មេដឹកនាំយោធាដ៏មានឥទ្ធិពលរបស់ថៃ កាលពីថ្ងៃពុធ បានថ្លែងប្រាប់នាយទាហានរបស់ខ្លួនថា «ការស្អប់ខ្ពើមប្រទេសនេះ» គឺជាការគំរាមកំហែងមួយដ៏ខ្លាំងក្លាជាងជំងឺកូវីដ១៩ ទៅទៀត។ លោកបានថ្លែងយ៉ាងដូច្នេះ ខណៈដែលចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងក្លាជាងមុន។
ព្រះរាជាណាចក្រថៃមានការតវ៉ាកើតឡើងស្ទើរតែរៀងរាល់ថ្ងៃអស់រយៈពេលជាងពីរសប្ដាហ៍មកហើយ ដែលភាគច្រើនបាតុករគឺជាយុវជនវ័យក្មេង ដែលមានការខឹងសម្បារនឹងរដ្ឋាភិបាលដែលគាំទ្រដោយអតីតមេយោធា លោក Prayut Chan-O-Cha។
ការសម្ដែងការមិនពេញចិត្តរបស់ពលរដ្ឋថៃវ័យក្មេងបានបង្ហាញយ៉ាងច្បាស់កាលពីយប់ថ្ងៃចន្ទ ដែលក្រុមនិស្សិតនាំគ្នាតវ៉ាដោយស្លៀកសម្លៀកបំពាក់ Harry Potter ខណៈដែលលោកដឹកនាំការពិភាក្សាមួយស្ដីពីតួនាទីរបបរាជានិយមនៅក្នុងប្រទេសថៃ៕