រូបនេះ​បាននិយាយ​អះអាង​ថា​ អ្នក​បំផ្ទុះ​គ្រាប់បែក​នេះ​មិន​មែន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ឬ​ជា​អ្នកគោរព​ព្រហ្មញ្ញ​សាសនា​ទេ​ដោយសារ​លក្ខណៈ​ផ្សំ​គ្នា​ខាង​សាសនា​នៃ​ទីសក្ការបូជា​នេះ​ ដោយ​លោក​បាន​ចាត់ទុក​ថា​ គ្រាប់បែក​នេះ​មាន​ប្រសិទ្ធិភាព​លើស​ពី​ការ​ប៉ិន​ប្រសប់​នៃ​ពួក​អ្នក​ផលិត​គ្រាប់បែក​នៅ​ក្នុង​ប្រទេស​ថៃ។​

លោក Prawut បាន​មាន​ប្រសាសន៍​ថា៖ «គ្រាប់បែក​នេះ​មាន​ប្រសិទ្ធិភាព​ណាស់។ ​វា​មាន​កម្លាំង​ខ្លាំង​ណាស់​ហើយ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ក្នុង​ការ​ផលិត​គ្រាប់​បែក​បែប​នេះ»៕