ភាព​តានតឹង​កំពុង​កើនឡើង​ខ្លាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ជុំវិញ​ការ​ស៊ើបអង្កេត​ទម្លាក់​ប្រធានាធិបតី​និង​អំពី​ស៊ីរី

  • Jim Malone

លោក William Taylor ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ុយក្រែន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បិទ​ទ្វារ​ដើម្បី​ផ្តល់​សក្ខីកម្ម​ដល់​ការ​ស៊ើបអង្កេត​ការ​ប្តឹង​ទម្លាក់​តំណែង​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

រដ្ឋធានី​វ៉ាស៊ីនតោន​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​ធំៗ​ចំនួន​ពីរ​ក្នុង​ពេល​ថ្មីៗ​នេះ ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​និង​អំពី​ប្រទេស​ស៊ីរី។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​តែ​ព្យាយាម​រារាំង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មិន​ឲ្យ​បន្ដ​ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ទម្លាក់​លោក​ពី​តំណែង​ត​ទៅ​ទៀត បើ​ទោះ​ជា​លោក​ប្រឈម​នឹង​ការ​រិះគន់​ខ្លាំងៗ​ពី​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​មួយ​ចំនួន ចំពោះ​ការ​សម្រេចចិត្ត​របស់​លោក​ក្នុង​ការ​ដក​កងកម្លាំង​របស់​អាមេរិក​ចេញ​ពី​ប្រទេស​ស៊ីរី។ លោក ត្រាំ ស៊ាំ​ទៅ​នឹង​ភាព​វឹកវរ​ក្នុង​នយោបាយ​ទៅ​ហើយ ប៉ុន្តែ​វិបត្តិ​លើក​នេះ​មាន​កម្រិត​ធ្ងន់ធ្ងរ​ណាស់។

នៅ​សេតវិមាន លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​តែ​ការពារ​ចំណាត់ការ​របស់​លោក​ចំពោះ​ការ​ដក​កងកម្លាំង​របស់​អាមេរិក​ចេញ​ពី​ប្រទេស ស៊ីរី។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​សេតវិមាន កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា៖

«តាម​ពិត យើង​ត្រូវ​នៅ​ទីនោះ​តែរយៈពេល​៣០​ថ្ងៃ​ប៉ុណ្ណោះ។ ប៉ុន្តែ​យើង​បាន​នៅ​ទីនោះ​អស់​រយៈពេល​១០​ឆ្នាំ​ហើយ។ ដល់​ពេល​ដែល​យើង​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ។ យើង​មិនមែន​ជា​ប៉ូលិស​ទេ។ ដល់​ពេល​ដែល​យើង​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ»។

លោក ត្រាំ កំពុង​តែ​រវល់​ការពារ​ខ្លួន​ពី​ការ​ស៊ើបអង្កេត​ចោទប្រកាន់​ទម្លាក់លោក​ពី​តំណែង​ ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋ​សភា​រួច​ទៅ​ហើយ ដោយសារ​តែ​លោក​ស្នើ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើបអង្កេត​លើ​លោក Joe Biden ដែល​ជា​គូ​ប្រជែង​ខាង​នយោបាយ​របស់​លោក។ ​

លោក ត្រាំ មាន​ប្រសាសន៍​ថា៖

«ស៊ើបអង្កេត​ទម្លាក់​ពី​តំណែង! ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​នឹង​មើល​ឃើញ​ឬ​ស្ដាប់​ឮ​ពាក្យ​នេះ​ពាក់ព័ន្ធ​នឹង​ខ្ញុំ​នោះ​ទេ។ ​ស៊ើបអង្កេត​ទម្លាក់​ពី​តំណែង! ខ្ញុំ​បាន​និយាយ​កាល​ពី​ថ្ងៃ​មុន​ថា វា​ជា​ពាក្យ​ដ៏​អាក្រក់​មួយ។ សម្រាប់​ខ្ញុំ​ វា​គឺ​ជា​ពាក្យ​ដ៏​អាក្រក់​មួយ»។

ជាមួយ​នឹង​ការ​ស៊ើបអង្កេត​ទម្លាក់​ពី​តំណែង​ដែល​កំពុង​ដំណើរការ​ស្រាប់​ទៅ​ហើយ ភាពតានតឹង​កើនឡើង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឯ​សេតវិមាន​ ពាក់ព័ន្ធ​នឹង​ប្រទេស ស៊ីរី។ សមាជិក​រដ្ឋសភា​អាមេរិក លោក Steny Hoyer ក៏​មាន​ការ​ខឹង​សម្បា​ផង​ដែរ។

លោក Steny Hoyer អញ្ជើញ​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​ នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

លោក Steny Hoyer សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា៖

«ខ្ញុំ​បាន​បម្រើការ​ឲ្យ​ប្រធានាធិបតី​ចំនួន​៦​នាក់​រួច​មក​ហើយ។ ខ្ញុំ​ធ្លាប់​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាច្រើន​របៀប​នេះ។ ​ខ្ញុំ​មិន​ដែល​ឃើញ​ប្រធានាធិបតី​ណា ប្រមាថ​ស្ថាប័ន​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​មាន​អំណាច​ស្មើគ្នា​យ៉ាង​ដូច្នេះ​ទេ»។

សម្ពាធ​នយោបាយ​ទៅ​លើ​ប្រធានាធិបតី​ជុំវិញ​ការ​ស៊ើបអង្កេត​ទម្លាក់​ពី​តំណែង​ទំនងដូចជា​កើន​ឡើង។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក John Fortier ដែល​ជា​អ្នក​វិភាគ​មួយ​រូប។

លោក John Fortier នៃ​មជ្ឈមណ្ឌល​សម្រាប់​គោលនយោបាយ​ទ្វេ​គណបក្ស​បាន​ថ្លែង​ថា៖

«ការ​ដក​ប្រធានាធិបតី​ចេញ​ពី​តំណែង​ និង​កិត្តិយស​របស់​ប្រធានាធិបតី​បន្ទាប់​ពី​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​គឺ​ជា​អ្វី​ដែល​លោក​ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់។ ប៉ុន្តែ​បើ​ពិនិត្យ​មើល​ទៅ​លើ​របៀប​ដែល​សេតវិមាន​ប្រតិកម្ម​តប​វិញ ខ្ញុំ​គិត​ថា សេតវិមាន​មាន​វិធីសាស្ត្រ​ស្រដៀង​គ្នា​ក្នុង​ការ​តបត​នឹង​រាល់​ការ​ចោទប្រកាន់​នានា ហើយ​សេតវិមាន​ក៏​មិន​ព្រម​ចុះចាញ់​នោះ​ដែរ។ សេតវិមាន​នឹង​ក្រោក​ឈរឡើង ហើយ​ព្យាយាម​តបត​វិញ។ នេះ​គឺ​ជា​អ្វី​ដែល​យើង​បាន​ឃើញ​កន្លង​មក»។

ភាគី​ទាំង​ពីរ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ កំពុង​តែ​តាមដាន​ទស្សនៈ​របស់​សាធារណជន​យ៉ាង​ជិតដិត។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក William Galston នៃ​វិទ្យាស្ថាន Brookings។

លោក William Galston បាន​លើកឡើង​ថា៖

«សមាជិក​គណបក្ស​សាធារណរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​យ៉ាង​ខ្លាំង​ មិន​ត្រូវ​ឲ្យ​គេ​មើលឃើញ​ថា កំពុង​តែ​ការពារ​អ្នក​ដែល​មិន​អាច​ការពារ​ខ្លួន​ឯង​បាន​នោះ​ទេ។ ប្រសិន​បើ​គណបក្ស​សាធារណរដ្ឋ​កាន់​ជើង​ប្រធានាធិបតី ដោយ​បដិសេធ​ថា លោក​ប្រធានាធិបតី​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ ខ្ញុំ​គិត​ថា ពួកគេ​នឹង​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​អាមេរិកាំង»។

លោក ត្រាំ មាន​មោទនភាព​នឹង​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នក​រារាំង​នយោបាយ​តាំង​តែ​ពី​ដើម​មក ហើយ​អាច​នឹង​មាន​រឿង​ជាច្រើន​ទៀត​កើតឡើង នៅ​ពេល​ដែល​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ដើម្បី​ទម្លាក់​លោក​ពី​តំណែង​ត្រូវ​បាន​លាតត្រដាង​នោះ។ នេះ​បើយោង​តាម​សម្ដី​របស់​លោកស្រី Barbara Ann Perry ប្រវត្តិវិទូ​នៃ​សាកលវិទ្យាល័យ Virginia។

លោកស្រី Barbara Ann Perry បាន​ថ្លែង​ថា៖

«មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ លោក​បាន​និយាយ​វាយប្រហារ​និង​បាន​បំពាន​ទៅ​នឹង​វិធាន​ទាំងអស់ ក៏​ដូចជា​បំពាន​ទៅ​នឹង​ទម្លាប់​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​ទាំង​៤៤​នាក់​កាល​ពី​មុន​ធ្លាប់​ធ្វើ។ ដូច្នេះ​ខ្ញុំ​គិត​ថា សម្រាប់​ប្រធានាធិបតី​រូប​នេះ គ្មាន​អ្វី​ដែល​លោក​មិន​អាច​ធ្វើ​បាន​នោះ​ទេ។

មិន​ថា​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ទម្លាក់​ពី​តំណែង​ចេញ​មក​យ៉ាង​ណា​នោះ​ទេ ច្បាស់​ណាស់​នឹង​មាន​បែកបាក់​គ្នា​កាន់​តែ​ខ្លាំង។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក Thomas Schwartz។

លោក Thomas Schwartz និយាយ​ថា៖

«វា​ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ​បែកខ្ញែក​គ្នា​កាន់​តែ​ខ្លាំង។ ខ្ញុំ​គិត​ថា សហរដ្ឋអាមេរិក​នឹង​កាន់​តែ​បែកខ្ញែក​គ្នា ស្រដៀង​នឹង​រឿង​ដែលបាន​កើតឡើង​កាល​ពី​ឆ្នាំ​១៩៩៩​និង​២០០០​ដែរ បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេត​ទម្លាក់​លោក​ប្រធានាធិបតី Clinton ចេញ​ពី​តំណែង ហើយ​ក្រោយ​មក​ មាន​ការ​បែកបាក់​គ្នា​លើ​រឿង​បោះឆ្នោត​ឆ្នាំ​២០០០»។

ហេតុការណ៍​ទាំង​អស់​នេះ​កើតឡើង ខណៈ​ដែល​ប្រទេស​នេះ​កំពុង​តែ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា