ភរិយារបស់អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ទទូចឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន ដើម្បីអាចបានទទួលការព្យាបាលជំងឺបេះដូង និងជំងឺប្រចាំកាយផ្សេងទៀតឱ្យបានដិតដល់ អំឡុងពេលការជំនុំជម្រះសំណុំរឿងចេញសែកអត់សាច់ប្រាក់ដ៏ចម្រូងចម្រាសនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ។
ការស្នើសុំរបស់អ្នកស្រី ថាច់ សុខបូរ៉ានី ធ្វើឡើងក្រោយតុលាការក្រុងភ្នំពេញ បានសម្រេចផ្អាកសវនាការរបស់លោក ថាច់ សេដ្ឋា ដោយសារសុខភាពរបស់អនុប្រធានគណបក្សជំទាស់រូបនោះមានសភាពធ្ងន់ធ្ងរ ខណៈមេធាវីការពារក្តីលោក ថាច់ សេដ្ឋា ថា តុលាការក៏តម្រូវឱ្យភាគីទាំងសងខាងដាក់ភស្តុតាងបន្ថែម។
អ្នកស្រី ថាច់ សុខបូរ៉ានី ប្រាប់អ្នកសារព័ត៌មាន ក្រោយការផ្អាកសវនាការកាលពីព្រឹកថ្ងៃពុធថា សុខភាពស្វាមីរបស់អ្នកស្រី គឺលោក ថាច់ សេដ្ឋា កាន់តែមានសភាពទ្រុឌទ្រោមខ្លាំង ព្រោះលោកមានជំងឺច្រើនដូចជាខ្លាញ់រុំបេះដូង លើសឈាម ឡើងជាតិស្ករ ឡើងជាតិអាស៊ីត ដែលធ្វើឱ្យក្រុមគ្រួសារព្រួយបារម្ភកាន់តែខ្លាំង។
អ្នកស្រីថ្លែងថា៖ «ឃើញជាក់ស្តែងព្រឹកមិញអ៊ីចឹង។ ដូចថាតុលាការ [ពេលបើកសវនាការ] សារក្រោយហ្នឹងឱ្យយោគយល់ ហើយមើលការណ៍ ជាក់ស្តែង [បញ្ហាសុខភាព] ឱ្យគាត់បានមកក្រៅឃុំ បានឆែក[ពិនិត្យ]សុខភាព ហើយនិងថែសុខភាពខ្លួនគាត់»។
បើតាមអ្នកស្រី ថាច់ សុខបូរ៉ានី ស្វាមីរបស់អ្នកស្រី ក្រៅពីមានតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន គាត់ក៏មានតួនាទីជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងមានគ្រួសារត្រូវមើលថែ ដូច្នេះអ្នកស្រីជឿថា ស្វាមីរបស់អ្នកស្រី នឹងមិនរត់គេចខ្លួនទៅណានោះទេ ប្រសិនបើតុលាការដោះលែងឱ្យស្ថិតនៅក្រៅឃុំនោះ។
លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ដាក់ក្នុងពន្ធនាគារកាលពីខែមករា ឆ្នាំ២០២៣ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា តុលាការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុនរិនឆាយ ផនសប (Rin Chhay Pawn Shop) ដែលប្តឹងអ្នកនយោបាយជំទាស់រូបនោះ ពីរឿងចេញសែកគ្មានសាច់ប្រាក់ចំនួន៥សន្លឹក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ថាច់ សេដ្ឋា កំពុងត្រូវបានដាក់ស្ថិតនៅក្រោមការពិនិត្យពីបទ«មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ តាមច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សង។ លោកក៏រងការចោទប្រកាន់ផ្សេងទៀតនៅតុលាការផងដែរ។
ក្នុងសំណុំរឿងចេញសែកអត់សាច់ប្រាក់នេះ ភរិយារបស់លោក ថាច់ សេដ្ឋា យល់ថា ជារឿងមិនពិត ព្រោះលោក ថាច់ សេដ្ឋា បានប្រាប់តុលាការថា គាត់មិនបានចេញសែកឱ្យក្រុមហ៊ុនរិនឆាយផនសប តាំងពីមុនឆ្នាំ២០១៦ មកម្ល៉េះ ដូច្នេះការចេញសែកក្រោយឆ្នាំ២០១៦ មិនមែនជារបស់គាត់នោះទេ។
អ្នកស្រី ថាច់ សុខបូរ៉ានី ថា៖ «ហើយគាត់ទទួលស្គាល់ថា ចេញ[សែកឱ្យក្រុមហ៊ុនរិនឆាយ ផនស៊ប]មែន ប៉ុន្តែតាំងពីមុនឆ្នាំ២០១៦។ ប៉ុន្តែ សែក[ស្អុយ]ហ្នឹងចេញ២០១៩ [និង]២០១៧ គាត់ថា គាត់មិនបានចេញទេ។ គាត់នៅអះអាងថា គាត់អត់បានចេញ[សែកស្អុយនោះទេ]»។
សហមេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន ប្រាប់អ្នកសារព័ត៌មានថា សវនាការលើកនេះ ខុសពីសវនាការ«សុំនៅក្រៅឃុំ»លើកមុន ដែលចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធរួចហើយកាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ។ សវនាការលើកនេះ គឺជាសវនាការជំនុំជម្រះថា លោក ថាច់ សេដ្ឋា មានទោស ឬគ្មានទោសក្នុងសំណុំរឿងចេញសែកអត់ប្រាក់នោះ។
បើតាមលោកមេធាវីរូបនេះ តុលាការបានសម្រេចផ្អាក និងលើកពេលសវនាការទៅពេលក្រោយបន្ត ទៀត ដោយសារលោក ថាច់ សេដ្ឋា មានបញ្ហាសុខភាព ហើយតុលាការប្រាប់ភាគីទាំងសងខាងឱ្យដាក់ភស្តុតាងបន្ថែម។
លោកថ្លែងថា៖ «យោងតាមស្ថានភាព សុខភាពរបស់កូនក្តីខ្ញុំផ្ទាល់ អ៊ីចឹងលើកពេលបន្តនីតិវិធីទៅពេលថ្ងៃមួយទៀត ប៉ុន្តែស្នើឱ្យភាគីទាំងសងខាងព្យាយាមដាក់ភស្តុតាងបន្ថែម។ ភស្តុតាងទាំងអស់សុទ្ធតែជាភស្តុតាងដែលពិនិត្យមើលទៅមិនទាន់មានភាពច្បាស់លាស់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនរិនឆាយ ផនសប បាននៅឡើយទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ថ្លែងថា ការឃុំខ្លួនលោក ថាច់ សេដ្ឋា ត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិរិះគន់ថាពាក់ព័ន្ធនយោបាយច្រើនជាងការអនុវត្តច្បាប់ ដោយហេតុថាការចាប់ខ្លួនលោក ថាច់ សេដ្ឋា កើតឡើងស្របពេលគណបក្សភ្លើងទៀន ចាប់ផ្តើមសកម្មភាពឡើងវិញ ហើយលោកក៏ជាមេដឹកនាំនយោបាយជំទាស់ដែលមានប្រជាប្រិយមួយរូបផងដែរ។
ដូច្នេះលោកថា ក្នុងដំណាក់កាលជំនុំជម្រះនេះ តុលាការគួរតែពិនិត្យ ដោយដាក់លោក ថាច់ សេដ្ឋា ឱ្យស្ថិតនៅក្រៅឃុំណ្តោះអាសន្ន ដើម្បីព្យាបាលជំងឺ ព្រោះសំណុំរឿងនេះផុតដំណាក់កាលស៊ើបអង្កេតហើយ។
លោកប្រាប់វីអូអេថា៖ «ប៉ុន្តែឥឡូវនៅដំណាក់កាលនៃចៅក្រមជំនុំជម្រះ អ៊ីចឹងការឃុំខ្លួនបណ្តោះអាសន្នក៏វាមិនមែនជារឿងចាំបាច់តទៅទៀតដែរ។ អ៊ីចឹងតុលាការគួរតែពិនិត្យពិចារណាសម្រាប់ការនៅក្រៅឃុំណ្តោះអាសន្ន ក្នុងការទទួលបានការពិនិត្យ និងការព្យាបាលខ្លួន ប្រសិនបើលោក ថាច់ សេដ្ឋា មានជំងឺប្រចាំកាយ ហើយដោយភ្ជាប់លក្ខខណ្ឌផ្សេងៗ ជាពិសេសគឺការចូលរួមគ្រប់ដំណាក់កាលនៃនីតិវីធីរបស់តុលាការ»។
ក្រៅពីសំណុំរឿងចេញសែកអត់សាច់ប្រាក់នោះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានចោទប្រកាន់លោក ថាច់ សេដ្ឋា ក្នុងករណីព្រហ្មទណ្ឌផ្សេងទៀតពីបទ«ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ញុះញង់ឱ្យមានការរើសអើង» ពាក់ព័ន្ធនឹងការនិយាយអំពីនយោបាយ និងប្រវត្តិសាស្ត្រប្រទេសកម្ពុជាជាមួយពលករនៅប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០២៣។
បើតាមមេធាវី លោក ថាច់ សេដ្ឋា បាននិយាយអំពីប្រវត្តិសាស្រ្តថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃ «យួនឈ្លានពាន» ការសង់ស្តូបមិត្តភាពកម្ពុជាវៀតណាម ធ្វើឱ្យ«បែកបាក់ជាតិ» និងនិយាយអំពីប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជា៕