ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ហុងកុង​បណ្តាល​ឲ្យ​មាន​ការ​បោះឆ្នោត

អ្នក​គាំទ្រ​រដ្ឋភិបាល​ក្រុង​ប៉េកាំង (រូប​ស្តាំ)​ ប៉ះទង្គិច​ជាមួយ​នឹង​អ្នក​តវ៉ា​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កំឡុង​ពេល​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ​ដើម្បី​ផ្សព្វផ្សាយ​កំណែ​ទម្រង់​ការ​បោះឆ្នោត​នៅ​ហុងកុង​ កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។

នៅ​ក្នុង​ក្រុង​ហុងកុង ​ភាព​តានតឹង​នយោបាយ​នៅ​បន្ត​កើត​មាន​ជា​ហូរហែ​ ខណៈ​ដែល​តំណាងរាស្រ្ត​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​ប្តេជ្ញាបោះឆ្នោត​វេតូ (Veto) ប្រឆាំង​នឹងផែនការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រាប់​កំណែ​ទម្រង់​ការ​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង​នេះ។

សកម្មជន​ប្រជាធិបតេយ្យ​និយាយ​ថា​ ពួកគេ​នឹង​ព្យាយាម​ឲ្យ​មាន​ការ​គាំទ្រ​នយោបាយ​សម្រាប់​ក្រុង​ហុងកុង​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត ដើម្បី​ធ្វើ​ការ​អប់រំ​ពលរដ្ឋ​ និង​បង្កើត​ការ​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដោយ​ផ្ទាល់​របស់​ក្រុង​នេះ។

កាលពី​ឆ្នាំ​ទៅ សកម្មជន​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​បិទ​ផ្នែក​មួយ​ចំនួន​នៃ​ទីក្រុង​អស់​រយៈ​ពេល​ជាច្រើន​ខែ​ដោយសារ​អ្វី​ដែល​គេ​ហៅ​ថា​ «បដិវត្តន៍​ឆ័ត្រ» (Umbrella Revolution)។ អ្នក​តវ៉ា​បាន​ប្រឆាំង​ទៅ​នឹង​ផែនការ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​ផែនការ​នេះ​មិន​ស្រប​តាម​បំណង​របស់​ពួកគេ​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ក្រុង​ដោយ​ផ្ទាល់។

នៅ​ដើម​ឆ្នាំ​នេះ រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​បង្ហាញ​ពី​ផែនការ​សម្រាប់​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដែល​ស្ទើរ​តែ​ដូច​គ្នា​បេះ​ដាក់​នឹង​ផែនការ​ដែល​លើកឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ផែនការ​នេះ​អនុញ្ញាតិ្ត​ឲ្យ​មាន​ការ​បោះឆ្នោត​សម្រាប់​មេដឹកនាំ​ក្រុង​នេះ ប៉ុន្តែ​ពី​បេក្ខជន​ដែល​ជ្រើសរើស​ដោយ​គណៈកម្មាការ​មួយ​ដែល​ត្រូវ​បានជ្រោមជ្រែង​ពី​អ្នក​ដែល​ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាល​កណ្តាល​របស់​ចិន។​

Emily Lau ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ហុងកុង (Hong Kong's Democracy Party) និយាយ​ថា​ លោកស្រី និង​តំណាងរាស្រ្ត​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដទៃ​ទៀត​នឹង​មិន​អនុញ្ញាតិ្ត​ឲ្យ​កំណែ​ទម្រង់​នេះ​ចូរ​ជា​ធរមាន​នោះ​ទេ។

«ខ្ញុំ​គិត​ថា​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ហុងកុង​មិន​ល្អ​គ្រប់គ្រាន់​នោះ​ទេ។ វា​មិន​បំពេញ​តម្រូវការ​មូលដ្ឋាន​សំខាន់ៗ​នៃ​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ដូច្នេះ យើង​នឹង​បោះ​ឆ្នោត​ប្រឆាំង​នឹង​សំណើ​នេះ។ ខ្ញុំ​គិត​ថា​អ្នក​តាក់តែង​ច្បាប់​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ច្រើន​នៅ​ក្នុង​ក្រុមប្រឹក្សា​ច្បាប់​នឹង​បោះឆ្នោត​ប្រឆាំង​នឹង​សំណើ​នេះ»។

បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ហុងកុង​បង្ហាញ​ពី​ផែនការ​កំណែ​ទម្រង់​របស់​ខ្លួន ក្រុម​អ្នក​តាក់តែង​ច្បាប់​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ដើរ​ចេញ​ពី​អគារ​សភា​របស់​ក្រុង​ ដោយ​ភាគ​ច្រើន​បាន​ពាក់​អាវ​យឺត​ពណ៌​ខ្មៅ​ និង​សញ្ញា​ខ្វែង​ពណ៌​លឿង​នៅ​ក្នុង​ការ​តវ៉ា​នឹង​សំណើ​របស់​រដ្ឋាភិបាល។

គេ​ត្រូវ​ការ​អ្នក​តាក់តែង​ច្បាប់​ចំនួន​២ភាគ៣​ដើម្បីត្រូវ​អនុម័ត​ផែនការ​នេះ​ ហើយ​ខណៈ​ដែល​ផែនការ​នេះ​ស្ថិត​នៅ​តែ​មិន​អាច​ចូល​ជា​ធរមាន​បាន​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​ហុងកុង​ត្រូវ​តែ​បញ្ចុះបញ្ចូល​អ្នក​តាក់​តែង​ច្បាប់​៤នាក់​ឲ្យ​ផ្លាស់​ប្តូរ​គំនិត​របស់​ពួកគេ​ឲ្យ​គាំទ្រ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ឲ្យ​ទៅ​ជា​ច្បាប់។

ដោយ​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ចហ្វាយ​ក្រុង​ហុងកុង​ C.Y. Leung បាន​ចុះ​ផ្សាយ​ការ​ព្រមាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង។

លោក​បាន​និយាយ​ថា​ «ការ​ផ្តួចផ្តើម​ដំណើរ​ការ​កំណែ​ទម្រង់​នយោបាយ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ប្រសិន​បើ​សំណើ​នេះ​ត្រូវ​បាន​គេ​បដិសេធ វា​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ទៀត​ទើប​អាច​មាន​ឱកាស​ម្តង​ទៀត»។

ប៉ុន្តែ​ប្រជាពលរដ្ឋ​ហុងកុង​ជាច្រើន​ ជាពិសេស​យុវជន​ និយាយ​ថា​ ប្រសិន​បើ​ផែនការ​កំណែ​ទម្រង់​នឹង​ត្រូវ​ចូល​ជា​ធរមាន​ វា​នឹង​ជា​ការ​វិល​ថយ​ក្រោយ​មួយ​សម្រាប់​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។

«ខ្ញុំ​គិត​ថា​ទិដ្ឋភាព​ដ៏​ល្អ​បំផុត​ គឺ​ផែនការ​នោះ​នឹង​ត្រូវ​បាន​គេ​បដិសេធ​ ដើម្បី​បង្ហាញ​ថា​មនុស្ស​នៅ​ក្រុង​ហុងកុង​នឹង​មិន​ត្រូវ​គេ​បោក​បញ្ឆោត​ដោយ​សំណើ​ក្លែងក្លាយ​ និង​កំណែ​ទម្រង់​ក្លែងក្លាយ»។

ចលនាគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​បែកបាក់​ចាប់តាំងពី​ការ​តវ៉ា​ទាំង​នេះ​បាន​ទាក់ទាញ​បាតុករ​រាប់រយពាន់​នាក់​ឲ្យ​មក​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​កាលពី​ឆ្នាំ​មុន។ និស្សិត​ជាច្រើន​បាន​ជ្រើសរើស​ចាកចេញ​ពី​សហព័ន្ធ​និស្សិត​ហុងកុង (Hong Kong's Federation of Students) ដែល​ជា​អ្នក​រៀបចំ​មួយ​ក្នុង​ចំណោម​អ្នក​រៀបចំ​សំខាន់ៗ​ ដែល​បាន​រៀបចំ​បាតុកម្ម​ទាំង​នេះ ដោយសារ​តែ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​អំពី​ទិស​ដៅ​នៃ​ចលនា​នេះ។ និស្សិត​មួយ​ចំនួន​និយាយ​ថា​ ពួកគេ​ពេញ​ចិត្ត​សកម្មភាព​ដែល​មាន​ភាព​ខ្លាំង​ក្លា​ជាង​នេះ ហើយ​បាន​រៀបចំ​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ព្រំប្រទល់​ហុងកុង​ជាមួយ​នឹង​ចិន​ដី​គោក ដោយ​ហ៊ុំព័ទ្ធ​អ្នក​ទេសចរ​ និង​អ្នក​ដើរ​ទិញ​ឥវ៉ាន់​ចិន​ដី​គោក ​និង​មាន​ការ​ស្រែក​ដោយ​ប្រើ​ពាក្យ​ដែល​ប្រកាន់​ពូជសាសន៍ និង​គម្រាមកំហែង។

ប៉ុន្តែ​ទោះ​បី​ជា​ ចលនា​និស្សិត​សម្រាប់​ប្រជាធិបតេយ្យ​អាច​នឹង​បំបែក​ដោយសារ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ក៏​ដោយ បើ​មើល​ជា​រួម​ចលនា​នេះហាក់​ដូចជា​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ក្នុង​ចំណោម​ពលរដ្ឋ​ហុងកុង។

នៅ​ក្នុង​ការ​ស្ទាប​ស្ទង់​មតិ​ទៅ​លើ​ពលរដ្ឋ​ក្រុង​ហុងកុង​តិច​ជាង​ពាក់​កណ្តាល​និយាយ​ថា​ ពួកគេ​គាំទ្រ​ផែនការ​របស់​រដ្ឋាភិបាល​សម្រាប់​កំណែ​ទម្រង់​នៅ​ក្នុង​ទីក្រុង​នេះ។ សំណើ​នោះមាន​ប្រជាប្រិយភាព​តិចតួច​បំផុត​ក្នុង​ចំណោម​យុវជន​ដែល​មាន​ការ​អប់រំ​ខ្ពស់​នៅហុងកុង។ ៥៥ភាគរយ​នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិ​ជាមួយ​ចំណេះដឹង​អប់រំ​ថ្នាក់សាកលវិទ្យាល័យ​ ឬ​ខ្ពស់​ជាង​នេះ​បាន​ប្រឆាំង​នឹង​សំណើ​នោះ​ ខណៈ​ដែល​៦៣ភាគរយ​នៃ​អ្នក​ដែល​មាន​អាយុ​ពី​១៨ឆ្នាំ​ទៅ​២៩ឆ្នាំ​ក៏​បាន​ប្រឆាំង​នឹង​សំណើ​នោះ​ផង​ដែរ។

​ទោះ​បី​ជាគ្មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ណា​មួយ​ប្រឆាំង​នឹង​សំណើ​នោះ​ត្រូវ​បាន​គ្រោង​ទុក​ក៏​ដោយ លោក Joseph Cheung សាស្រា្តចារ្យ​នៅ​សាកលវិទ្យាល័យ City University of Hong Kong និយាយ​ថា ការ​តវ៉ា​អាច​នឹង​ចាប់​ផ្តើម​ម្តង​ទៀត​ ប្រសិន​បើ​អ្នក​តាក់តែង​ច្បាប់​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ផ្លាស់​ប្តូរ​ជំហរ​ ហើយ​សំណើ​កំណែ​ទម្រង់​បាន​ចូល​ជា​ធរមាន។

«ប្រសិន​បើ​អ្នក​តាក់​តែង​ច្បាប់​មួយ​ចំនួន​ទទួល​រង​សម្ពាធ​ឲ្យ​ផ្លាស់ប្តូរ​ជំហរ​របស់​ពួកគេ​ ហើយ​ឲ្យ​គាំទ្រ​សេចក្តី​ព្រាង​កំណែ​ទម្រង់​នយោបាយ គេ​រំពឹង​ថា​នឹង​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុម​និស្សិត​ជា​ទូទៅ»។

កាលពី​សបា្តហ៍​មុន ការ​បាតុកម្ម​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ទ្រង់ទ្រាយ​តូច​មួយ​នៅ​ក្នុង​តំបន់​ក្បែរ​ក្រុង​ហុងកុង​ដែល​មាន​ឈ្មោះ​ថា Mong Kok បាន​បណ្តាល​ឲ្យ​មាន​ការ​ចាប់​ខ្លួន​បាតុករ​៨នាក់។ ខ្សែ​វីដេអូ​នៅ​ក្នុង​ទូរទស្សន៍​បាន​បង្ហាញ​ពី​ការ​ដែល​ប៉ូលិល​បាន​ប្រើប្រាស់​ផ្សែង​បង្ហូរ​ទឹក​ភ្នែក និង​ដំបង​ដើម្បី​បំបែក​ក្រុម​បាតុករ​ជាច្រើន​នាក់​ដែល​ព្យាយាម​បិទ​ចរាចរណ៍៕

ប្រែ​សម្រួល​ដោយ ​ប៊ុន ប៉េងហ៊ុយ