ថៃ​ដោះលែង​អ្នកលួចកាប់​ឈើ​១០​នាក់​មកវិញ​នៅសល់​៩នាក់​ទៀត

រូបឯកសារ៖ ផែនទីព្រំប្រទល់​កម្ពុជា​ជាមួយនឹង​ប្រទេស​ថៃ ឡាវ និង​វៀតណាម។

​«មិនមាន​អ្វី​ដែល​រដ្ឋាភិបាល​ពិបាក​នឹង​ធ្វើ​ទេ​ព្រោះ​ឲ្យ​តែ​មាន​ទីផ្សារ។​ ​ទី១៖​ ​ទីផ្សារ​កសិផល​របស់​គាត់ ជួយ​ប្រមែ​ប្រមូល​ទិញ​ឲ្យ​មាន​តម្លៃ​ ​ហើយ​ធានា​នូវ​តម្លៃ​ឲ្យ​គាត់​រស់បាន​ ​កុំ​ឲ្យ​យក​កសិផល​ពី​បរទេស​​ចូល​មក​ខ្មែរ​បែរជា​ខ្មែរ​លក់​ចេញ​ទៅ​ក្រៅ​មិន​បាន ​លក់​កន្លែង​ឯង​កាន់​តែ​ថោក។​ ទី២៖​ គឺ​ទាក់​ទង​ទៅ​លើ​ទីផ្សារ​ការងារ​ ​ឲ្យ​មាន​កុំ​ឲ្យ​ខ្មែរ​យើង​ពឹង​ថា ថៃ​ជា​ទីផ្សារ​ ​ហើយ​យើង​លក់​កម្លាំង​ពលកម្ម​ទៅ​ឲ្យ​ថៃ»។​

ពលរដ្ឋ​ខ្មែរ​ចំនួន​១០​នាក់​ ក្នុង​ចំណោម​១៩​នាក់​ ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ ​បន្ទាប់​ពី​ពួកគេ​ត្រូវ​បានកាត់ទោស​ ​និង​ផាកពិន័យ​ក្នុង​ម្នាក់ៗ​ ជាង​២​៥ម៉ឺន​រៀល ពី​បទឆ្លង​ដែន​ខុស​ច្បាប់​ចូល​ឧទ្យាន​ជាតិ​ថៃ​ដើម្បី​កាប់​ឈើ​គ្រញូង​ដ៏​មាន​តម្លៃ។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍។​

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ​ដែល​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​១៨​ ​ខែ​ឧសភា​នេះ​ ឲ្យ​ដឹង​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​ចំនួន​១៩នាក់​ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ ​ពេល​ពួកគេ​លួច​ឆ្លងដែន​ចូល​ទៅ​កាប់ឈើ​គ្រញូង​ ​ក្នុង​ខេត្ត​ស៊ី​សាកេត​ ​និង​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ។​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នេះ​ ​មាន​ចំនួន​ពីរ​ក្រុម​ផ្សេង​គ្នា​ ​ដោយ​មួយក្រុម​មាន​គ្នា​៩​នាក់​ និង​មួយ​ក្រុម​ទៀត​ ​មាន​គ្នា​១០​នាក់​ ​មក​ពី​ខេត្តបន្ទាយ​មានជ័យ​ ​ឧត្តរមានជ័យ​ ​កំពង់ស្ពឺ​ ​និង​ខេត្ត​កំពង់ធំ។​ ក្រោយ​ឃាត់​ខ្លួន​ ​ពលរដ្ឋ​ខ្មែរ​ទាំង​១៩​នាក់​ ​ត្រូវ​បាន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ស្រះកែវ​ ​និង​ខេត្ត​ស៊ី​សាកេត។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨​ ​ខែ​ឧសភា​ ​ដដែល​បន្តថា​ ​ពលរដ្ឋ​ខ្មែរ​ចំនួន​១០នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤​ ​ខែ​ឧសភា​ ​នៅ​ឧទ្យានជាតិ​ប៉ាងស៊ីដា​ ​ខេត្តស្រះកែវ​ ​ត្រូវ​បាន​កាត់​ទោស​ ​និង​ផាកពិន័យ​ ​ក្នុង​ម្នាក់ៗ​ចំនួន​២.៥០០បាត​ ​ឬស្នើ​នឹង​ជាង​២៥​ម៉ឺន​រៀល​ ពី​បទ​ឆ្លងដែន​ខុស​ច្បាប់​ចូល​ឧទ្យាន​ជាតិ។​ ​ទោះជាយ៉ាង​ណា​ ពួកគេត្រូវ​បាន​អាជ្ញាធរ​ថៃ​សម្រេច​ដោះលែង​ ​និង​បញ្ជូន​មក​កម្ពុជា​វិញ​ នារសៀល​ថ្ងៃ​ទី​១៨ ​ខែ​ឧសភា​នេះ។​ ដោយ​ឡែក​អ្នក​កាប់​ឈើ​ខុសច្បាប់​ចំនួន​៩នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំឃាំង​នៅ​ខេត្ត​ស៊ីសាកេត​នៅ​ឡើយ​ ដោយ​រងចាំ​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​កាន់​តុលាការ​ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់។​ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​លើក​ចុង​ក្រោយ​ដែល​ ​VOA​ ​បាន​ទទួល​ពី​ក្រសួង​ការបរទេស​កម្ពុជា។​

VOA​ ​មិនអាច​ទាក់ទង​ ​លោក​ ​ជុំ សុន្ទរី​ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​បាន​ទេ​ ​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ។

លោក​ ស៊ុម ចាន់គា​ ​មន្រ្តី​សម្របសម្រួល​ នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ដែល​នៅ​ជាប់​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ ​បាន​ប្រាប់​VOA​ ​ថា ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែនទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ប្រទេស​ថៃ​ ​តែង​មាន​ការ​នាំ​ពីក្រុម​មេខ្យល់​ ​ដោយ​កុហក​ថា​ចូលទៅ​កាប់​ឈើ​នៅ​តំបន់​ធម្មតា។​ លោក​បន្ថែម​ថា​ ​ការ​សម្រេច​ចិត្តធ្វើ​ចំណាក​ស្រុក​ឆ្លងដែន​ខុស​ច្បាប់​ ​ដោយសារ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ជួប​ប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​ ​និង​កង្វះ​ទីផ្សារ​ការងារ​ក្នុង​ស្រុក​ ​ដែល​លោកថា​ ​រដ្ឋាភិ​បាល​ចាំបាច់​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ជាបន្ទាន់។​

លោក​ស៊ុម ចាន់គា​ ​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​បញ្ជាក់​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​

​«មិនមាន​អ្វី​ដែល​រដ្ឋាភិបាល​ពិបាក​នឹង​ធ្វើ​ទេ​ព្រោះ​ឲ្យ​តែ​មាន​ទីផ្សារ។​ ​ទី១៖​ ​ទីផ្សារ​កសិផល​របស់​គាត់ ជួយ​ប្រមែ​ប្រមូល​ទិញ​ឲ្យ​មាន​តម្លៃ​ ​ហើយ​ធានា​នូវ​តម្លៃ​ឲ្យ​គាត់​រស់បាន​ ​កុំ​ឲ្យ​យក​កសិផល​ពី​បរទេសចូល​មក​ខ្មែរ​បែរជា​ខ្មែរ​លក់​ចេញ​ទៅ​ក្រៅ​មិន​បាន ​លក់​កន្លែង​ឯង​កាន់​តែ​ថោក។​ ទី២៖​ គឺ​ទាក់​ទង​ទៅ​លើ​ទីផ្សារ​ការងារ​ ​ឲ្យ​មាន​កុំ​ឲ្យ​ខ្មែរ​យើង​ពឹង​ថា ថៃ​ជា​ទីផ្សារ​ ​ហើយ​យើង​លក់​កម្លាំង​ពលកម្ម​ទៅ​ឲ្យ​ថៃ»។​

កន្លង​មក​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ ​បាន​ឆ្លង​ដែន​ចូលទៅ​កាប់​ឈើ​ដោយ​ខុសច្បាប់​ក្នុង​ទឹក​ដី​ប្រទេសថៃ។​ ​ប្រជា​ពលរដ្ឋ​ដែល​ឆ្លង​ដែន​ដោយ​ប្រថុយ​ប្រថាន​ខុស​ច្បាប់​ ​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​បញ្ជូន​មក​កម្ពុជា​ ​ឯខ្លះ​ត្រូវ​បានចាប់​ឃុំឃាំង​ ​ឬខ្លះ​រងការ​បាញ់​ប្រហារ​បណ្តាល​ឲ្យ​របួស និង​បាត់​បង់​ជីវិត​ផង​ដែរ។​ ​របាយការណ៍​ប្រចាំ​ឆ្នាំ២០១៦​ ​របស់​ក្រសួង​មហាផ្ទៃ​ ​ដែល​ចេញ​កាលពី​ដើម​ឆ្នាំ​២០១៧​នេះ​ ​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦​ ​មាន​ករណី​ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ ​ស្លាប់​យ៉ាង​ហោច​ណាស់​ចំនួន​២​នាក់​ ​របួស​៧​នាក់​ ​និង​ចាប់ខ្លួន​ចំនួន​ ២៩៣​នាក់៕