អាជ្ញាធរថៃបានចាប់ឃាត់ខ្លួនពលករចំណាកស្រុកខ្មែរចំនួន២២៥នាក់ ហើយមួយចំនួននឹងត្រូវបញ្ជូនឡើងតុលាការដើម្បីកាត់ទោស។ នេះបើតាមការ បញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។
លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង ដែលបានផ្ញើឱ្យបណ្តាញព័ត៌មាននៅថ្ងៃពុធថា ពលរដ្ឋខ្មែរទាំងនោះជាពលករសំណង់ក្នុងស្រុកបាង ឡាមុង ខេត្តឈុន បុរី ហើយត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី២២ ខែមិថុនា។ ក្នុងចំណោមនេះមានពលករចំនួន៤០នាក់ មានបណ្ណពណ៌ស៊ីជម្ពូរតែ ធ្វើការខុសទីកន្លែង ពលករ២នាក់ មានបណ្ណអនុញ្ញាតការងារក្លែងក្លាយ និងពលករ១៨៣នាក់ពុំមានឯកសារអ្វីទាំងអស់។
លោកជុំ សុន្ទរីបានបន្ថែមថា៖
«ពលករខ្មែរ ដែលពុំមានឯកសារត្រូវបានអាជ្ញាធរថៃបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍ ដើម្បីរៀបចំបញ្ជូនត្រឡប់មកកម្ពុជាវិញ រីឯពលករដែលមានបណ្ណពណ៌ស៊ីជម្ពូរតែធ្វើការខុសកន្លែង និងមានបណ្ណអនុញ្ញាតការងារក្លែងក្លាយនឹងត្រូវបញ្ជូនឡើងតុលាការ»៕