សកម្មជន​ថៃ​តវ៉ា​ចំពោះ​ការ​សាងសង់​ទំបន់ Xayaburi ថ្មី​នៅ​ទន្លេ​មេគង្គ

លោក Bula Tawan បាន​រាយ​មង​ចាប់​ត្រី​នៅ​តាម​ដង​ទន្លេ​មេគង្គ​នៅ​ក្បែរ​ខេត្ត Nong Khai អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មក​ហើយ។

កាល​ពី​ខែ​តុលា ឆ្នាំ​មុន ក្រុមហ៊ុន Xayaburi Power Co. Ltd. បាន​បញ្ជាក់​ថា គម្រោង​នេះ​បាន​ចំណាយ​ទឹក​ប្រាក់​ជាង ៦៤០ លាន​ដុល្លារ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​បរិស្ថាន ដូចជា​ការ​សាងសង់​កន្លែង​សម្រាប់​កករ​ឆ្លងកាត់ និង​លំហូរ​ទឹក និង​កន្លែង​ដើម្បី​ឱ្យ​ត្រី​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន។

ជាង ៤០ ឆ្នាំ​មុន​គឺ​ជា​ពេល​ដែល​លោក Bula Tawan បាន​ដាក់​រាយ​មង​ចាប់​ត្រី​នៅ​ទន្លេ​មេគង្គ​ជា​លើក​ដំបូង​របស់​លោក នៅ​ពេល​ដែល​ផ្លូវ​ទឹក​មួយ​នេះ​សម្បូរ​ទិន្នផល​ត្រី។

ប៉ុន្តែ​អ្នក​នេសាទ​ភាគច្រើន​ដូចជា​លោក Tawan ដែល​ធ្លាប់​តែ​ពឹងផ្អែក​លើ​ទិន្នផល​ត្រី​ដ៏​ច្រើន​ដើម្បី​រស់នៅ និង​ចិញ្ចឹម​គ្រួសារ​របស់​លោក មិន​អាច​រក​ត្រី​បាន​ច្រើន​ទៀត​នោះ​ទេ។

ខណៈ​ដែល​លោក​កំពុង​ក្បង់ទឹក​ដ៏​ថ្លា​នៃ​ទន្លេ​មេគង្គ ឪពុក​វ័យ ៦៦ ឆ្នាំ​ដែល​មាន​រូបរាង​ស្ដើង​រូប​នេះ​បាន​ពន្យល់​ថា «ទឹក​ និង​ពណ៌​ទន្លេ​បាន​ផ្លាស់ប្តូរ​ហើយ​ ដោយសារ​តែ​នៅ​ពេល​វា​ជា​ទឹក​ធម្មជាតិ វា​មិន​ថ្លា​អ៊ីចឹង​នោះ​ទេ។ បើ​វា​ជា​ទឹក​ធម្មជាតិ​ វា​មាន​កករ និង​ជីវជាតិ​នៅ​ក្នុង​ទឹក​នោះ»។

លោក​បាន​បន្ថែម​ថា «ទឹក​ឥឡូវ​នេះ​ថ្លា ហើយ​វា​មិន​មាន​កករ និង​ជីវជាតិ​នោះ​ទេ»។

ទស្សនៈ​របស់​រដ្ឋាភិបាល​ថៃ​ចំពោះ​បញ្ហា​នេះ​មាន​លក្ខណៈ​ខុស​ពី​នេះ​មួយ​ចំនួន។

លោក Tanaporn Sriyamoon នៃ​ការិយាល័យ​គោលនយោបាយ​ផែនការ​របស់​រដ្ឋាភិបាល​ថៃ និយាយ​ថា៖ «ការ​ប្រែប្រួល​ទឹក​ទៅ​ជា​ពណ៌​ខៀវ​នេះ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​កាន់​តែ​សប្បាយ​រីករាយ​ដោយសារ​តែ​ពណ៌​ទឹក​នេះ ហើយ​វា​កាន់​តែ​មាន​ភាព​ពេញ​និយម​នៅ​តាម​បណ្តាញ​សង្គម​តាម​អ៊ីនធឺណិត និង​ធ្វើ​ឱ្យ​អ្នក​ទេសចរ​កាន់​តែ​ច្រើន​ចង់​មក​ទស្សនា»។

ការ​ប្រែប្រួល​ទឹក

ពេល​នៃ​ការ​ប្រែប្រួល​ទឹក រួម​ជាមួយ​នឹង​ការ​ឡើង​ចុះ​ខ្លាំង​នៃ​កម្រិត​ទឹក កើត​ឡើង​ចំ​ពេល​ដែល​ទំនប់ Xayaburi របស់​រដ្ឋាភិបាល​ឡាវ​នៅ​ខាង​លើ​ត្រូវ​បាន​គេ​សាងសង់។ ទំនប់​នេះ​បាន​ចាប់​ផ្តើម​ផលិត​វារី​អគ្គិសនី​កាលពី​ខែ​តុលា ឆ្នាំ​មុន។

យោង​តាម​គេហទំព័រ Xayaburi ទំនប់​ដែល​មាន​តម្លៃ ៣ ពាន់ ៨ រយ​លាន​ដុល្លារ​នេះ​គឺ​ជា «របាំង​ទឹក​មួយ​ដែល​ច្រោះ​យក​កករ​តិច​បំផុត​បើ​ប្រៀបធៀបទៅ​នឹង​ទំនប់​ធម្មតា»។ ប៉ុន្តែ​ភស្តុតាង​ថ្មី​បង្ហាញ​ថា ការ​រាំង​ខ្ទប់​កករ និង​កាក​សំណល់​ផ្សេងៗ​យ៉ាង​ច្រើន​នៅតែ​កើត​ឡើង​នៅ​ទំបន់​នេះ។

នៅ​ពេល​នេះ បណ្តាញ​ពលរដ្ឋ​ថៃ​នៅ​ខេត្ត​ជាប់​ទន្លេ​មេគង្គ​ទាំង ៨ បាន​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​កាត់​ទោស និង​ពន្យឺត​ការ​ផលិត និង​ការ​លក់​ថាមពល​អគ្គិសនី​ទៅ​ឱ្យ​ក្រុមហ៊ុន​ថៃ ដែល​ថាមពល​អគ្គិសនី​ចំនួន ៩៥% នឹង​ត្រូវ​បាន​អាជ្ញាធរ​អគ្គិសនី​ថៃ​ទិញ​យក។

លោក Ormbun Thipsuna អ្នក​នាំពាក្យ​របស់​បណ្តាញ​នេះ​និយាយ​ថា៖ «អ្នក​ដែល​កំណត់​ពី​កម្រិត​នៃ​ការ​លក់​អគ្គិសនី​មក​ឱ្យ​ថៃ​គឺ​អាជ្ញាធរ​អគ្គិសនី​ថៃ ដូច្នេះ​វា​មាន​ផល​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ទន្លេ​មេគង្គ»។

លោក Ormbun Thipsuna និយាយ​ថា របាយការណ៍​ថ្មីៗ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ថាមពល​បង្ហាញ​ថា ប្រទេស​ថៃ​មាន​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​នៅ​ក្នុង​ប្រទេស។

កាល​ពី​ខែ​កុម្ភៈ បណ្តាញ​នេះ​បាន​ដាក់​ភស្តុតាង​ទៅ​កាន់​តុលាការ​រដ្ឋបាល​កំពូល​របស់​ថៃ​នៅ​ក្នុង​ពាក្យ​បណ្តឹង​ដែល​កំពុង​តែ​ដំណើរការ។ ពាក្យ​បណ្តឹង​នោះ​បាន​លើក​ឡើង​ពី​ទីភ្នាក់ងារ​រដ្ឋ​ថៃ​ចំនួន ៥ ដែល​រួម​មាន​អាជ្ញាធរ​អគ្គិសនី​ថៃ​ផង​ដែរ។

អាជ្ញាធរ​អគ្គិសនី​ថៃ​មិន​បាន​ឆ្លើយតប​ចំពោះ​សំណួរ​ដែល​ VOA បាន​សួរ​នោះ​ទេ។

ព្យួរ​កិច្ចសន្យា​ទិញ​ថាមពល

បន្ថែម​ពី​លើ​ភស្តុតាង​នៃ​ការ​បំផ្លាញ​បរិស្ថាន​ដែល​បង្ក​ដោយ​ទំនប់​នេះ ដើម​បណ្តឹង​ក៏​បាន​ស្នើសុំ​តុលាការ​ឱ្យ​ចេញ​ដីកា​មួយ​ដើម្បី​ព្យួរ​កិច្ចសន្យា​ទិញ​ថាមពល រហូត​ទាល់​តែ​ព័ត៌មាន​ថ្មី​អាច​ត្រូវ​បាន​ពិនិត្យ ទាក់ទង​នឹង​ផលប៉ះពាល់​របស់​ទំនប់​ទៅ​លើ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្នុង​ទន្លេ​មេគង្គ។

អ្នក​វិភាគ​ម្នាក់​យល់​ថា វិធីសាស្ត្រ​ថ្មី​របស់​បណ្តាញ​នេះ​គឺ​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា «មិន​មាន​ភាព​ចាំបាច់​ក្នុង​ការ​ទិញ​ថាមពល​អគ្គិសនី​ចេញ​ពី​ទំនប់​នៅ​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​ឡាវ​នោះ​ទេ ដោយសារ​តែ​ការ​បម្រុង​ទុក​នូវ​ថាមពល​របស់​ប្រទេស​ថៃ​ត្រូវ​បាន​កំណត់​យ៉ាង​ខ្ពស់​ក្នុង​កម្រិត​ពី ៤០% ទៅ ៥០% ខ្ពស់​ជាង​តម្រូវ​ខ្ពស់​បំផុត​របស់​ប្រទេស»។

លោក Brian Eyler ដែល​ជា​អ្នក​ជំនាញ​ផ្នែក​បញ្ហា​ឆ្លង​ប្រទេស​នៅ​ក្នុង​តំបន់​មេគង្គ និយាយ​ដូច្នេះ​ថា៖ «ប្រទេស​ជាច្រើន​មិន​មាន​ការ​កំណត់​លក្ខខណ្ឌ​តម្រូវ​ឱ្យ​មាន​ការ​បម្រុង​ទុក​បែប​នេះ​នោះ​ទេ ប៉ុន្តែ​ប្រទេស​ដែល​មាន​លក្ខខណ្ឌ​បែប​នេះ​គឺ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ឬ​មធ្យម ហើយ​បាន​កំណត់​កម្រិត​បម្រុង​ក្នុង​អត្រា​ប្រមាណ ២០% ប៉ុណ្ណោះ»។

ប៉ុន្តែ​លោក Eyler មិន​សូវ​មាន​សុទិដ្ឋនិយម​ថា​នឹង​មាន​ការ​ផ្លាស់ប្តូរ​នោះ​ទេ ដោយ​ផ្អែក​លើ​សំអាង​ខាង​លើ។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «អាជ្ញាធរ​អគ្គិសនី​ថៃ​អាច​លុបចោល ឬ​ចរចា​ឡើង​វិញ​លើ​កិច្ចសន្យា​ទិញ​ថាមពល​របស់​ខ្លួន​ជាមួយ​នឹង​ក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី Xayaburi ដើម្បី​ផ្លាស់ប្តូរ​ប្រតិបត្តិការ​នៃ​ទំនប់​វារី​អគ្គិសនី Xayaburi នេះ។ ការ​លុបចោល ឬ​ការ​ចរចា​ឡើង​វិញ​នេះ​កម្រ​នឹង​កើត​ឡើង​ណាស់​ដោយសារ​តែ​អ្នក​វិនិយោគ​នឹង​ប្រើប្រាស់​ធនធាន​ទាំង​អស់​របស់​ពួកគេ​ដើម្បី​បង្ការ​កុំ​ឱ្យ​រឿង​នេះ​កើត​ឡើង»។

បញ្ហា​ដ៏​ចម្រូងចម្រាស់​បំផុត​មួយ​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ទំនប់​នេះ​គឺ​កង្វះ​តម្លាភាព​ទាក់ទង​នឹង​របាយការណ៍​វាយតម្លៃ​លើ​ផលប៉ះពាល់​របស់​គម្រោង។

លោក Ormbun Thipsuna ពន្យល់​ដូច្នេះ​ថា៖ «យើង​មិន​អាច​ទទួល​បាន​ព័ត៌មាន និង​មិន​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស្តាប់​មតិ​សាធារណជន ដែល​ត្រូវ​បាន​រៀបចំ​ដោយ​នាយកដ្ឋាន​ធនធាន​ធម្មជាតិ​នោះ​ទេ»។

ទឹក​កាន់​តែ​តិច​សម្រាប់​ដំណាំ

សម្រាប់​កសិករ​ដូចជា​លោក Sanit Khun ដែល​ពឹងផ្អែក​លើ​ទឹក​ទន្លេ​ដើម្បី​ស្រោចស្រព​ដំណាំ​ក្នុង​រដូវ​ប្រាំង ក្តីបារម្ភ​នានា​របស់​លោក​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​ឥឡូវ​នេះ។

លោក Khun បាន​និយាយ​ថា «ទឹក​រាក់​ខ្លាំង​ណាស់ ដែល​វា​ពិបាក​នឹង​បូម​ដើម្បី​ចែកចាយ​ឱ្យ​បាន​ស្មើ​គ្នា​ទៅ​ក្នុង​ស្រែ និង​ចម្ការ​ពោត»។ ខណៈ​ពេល​ដែល​លោក​កំពុង​បង្វែរ​ម៉ាស៊ីន​បូម​ទឹក​ចេញ​ពី​បាត​ទន្លេ​ដែល​រាំងស្ងួត លោក​និយាយ​ថា ចំនួន​ទឹក​ធ្លាក់​ចុះ​ពី ១០០% មក​នៅ ៤០%។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ទឹក​គឺ​ជា​ជីវិត​របស់​យើង ដោយសារ​តែ​នៅ​ក្នុង​សហគមន៍​របស់​យើង ៨០% គឺ​ជា​តំបន់​កសិកម្ម ដែល​យើង​ត្រូវ​ដាំ​ដំណាំ​ពេញ​មួយ​ឆ្នាំ»។

នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ពី​មហន្តរាយ​គ្រោះ​រាំងស្ងួត​នៅ​ក្នុង​ខេត្ត​ចំនួន ២៣ រួម​មាន​ខេត្ត Nong Khai ដែល​ជា​ខេត្ត​នៅ​ជាប់​នឹង​ព្រំប្រទល់​ឡាវ និង​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​តែ​ទំនប់​ទឹក​ខាង​លើ​នេះ។

កាល​ពី​ខែ​តុលា ឆ្នាំ​មុន ក្រុមហ៊ុន Xayaburi Power Co. Ltd. បាន​បញ្ជាក់​ថា គម្រោង​នេះ​បាន​ចំណាយ​ទឹក​ប្រាក់​ជាង ១៩ ពាន់ ៤ រយ​លាន​បាត ដែល​ស្មើ​នឹង ៦៤០ លាន​ដុល្លារ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​បរិស្ថាន ដូចជា​ការ​សាងសង់​កន្លែង​សម្រាប់​កករ​ឆ្លងកាត់ និង​លំហូរ​ទឹក និង​កន្លែង​ដើម្បី​ឱ្យ​ត្រី​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន។

លោក Apinan Uttama ដែល​ជា​មេ​ភូមិ និយាយ​ថា ការ​ផ្លាស់ប្តូរ​កម្រិត​ទឹក​អាច​ដោះស្រាយ​បាន​តែ​តាម​រយៈ​ការ​សហការ​ក្នុង​ចំណោម​ប្រទេស​រង​ផលប៉ះពាល់​ប៉ុណ្ណោះ ជាពិសេស​ក្នុង​រដូវ​ប្រាំង ដែល​កាន់តែ​ក្តៅ​ខ្លាំង​ទៅៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

មេភូមិ​វ័យ ៥២ ឆ្នាំ​រូប​នេះ មាន​កំណើត​នៅ​ភូមិ​ជាប់​ទន្លេ​ឈ្មោះ​ថា Ban Maw។ លោក​បាន​និយាយ​ថា៖ «យើង​ត្រូវ​រក​មធ្យោបាយ​ដើម្បី​អាច​រស់​ជាមួយ​គ្នា​បាន ដោយសារ​តែ​ឥឡូវ​នេះ អ្នក​ភូមិ​មិន​មាន​ជម្រើស​ផ្សេង​នោះ​ទេ និង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ដែរ»។

លោកUttama បាន​និយាយ​ថា៖ «យើង​អាច​បាន​តែ​ស្នើសុំ​ការ​ជួយ​ពី​រដ្ឋាភិបាល​ដើម្បី​យក​គំនិត​របស់​យើង​ទៅ​និយាយ​ជាមួយ​នឹង​ស្ថាប័ន​នានា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ទំនប់​វារី​អគ្គិសនី និង​ចរចា​រវាង​ប្រទេស​ទាំង​នោះ»។

អ្នក​តំណាង​នៃ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ថៃ​និយាយ​ថា ពួកគេ​នឹង​ជួប​ជាមួយ​នឹង​បណ្តាញ​ពលរដ្ឋ​ថៃ​នៅ​ខេត្ត​ជាប់​ទន្លេ​មេគង្គ​ទាំង ៨ នៅ​ក្នុង​ខេត្ត Nong Khai នៅ​ខែ​មេសា​នេះ ដើម្បី​វាយតម្លៃ​លើ​ស្ថានភាព​នេះ។

លោក Tanaporn Sriyamoon បាន​និយាយ​ថា៖ «ឥឡូវ​នេះ​រដ្ឋាភិបាល​បាន​បញ្ជូន​បញ្ហា​នេះ​ទៅ​កាន់​ការិយាល័យ​គោលនយោបាយ​ផែនការ​រួច​ហើយ​ដើម្បី​សិក្សា និង​ចុះ​ទៅ​ទីតាំង និង​ធ្វើ​របាយការណ៍​ពេញលេញ​មួយ​ដើម្បី​ដាក់​ជូន​ដោយ​ផ្ទាល់​ទៅ​ឱ្យ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។ ឥឡូវ​នេះ​យើង​បាន​បង្កើត​ក្រុម​ការងារ​ដើម្បី​ធ្វើ​ការ​លើ​បញ្ហា​ទន្លេ​មេគង្គ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​រៀប​ផែនការ​ស្តារ​ទន្លេ​មេគង្គ​ឡើង​វិញ»៕