សហគមន៍ Santa Feរដ្ឋតិចសាសកំពុងចាប់ផ្តើមរកមធ្យោបាយដោះស្រាយការបាញ់ប្រហារដ៏ធំមួយដែលបានផ្តាច់ផ្តិលជីវិតមនុស្សចំនួន១០នាក់ ភាគច្រើនជាកូនសិស្សនៅវិទ្យាល័យក្នុងតំបន់នោះ។
លោក Randy Weber សមាជិកសភាតំណាងរាស្រ្តដែលតំណាងឲ្យស្រុកនោះដែលនៅទីនោះការបាញ់ប្រហារបានកើតមានឡើងបានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃសៅរ៍ថា «យើងនឹងរួបរួមគ្នា។ យើងនឹងស្រឡាញ់គ្នា។ យើងនឹងធ្វើការជាមួយគ្នា»។
មន្រ្តីរដ្ឋតិចសាសបានចោទប្រកាន់យុវជនអាយុ១៧ឆ្នាំម្នាក់ថាជាឃាតករដែលអាចទទួលទោសប្រហារជីវិតបន្ទាប់ពីការបាញ់ប្រហារដ៏ប្រល័យនៅវិទ្យាល័យ Santa Fe។
សិស្សបាននិយាយថា ខ្មាន់កាំភ្លើងដែលត្រូវបានភ្នាក់ងារពង្រឹងច្បាប់កំណត់ អត្តសញ្ញាថា Dimitrios Pagourtzis ជាសិស្សវិទ្យាល័យបានបើកការបាញ់ប្រហារមុនម៉ោង៨ព្រឹកកាលពីថ្ងៃសុក្រនៅឯវិទ្យាល័យ Santa Fe។
លោក Greg Abbott អភិបាលរដ្ឋតិចសាសបាននិយាយថា ប៉ូលិសបានរកឃើញគ្រឿងផ្ទុះ រួមមានគ្រាប់បែកភ្លើងនៅផ្ទះរបស់ជនសង្ស័យបាញ់ប្រហារហើយនឹងរថយន្តមួយគ្រឿងនៅជិតវិទ្យាល័យដែលនៅទីនោះការបាញ់ប្រហារកើតមានឡើង។
លោក Abbot បាននិយាយទៀតថា ជនសង្ស័យដែលស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិសបានដិសេធសិទ្ធិរក្សាការស្ងៀមស្ងាត់ ដែលកាលពីដំបូងមានបំណងធ្វើអត្តឃាតបន្ទាប់ពីការបាញ់ប្រហារ ក៏ប៉ុន្តែ បានប្រាប់ភ្នាក់ងារពង្រឹងច្បាប់បន្ទាប់ពីការចាប់ខ្លួនថា ខ្លួនមិនមានសេចក្តីក្លាហានដើម្បីសម្លាប់ខ្លួនឯងទេ៕